ការបង្ហាត់កុមារឲ្យមានទស្សនគតិ និងឧបនិស្ស័យក្នុងការរស់នៅឲ្យបានត្រឹមត្រូវ ទាំងរឿងការចូលក្នុងសង្គម និងចេះហាត់មើលថែសុខភាពតាំងពីអាយុនៅតិច នឹងធ្វើឲ្យរឿងល្អៗទាំងអស់នេះនៅដក់ជាប់នឹងខ្លួនគេរហូតមួយជីវិត ហើយខាងក្រោមនេះគឺជារឿងសំខាន់ៗដែលគួរបង្រៀនឲ្យកុមារប្រត្តិបត្តិជាឧបនិស្ស័យ៖
០១) ញើសសំបោរឲ្យអស់
រឹតតែបង្ហាត់ឲ្យកុមារឆាប់ចេះញើសសំបោរលឿនប៉ុនណាបញ្ហាសុខភាពរបស់ពួកគេនឹងឆាប់បានថយចុះលឿនប៉ុននោះដែរ ព្រោះច្រមុះដែលពោរពេញដោយសំបោរគឺជាផ្នែកមួយនៃបញ្ហាត្រចៀក និងរោគផ្សេងទៀតជាច្រើន។
០២) បរិភោគអាហារពេលព្រឹករាល់ថ្ងៃ
អាហារពេលព្រឹកគឺជាពេលអាហារដ៏សំខាន់បំផុត ព្រោះនឹងជួយឲ្យក្មេងគឹត និងរៀនបានកាន់តែល្អឡើង អាណាព្យាបាលគួររកនឹកអាហារពេលព្រឹកប្លែកៗថ្មីៗដើម្បីឲ្យកូនៗមានអារម្មណ៏ចង់ញ៉ាំ ដោយសាកល្បងប្តូរពី បាយសាច់ជ្រូក មកជានំសាំងវិច ឬនំប៊ើហ្គ៊ើជាដើម ។
០៣) ការពារស្បែករបស់ខ្លួនឯង
អ្នកដែលកើតរោគមហារីកស្បែកភាគច្រើនៗកើតដោយសាការហាលកំដៅថ្ងៃដែលសន្សំបន្តិចម្តងៗតាំងពីវ័យកុមារមកម្លេះ ។ បង្រៀនឲ្យកុមារយល់ដឹងពីរឿងនេះ និងលាបឡេការពារកំដៅថ្ងៃមុនពេលចេញក្រៅផ្ទះរាល់លើក ។
០៤) កំរើករាងកាយហាត់ប្រាណ
កុមារៗឥលូវនេះច្រើនតែចូលចិត្តអង្គុយលេងហ្គេមកុំព្យូទ័រ ឬមើលទូរទស្សន៏យូរៗដោយមិនកំរើកខ្លួនទៅណា ធ្វើឲ្យអាចកើតជម្ងឺផ្សេងៗជាញឹកញាប់ គួរបង្ហាត់ឲ្យគេចេះធ្វើកិច្ចការឯទៀតខ្លះ ដូចជាបង្ហាត់ឲ្យចេះហាត់ប្រាណតាមរយ:ការធាក់កង់ ឬលេងបាល់បោះជាដើម ។
០៥) ថែទាំសុខភាពធ្មេញរបស់ខ្លួនឯង
បង្រៀនកូនៗថា ការមិនដុសសំអាតធ្មេញ ឬបណ្តោយឲ្យធ្មេញពុក នឹងមានជម្ងឺអាក្រក់ផ្សេងទៀតកើតឡើង ។ បង្រៀនឲ្យគេហាត់ដុសធ្មេញឲ្យបានត្រឹមត្រូវ និងនាំទៅទិញច្រាសដុសធ្មេញម៉ូដណាដែលគេស្រឡាញ់ ដើម្បីជាការជំរុញឲ្យគេកាន់តែចង់ដុសធ្មេញឡើង ។
០៦) ខ្ទប់មាត់ និងលាងដៃពេលកណ្តាស់
មានមេរោគជាច្រើនប្រភេទណាស់ដែលនៅក្នុងទឹកមាត់ពេលក្អក ឬកណ្តាស់ចេញមក មានដូចជា មេរោគផ្តាសាយមេរោគកញ្ច្រឹលជាដើម-ល- ។ បង្ហាត់ឲ្យក្មេងៗចេះលើកដៃខ្ទប់មាត់ពេលក្អក ឬកណ្តាស់ រួចហើយលាងដៃនឹងសាប៊ូចេញឲ្យបានស្អាតដើម្បីការពារការចម្លងរោគពីគ្នាទៅវិញទៅមក ។
