ការស្រែកយំរបស់ទារក គឺជាការប្រាប់ដំណឹងដើម្បីឱ្យលោកឪពុកអ្នកម្តាយបានដឹងពីតម្រូវការរបស់គេ ព្រោះគេនៅមិនទាន់អាចនិយាយឬប្រាប់តាមវិធីណាផ្សេងទៀតបាន។ ទារកខ្លះស្រែកយំមិនយូរប៉ុន្មានទេ តែទារកខ្លះវិញមានទម្លាប់យំប្រាប់ដំណឹងនេះបានយូររហូតរាប់ខែ។ លោកឪពុកអ្នកម្តាយថ្មោងថ្មីជាច្រើននាក់ប្រហែលជានៅមិនទាន់ស៊ាំធ្លាប់នឹងការទប់ទល់ពេលកូនតូចស្រែកយំញឹកញាប់នេះទេ ព្រោះការ ដែលទារកស្រែកយំនេះបណ្តាលមកពីច្រើនមូលហេតុ ដូច្នេះអ្នកម្តាយគួរសង្កេតមើលថា តើពេលកូនស្រែកយំម្តងៗនេះបណ្តាលមក ពីមូលហេតុអ្វី?
1. កូនឃ្លាន ៖ កូនតូចនឹងស្រែកយំជារយៈៗ សំឡេងយំឮសូររាងខ្ពស់ស្រួច ទារកខ្លះបៅដោះម្តាយហើយបានមិនយូរប៉ុន្មានក៏ស្រែកយំទារបៅទៀត ដោយសារតែក្នុងអំឡុងពេលដំបូងៗក្រពះរបស់ទារកនៅមិនទាន់អាចទទួលទឹកដោះបានច្រើន និងទឹកដោះម្តាយងាយស្រួលរំលាយផង ទើបធ្វើឱ្យកូនតូចឃ្លានញឹកញាប់ហ្នឹងឯង ក្នុងអំឡុងខែដំបូងនេះអ្នកម្តាយអាចត្រូវឱ្យកូនបៅទឹកដោះក្នុងមួយថ្ងៃពី6-10ដងឯណោះ។
2. កន្ទបកូនសើម… ៖ ទារកនឹងនោមញឹកញាប់ ដោយសារតែក្រពះនៅតូច ពេលបៅទឹកដោះច្រើនក៏ធ្វើឱ្យនោមញឹក- ញាប់ ជាពិសេសទារកដែលបៅទឹកដោះម្តាយនឹងងាយរំលាយជាងទារកដែលបៅទឹកដោះគោលាយ ធ្វើឱ្យក្នុងអំឡុងខែដំបូងទារកនឹងជុះច្រើនដងក្នុងមួយថ្ងៃ។ ដូច្នេះបើកូនតូចយំរករឿងអ្នកម្តាយត្រូវឧស្សាហ៍មើលកន្ទបកូនផង ថាតើមានសើមខ្លាំងពេកឬក៏អត់។
3. កូនមានអារម្មណ៍ថាឈឺ ៖ កូនតូចនឹងស្រែកយំសំឡេងឮរាងស្រួចខ្ពស់ និងខ្លាំង បើកើតចេញពីអាការ ឈឺចាប់ ទារកនឹងមានអារម្មណ៍ថាមិនស្រួលខ្លួន។ ដូច្នេះអ្នកម្តាយ គួរតែរកមើលមូលហេតុថា តើកូនកើតអី និងឈឺចាប់ត្រង់ណា? បើកូនយំឥតឈប់ គួរប្រញាប់នាំទៅមន្ទីរពេទ្យកុមារភ្លាមនៅថ្ងៃនេះតែម្តង។
4. ធាតុអាកាសក្តៅ ឬត្រជាក់ ៖ ធាតុអាកាសក្តៅ ឬត្រជាក់ជ្រុលពេកក៏ធ្វើឱ្យទារកមិនស្រួលខ្លួន និងធ្វើឱ្យស្រែកយំរករឿងបានដែរ។ ដូច្នេះនៅពេលថ្ងៃដែលធាតុអាកាសក្តៅ គួរស្លៀកពាក់ឱ្យកូនតូចបែបធូររលុងៗ ដាក់ឱ្យគេងនៅកន្លែងដែលស្រឡះៗ បើពេលយប់វិញ គួរឱ្យគេងនៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ ឬនៅក្នុងកន្លែងដែលមានធាតុអាកាសត្រជាក់ស្រួល និងគួរស្លៀកពាក់អាវ ដៃវែង និងខោជើងវែងឱ្យកូន ដើម្បីឱ្យរាងកាយកូនបានកក់ក្តៅជាប់ជានិច្ច។
5. កូនចង់ឱ្យម្តាយព… ៖ ទារកតែងត្រូវការការយកចិត្តទុកដាក់ពីឪពុកម្តាយគ្រប់ពេលវេលា បើកូនស្រែកយំរករឿង សូមអ្នកម្តាយសាកល្បងលើកកូនបី ឬពឡើងមកឱបយ៉ាងណែន ហើយច្រៀងបំពេ ដើម្បីលួងលោមផង នោះកូនតូចជាទីស្រឡាញ់នឹងបាត់យំ ហើយស្ងប់ទៅវិញមិនខាន៕