នៅក្នុងសង្គមខ្មែរ មានតំណមជាច្រើនសម្រាប់ស្រ្តីដែលទើបប្រសូត្របុត្ររួចជាពិសេសគឺអាហារ ព្រោះវាជារឿងសំខាន់ខ្លាំងណាស់ ដោយហេតុថា អាហារដែលអ្នកម្ដាយបានញ៉ាំគឺវាជះឥទ្ធិពលដល់ទារកតាមរយៈការបំបៅកូនដោយទឹកដោះខ្លួនឯង ដូច្នេះគួរតែទទួលទានអាហារដើម្បីសុខភាព ដែលល្អចំពោះរាងកាយខ្លួនឯង និងដើម្បីទារក។
ជាទូទៅក្រុមអ្នកជំនាញបានណែនាំឱ្យអ្នកម្ដាយគួរទទួលទានអាហារគ្រប់ទាំង 5 ប្រភេទ ដូចជាអាហារប្រភេទ ប្រូតេអ៊ីន បន្លែស្រស់ ផ្លែឈើ (សារធាតុរ៉ែ និងវិតាមីន) និងដែលមិនអាចខ្វះបាននោះគឺ ទឹក ដើម្បីឱ្យរាងកាយរបស់អ្នកម្តាយក្រោយពេលប្រសូតបានសះស្បើយត្រឡប់ទៅរកសភាវប្រក្រតីវិញបានយ៉ាងឆាប់រហ័ស។
អាហារដែលសម្បូរដោយ ប្រូតេអ៊ីន មានដូចជា សាច់ត្រី ស៊ុត ទឹកដោះ សណ្តែក ជាអាហារដែលជួយឃុំគ្រងឱ្យរាងកាយធ្វើការបានតាមប្រក្រតី ជួសជុលផ្នែកដែលសឹករេចរិល និងជួយស្តារសភាពស្បូន ជួយឱ្យស្នាមដេរកាន់តែឆាប់ស្ងួតឡើងផង។
អាហារប្រភេទថ្លើម និងគ្រឿងក្នុងសត្វ (សង្កត់ធ្ងន់លើសារធាតុដែក) ព្រោះក្រាយការប្រសូត អ្នកម្តាយថ្មោងថ្មីបាត់បង់ឈាមអស់ច្រើនណាស់ ទើបត្រូវការអាហារដែលផ្តល់នូវសារធាតុដែកច្រើនជាពិសេស ដើម្បីការពារសភាវលោហិតស្លេក ជួយឱ្យមានកម្លាំងមិនទន់ល្វើយ។ សារធាតុដែកនៅក្នុងអាហារក្រោយពេលប្រសូតប្រភេទថ្លើម និងគ្រឿងក្នុងសត្វនេះនៅជួយបង្កើនគ្រាប់ឈាមថ្មីមកជំនួសគ្រាប់ឈាមដែលបាត់បង់ទៅក្នុងអំឡុងពេលប្រសូត ក្រៅពីនេះអាហារដែលមានសារធាតុដែកដែលគួរញ៉ាំបន្ថែមមានដូចជា ស៊ុតក្រហម បន្លែស្លឹកបៃតង គ្រាប់សណ្តែកស្ងួត និងគ្រាប់ល្ង។
អាហារសម្បូរវីតាមីន C ដូចជា ផ្លែក្រូច ប៉េងប៉ោះ ត្របែក ក្រូចឆ្មារ នឹងសម្បូរទៅដោយវិតាមីន C ដែលជួយឱ្យរាងកាយអាចបឺតជ្រាបយកសារធាតុដែលកាន់តែល្អឡើង ក្រៅពីនេះនៅក្នុងបន្លែស្រស់ និងផ្លែឈើនៅមានកាកសរសៃ ដែលជួយក្នុងរឿងប្រព័ន្ធការបន្ទោបង់ឱ្យអ្នកម្តាយថ្មោងថ្មីមិនទល់លាមក និងត្រឡប់មកបន្ទោបង់ដូចប្រក្រតីបានទៀតផង។
ទឹក គឺជាអ្វីដែលអ្នកម្តាយទើបប្រសូតបុត្រហើយថ្មីៗមិនអាចព្រងើយកន្តើយបានឡើយ គួរញ៉ាំទឹកស្អាតឱ្យយ៉ាងតិចណាស់មួយថ្ងៃ 8 កែវ ព្រោះទឹកគឺជាចំណែកផ្គុំដ៏សំខាន់មួយរបស់កោសិកា និងជាលិកាផ្សេងៗ ជួយឱ្យកម្មវិធីផ្សេងៗក្នុងរាងកាយធ្វើការបានយ៉ាងរលូន។ ទឹកដែលយើងញ៉ាំអាចស្ថិតក្នុងរូបបែបជា ទឹកឱសថបុរាណដើម្បីសុខភាព ទឹកផ្លែឈើស្រស់ ឬទឹកស៊ុបក៏បាន តែព្យាយាមចៀសវាងពីទឹកភេសជ្ជៈដែលមានរសជាតិផ្អែមខ្លាំង ព្រោះអ្នកម្តាយក្រោយពេលប្រសូតត្រូវការសម្រកទម្ងន់ឱ្យត្រឡប់ទៅរកសភាវប្រក្រតីវិញ ដូច្នេះបើញ៉ាំភេសជ្ជៈដែលមានជាតិស្ករច្រើនអាចនឹងធ្វើឱ្យទម្ងន់ខ្លួនកើនឡើងបាន។
ចំណាំ៖ អាហារគួរប្រយ័ត្នមួយគឺ ចៀសវាងពីអាហារដែលមានគ្រឿងទេសច្រើន ព្រោះក្លិន និងរសជាតិរបស់អាហារទាំងនេះអាចបញ្ជូនទៅដល់កូនតូចបានតាមរយៈទឹកដោះ របស់ដែលគួរតែបញ្ឈប់តែម្តងនោះគឺ ភេសជ្ជៈដែលមានជាតិអាល់កុល ស្រាថ្នាំ ទឹកតែ កាហ្វេ និងបើត្រូវប្រើថ្នាំ គួរតែស្ថិតនៅក្នុងការមើលថែរបស់លោកគ្រូពេទ្យ៕