អារម្មណ៍ធុញថប់របស់អ្នកម្តាយជិតសម្រាលកូនដែលស្វាមីគ្រប់រូបគួរដឹង

0
787

រឹតតែជិតឆ្លងទន្លេ គភ៌របស់អ្នកម្តាយរឹតតែរិកធំឡើង ធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ធុញថប់ ធ្វើចលនា ឬកំរើកខ្លួនមិនបានស្រួលសោះ តែ…កុំថាតែអ្នកម្តាយនោះ សូម្បីតែកូនតូចដែលនៅក្នុងផ្ទៃក៏មានអាការមិនខុសពីអ្នកម្តាយប៉ុន្មានដែរ ។ បើសង្កេតមើលឱ្យច្បាស់ អ្នកម្តាយនឹងបានដឹងថា កាលពីអាយុគភ៌បាន 7 ខែ កូននឹងរើ ហើយធាក់ខ្លាំងណាស់ តែរឹតតែជិតដល់ពេលប្រសូតកម្លាំងរើរបស់កូនរឹតតែថយចុះទៅវិញដែរ នោះក៏ដោយសារតែ កាលពីមុននោះទំហំខ្លួនរបស់កូននៅតូច ទើបមានទីកន្លែងនៅសល់ធំក្នុងពោះម្តាយឱ្យគេរើបានយ៉ាងពេញទំហឹង តែដល់ពេលជិតប្រសូត ខ្លួនកូនកាន់ធំឡើងរហូតរើបំរះមិនសូវជាងាយស្រួលដូចមុន ទើបអ្នកម្តាយមានអារម្មណ៍ថាកម្លាំងរើរបស់កូនថយចុះ ។

– មានអារម្មណ៍ធុញថប់ ដកដង្ហើមមិនស្រួល
នៅក្នុងត្រីមាសនេះ អ្នកម្តាយអាចមានអារម្មណ៍ថាធុញថប់ ដកដង្ហើមមិនស្រួល ព្រោះខ្លួនទារកក្នុងផ្ទៃកាន់តែធំឡើង រហូតទៅទល់ក្បាំងខ្យល់របស់អ្នកម្តាយ ។ ការអង្គុយលើកៅអីដែលមានបង្អែក និងធ្វើខ្នងឱ្យយឺតត្រង់ ហើយដកដង្ហើមចេញចូលយឺតៗ នឹងធ្វើឱ្យអ្នកម្តាយដកដង្ហើមបានកាន់តែងាយស្រួលឡើង ។

ក្រៅពីនេះ គួរចៀសវាងការនៅក្នុងកន្លែងដែលមិនសូវមានខ្យល់អាកាសចេញចូល ចំណែកការគេងវិញ គួរតែគេងផ្អៀងព្រោះបើគេងផ្ងារ ក្រៅពីអ្នកម្តាយមានអារម្មណ៍ថាធុញថប់រហូតគេងមិនលក់ហើយនោះ ស្បូននឹងទៅសង្កត់លើសរសៃឈាមខ្មៅធំដែលហូរនាំឈាមត្រឡប់ទៅរកបេះដូង ធ្វើឱ្យឈាមហូរមិនបានស្រួល នាំឱ្យបេះដូងរបស់អ្នកម្តាយដើរកាន់តែញាប់ឡើង កើតអាការញាប់ញ័រ សម្ពាធឈាមចុះទាប ងងឹតមុខ ហើយឈាមដែលហូរទៅចិញ្ចឹមស្បូនក៏ថយចុះតាមនោះដែរ ។

– ចុកណែន បរិវេណដើមទ្រូង
ទោះជានៅពេលនេះ អ្នកម្តាយលែងមានអាការចាញ់កូនហើយមែន តែក៏អាចនៅតែញ៉ាំអាហារមិនសូវបានដដែល ដោយសាតែកូនតូចដែលកាន់តែធំឡើងរហូតទៅប្រជ្រៀតទីកន្លែងរបស់ក្រពះ និងពោះវៀនរបស់អ្នកម្តាយ ធ្វើឱ្យអ្នកម្តាយញ៉ាំអាហារបានតិចនិងញ៉ាំបានតែបន្តិចក៏មានអារម្មណ៍ថា ចុកណែន ឬពេញពោះបាត់ទៅហើយ ។

