ជាទូទៅក្មេងចាប់ផ្តើមដុះពន្លកធ្មេញនៅអាយុ៦ខែ ប៉ុន្តែមានក្មេងខ្លះអាចមានការលូតលាស់យឺតយ៉ាងរហូតដល់អាយុមួយខួបជាងក៏មានដែរ។ ចំពោះរោគសញ្ញានៃការចាប់ផ្តើមដុះពន្លកធ្មេញ គឺក្មេងចាប់ផ្តើមរមាស់មាត់ ចេះតែចង់កកេរនេះកកេរនោះ អង្គៀមដោះអ្នកម៉ាក់ខ្លាំងៗនៅពេលមឹម ឬមានការឈឺចាប់រហូតដល់យំជាដើម។
ដូច្នេះដើម្បីកាត់បន្ថយភាពឈឺចាប់ដោយសារតែធ្មេញទើបនឹងដុះពន្លក ប៉ាម៉ាក់គួរតែស្វែងយល់ពីគន្លឹះមួយចំនួនដូចខាងក្រោម៖
១.ប្រើកូនក្រណាត់ស្អាតទន់ៗមកជ្រក់ក្នុងទឹកត្រជាក់ ហើយម៉ាស្សាត្រង់តំបន់ដែលឈឺចាប់។ ភាពត្រជាក់នឹងជួយកាត់បន្ថយភាពឈឺចាប់បន្តិចម្តងៗ ប៉ុន្តែអ្នកម៉ាក់ត្រូវធ្វើអនាម័យដៃខ្លួនឯងជាមុនសិន ដើម្បីបង្ការការឆ្លងមេរោគផ្សេង។
២.សូមព្យាយាមទិញជ័រសម្រាប់ក្មេងបៀមលេងអំឡុងពេលក្មេងកំពុងដុះពន្លកធ្មេញ វានឹងធ្វើឲ្យក្មេងសប្បាយចិត្តហើយអង្កៀមលេងរហូតភ្លេចការឈឺចាប់។ ប៉ុន្តែមុននឹងប្រើអ្នកត្រូវដាក់ក្នុងទូទឹកក ទើបអនុញ្ញាតឲ្យក្មេងអង្កៀមលេង ព្រោះភាពត្រជាក់នឹងជួយបំបាត់ការឈឺចាប់បានយ៉ាងល្អ។
៣.ឲ្យកូនលេបថ្នាំបំបាត់ការឈឺចាប់ ប៉ារ៉ាសេតាម៉ុល ក្នុងករណីក្មេងមានការឈឺចាប់ទ្រាំមិនបាន ដោយមានការពិគ្រោះជាមួយអ្នកជំនាញមុននឹងទិញថ្នាំនេះមកប្រើ។
៤.ព្យាយាមឲ្យកូនបៅដោះ ព្រោះសុដន់ជាកន្លែងបង្កើតភាពស្និតស្នាល និងភាពកក់ក្តៅ បើទោះជាក្មេងដុះពន្លកធ្មេញច្រើនក៏ដោយ។ ប៉ុន្តែប្រសិនបើអ្នកលួងលោមពីការបំបៅដោះ ធានាថាការឈឺចាប់របស់កូននឹងត្រូវរំសាយអស់។
ទាំងអស់នេះ គឺជាមធ្យោបាយងាយស្រួលបំផុត ដែលប៉ាម៉ាក់ទាំងឡាយគួរអនុវត្ត ដើម្បីកាត់បន្ថយភាពឈឺចាប់ដោយសារតែការដុះពន្លកធ្មេញ របស់កូន។