០៧) ខំប្រឹងដើម្បីធ្វើឲ្យបានល្អបំផុត មិនមែនដើម្បីក្លាយជាមនុស្សពូកែរបំផុតនោះទេ
នៅក្នុងពិភពនៃការប្រកួតប្រជែង និងសម្ពាធដែលគ្មានហេតុផល គ្មាននរណាម្នាក់ទទួលបានគ្រប់យ៉ាងដែលខ្លួន ចង់បាននោះឡើយ ចូរបង្រៀនឲ្យកូនបានដឹងថា គេបានប្រើប្រាស់ភាពជំនាញយ៉ាងអស់ពិសមត្ថភាពហើយ នោះគឺជាមោទនភាពរបស់ខ្លួនយើងមិនមែនស្ថឹតនៅលើការសំរេចរបស់អ្នកដទៃនោះឡើយ ។ បង្រៀនឲ្យគេយល់ថា កុំរីករាយនឹងរង្វាន់ខ្លាំងជ្រុលពេក តែចូរផ្តល់ភាពសំខាន់ទៅលើការអភិវឌ្ឍន៏ និងលទ្ធផលនៃការព្យាយាមរបស់ខ្លួនគេវិញទើបប្រសើរជាង ។
០៨) ចេះបរិភោគអាហារដែលមានគុណប្រយោជន៏
កុំឲ្យកុមារញៀនអាហារដែលមិនសូវមានប្រយោជន៏រហូតក្លាយជានិស្ស័យ ដែលនាំឲ្យកើតរោគធាត់ និងប្រថុយនឹងការកើតជម្ងឺទឹកនោមផ្អែមនៅពេលធំឡើង ។ ចូរបង្ហាត់ឲ្យចេះបរិភោគបន្លែ និងផ្លែឈើដែលមានគុណប្រយោជន៏ឲ្យបានញឹកញាប់ ។
០៩) ចូលបន្ទប់ទឹករាល់ពេលព្រឹក
កុមារគួរត្រូវបានបង្ហាត់ឲ្យដឹងពីការបន្ទោរបង់ប្រចាំថ្ងៃ គ្រូពេទ្យបានបញ្ជាក់ថា អាការដាស់តឿនទាក់ទឹននឹងប្រព័ន្ធបន្ទោរបង់របស់រាងកាយតែងកើតឡើងច្រើនបំផុត គឺក្នុងអំឡុងពេលក្រោយអាហារពេលព្រឹក ហើយក្មេងៗគួរតែមានពេលចូលបន្ទប់ទឹកនៅពេលនោះ ។
១០) គ្រប់គ្រងកំហឹង
មិនថាតែអាការក្រេវក្រោធ ឬការបញ្ចេញទឹកមុខបង្ហាញពីអារម្មណ៏ជំនួសឲ្យការទម្លាយវាចេញមកក៏ដោយ អាណាព្យាបាលគួរបង្ហាត់ឲ្យកូនៗឲ្យចេះទប់ និងគ្រប់គ្រងអារម្មណ៏របស់ខ្លួន និងហាត់ចេះសម្របសម្រួលក្នុងគ្រប់ស្ថានការណ៏ ដោយប្រាប់កូនៗថា អារម្មណ៏ទាំងនោះ ត្រូវពិចារណាក្នុងកំរឹតណាមួយសឹនមុននឹងបញ្ចេញវាមក ឬក៏បោះបង់់វាចោល មិនបាច់នឹកដល់វាតែម្តងរឹតតែប្រសើរទៅទៀត ។
រឿងការមើលថែទាំកុមារ ប្រៀបដូចជាការដាំដើមឈើដែរ បើសឹនជាមនុស្សធំយកចិត្តទុកដាក់ ឧស្សាហ៏រៀបចំតុបតែង និងផ្តល់ឲ្យនូវអ្វីដែលសក្តិសមនោះ ដើមឈើជាទីស្រឡាញ់របស់យើងនឹងរិកលូតលាស់ធំធាត់យ៉ាងល្អស្អាត និងរឹងមាំមិនខាន៕