វិធីការពារអាការនេះគឺ ចៀសវាងអាហារណាដែលក្រពះពិបាករំលាយ អាហារមានជាតិខ្លាញ់ច្រើន ហើយពេលញ៉ាំក៏ញ៉ាំត្រឹមតែជិតឆ្អែតបានហើយ ដើម្បីកុំឱ្យមានអារម្មណ៍ថាណែនធុញថប់ខ្លាំងពេក និង រង់ចាំឱ្យអាហាររំលាយអស់បន្តិចសឹន សឹមទទួលទានបន្តទៀតប្រសើរជាង ។

– ឈឺចុករួយពេញទាំងខ្លួនប្រាណ
និយាយពីរឿងឈឺចុករួយចំពោះអ្នកម្តាយដែលជិតដល់ពេលឆ្លងទន្លេវិញ យើងច្រើនតែនឹកដល់ អាការឈឺចង្កេះមែនទេ? ការឈឺចង្កេះកើតឡើងដោយសាតែទម្ងន់របស់ស្បូន និងទម្ងន់ខ្លួនរបស់កូននៅក្នុងគភ៌កើនឡើងច្រើន ធ្វើឱ្យចំណុចទាញទម្ងន់របស់រាងកាយអ្នកម្តាយប្រែប្រួល ទើបធ្វើឱ្យអ្នកម្តាយត្រូវខំយឹតដងខ្លួនឱ្យត្រង់វិញ ដែលជាហេតុធ្វើឱ្យកើតអាការឈឺចុករួយខ្នង និងចង្កេះហ្នឹងឯង ។តែក្រៅពីការឈឺខ្នងចង្កេះហើយ កន្លែងដែលច្រើនតែកើតអាការឈឹចុកចាប់ដែរនោះមានដូចជា ត្រគាក គល់ភ្លៅ ពោះម្តុំក្រោមភ្ជឹត(ថ្ងាស) ។

វិធីកម្ចាត់អាការឈឺខ្នងចង្កេះនោះ ការពិតទៅគួរតែចាប់ផ្តើមការពារតាំងពីពេលដែលពោះនៅមិនទាន់រីកធំខ្លាំង ដោយហ្វឹកហាត់ធ្វើឥរិយាបថក្នុងការឈរ អង្គុយឱ្យបានត្រឹមត្រូវ ដូចជា ពេលឈរមិនគួរឈរក្នុងឥរិយាបថដែលខ្នងអ៊ែនជ្រុលពេកឡើយ ព្យាយាមទាញត្រគាកមកខាងមុខ និងធ្វើស្មាឱ្យត្រង់ ពាក់ស្បែកជើងដែលមានកែងទាបៗ ពេលអង្គុយគួរព្យាយាមអង្គុយឱ្យខ្នងត្រង់ជាប់នឹងបង្អែកកៅអី ក្រោកឡើងផ្លាស់ប្តូរឥរិយាបថឱ្យបានញឹកញាប់ កុំស្ថិតនៅក្នុងឥរិយាបថដដែលយូរពេក និងគួរអង្គុយក្នុងឥរិយាបថណាដែលជង្គង់ខ្ពស់ជាងត្រគាកបន្តិច ។

ក្នុងអំឡុងពេលជិតប្រសូតនេះគួរប្រយ័ត្នប្រយែងការធ្វើចលនា មិនគួរឱនចុះទៅលើករបស់របរខណៈពេលកំពុងឈរឡើយគួរបន្ទុចជង្គង់ចុះយករបស់នោះវិញ រួចហើយងើបឡើងដោយព្យាយាមធ្វើខ្នងឱ្យត្រង់ជានិច្ច ។ ករណីឈោងដៃយករបស់របរដែលនៅលើទីខ្ពស់ ក៏មិនគួរខំជំទើត កំរើកខ្លួនលឿនៗ ឬប្រឹងឈោងដៃរហូតផុតពេកដែរ វិធីដែលល្អគឺ រឿងលើករឿងឈោងយកអី្វៗនោះ ទុកតួនាទីឱ្យស្វាមីជាអ្នកធ្វើវិញប្រសើរជាង ។

តែបើសឹនអាការឈឺចុករួយនោះកើតឡើងហើយ គួរធ្វើឱ្យធូរស្រាលទៅវិញដោយការស្អំទឹកក្តៅ ឬប្រើវិធីធ្វើម៉ាស្សាជាមុនសឹន បើអាការមិនបានធូរស្រាលទេនោះ គួរទៅជួបលោកគ្រូពេទ្យដើម្បីប្រឹក្សា ព្រោះអាចចាំបាច់ត្រូវប្រើថ្នាំ និងមិនគួរទិញមកលេបដោយខ្លួនឯងឡើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here