ជំងឺក្អកមាន់ កើតឡើងដោយសារតែការឆ្លងមេរោគបាក់តេរីទៅក្នុងសួត និងផ្លូវដង្ហើម។ វាចាប់ផ្តើមចេញរោគសញ្ញាដូចជា ត្រជាក់ចុងច្រមុះ និងក្អកតិចៗ បន្ទាប់ពីរយៈពេលពីរសប្តាហ៍កន្លងផុតទៅការក្អកកាន់តែខ្លាំងឡើង។
ជារឿយៗ ការក្អកអាចធ្វើឲ្យផ្ទៃមុខរបស់ទារកមានសភាពក្រហម ហើយជួនកាលពិបាកក្នុងការដកដង្ហើមនៅចុងបញ្ចប់នៃការក្អក។ ការក្អក អាចមានរយៈពេលច្រើនសប្តាហ៍ ឬច្រើនខែ។ ដូច្នេះប្រការសំខាន់អ្នកត្រូវតាមដានការក្អកដែលកើតមានចំពោះទារក ព្រោះពួកគេប្រហែលជាមិនមានរោគសញ្ញាដូចគ្នានោះទេ ប៉ុន្តែរោគសញ្ញាមួយដែលដូចគ្នាគឺពិបាកដកដង្ហើម ហើយជួនកាលអាសស្ទះដកង្ហើមម្តង។
រយៈពេលដែលកើតមានអាការក្អកខ្លាំងៗនេះ គឺចន្លោះ៥ទៅ២១ថ្ងៃ តែរោគសញ្ញាដំបូងនៃការក្អកនឹងបង្ហាញក្រោយពេលការឆ្លងបានបីសប្តាហ៍។
ទោះជាយ៉ាងណាដំណាក់កាលឆ្លងនេះអាចត្រូវបានកាត់បន្ថយ ប្រសិនបើអ្នកទទួលទានថ្នាំអង់ទីប៊ីយោទិចរយៈពេល ៥ថ្ងៃ តាមវេជ្ជបញ្ជាគ្រូពេទ្យ។ វាពិតជាមានសារៈសំខាន់ណាស់ ប្រសិនបើអ្នកនាំកូនទៅមន្ទីរពេទ្យធ្វើរោគវិនិច្ឆ័យភ្លាមៗ ក្រោយពេលសង្ស័យថាមានជំងឺនេះ ដោយសារតែការឆ្លងខ្លាំងអាចប៉ះពាល់ទៅលើក្រុមមនុស្សមួយចំនួន ជាពិសេសទារកទើបនឹងកើត ឬទារកក្រោមអាយុ៦ខែ និងស្ត្រីមានផ្ទៃពោះ។
មេរោគនេះ អាចការពារបានតាមរយៈការចាក់វ៉ាក់សាំង និងកម្មវិធីចាក់វ៉ាក់សាំងជាប្រចាំសម្រាប់កុមារ រាប់បញ្ចូលទាំងការចាក់ថ្នាំបង្ការប្រឆាំងនឹងជំងឺក្អកមាន់នៅចន្លោះអាយុពីរ បី និងបួនខែ ហើយម្តងទៀតមុនពេលចូលរៀន។ សម្រាប់កម្មបច្ចុប្បន្ន ក៏បានរួមបញ្ចូលផងដែរ នូវការចាក់វ៉ាក់សាំងលើស្ត្រីមានផ្ទៃពោះចន្លោះពី ២៨ ទៅ ៣៨សប្តាហ៍ នៃការមានផ្ទៃពោះ ដើម្បីផ្តល់ការការពារបន្ថែមដល់កូនដែលទើបនឹងកើត៕