ម្លូ គឺជារុក្ខជាតិស្លឹកមួយប្រភេទដែលចាស់ៗជំនាន់មុនចូលចិត្តពិសាជាមួយនឹងស្លា។ ប៉ុន្តែវាក៏ត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលបញ្ហាផ្តាសាយ តឹងច្រមុះ ហើមពោះ ឈឺពោះ អាការៈរមាស់ បញ្ឈប់ការលូតលាស់បាក់តេរីមួយចំនួន និងកាត់បន្ថយស្លេសរបស់កុមារផងដែរ។
តើធ្វើដូចម្តេចដើម្បីកាត់បន្ថយស្លេសជាមួយនឹងស្លឹកម្លូ?
១.យកស្លឹកម្លូមួយឬពីរសន្លឹក ដាក់លើភ្លើងឲ្យក្តៅឧណ្ឌ។
២.បន្ទាប់មកដាក់ស្លឹកម្លូមួយសន្លឹកនៅលើទ្រូង និងមួយសន្លឹកទៀតនៅលើខ្នង។
៣.ទុកវាចោលរយៈពេល ១០ទៅ១៥នាទី ដើម្បីឲ្យកូនស្រូបយកចំហាយទឹកពីស្លឹកម្លូរហូតដល់កណ្តោស់ ឬហៀរសំបោរអាចេញមកដោយខ្លួនឯង។
សូមប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ស្លឹកម្លូ
១.កុំប្រើលើកុមារក្រោមអាយុ២ឆ្នាំ ព្រោះក្មេងតូចៗមិនអាចទ្រាំទ្រនឹងក្លិនរបស់ស្លឹកម្លូបានទេ។
២.កុំប្រើស្លឹកម្លូក្តៅពេក ព្រោះវាអាចរលាកស្បែកកូន។
៣.ប្រសិនបើក្មេងមានបញ្ហាស្បែកអាឡែកស៊ីកុំប្រើឲ្យសោះ។
ទោះស្លឹកម្លូ ជាឱសថដែលអាចជួយព្យាបាលជំងឺកុមារបានក៏ពិតមែន ប៉ុន្តែការប្រើត្រូវមានការប្រុងប្រយ័ត្ន ជាពិសេសបើក្មេងស្ថិតក្នុងលក្ខខណ្ឌទាំង៣ចំណុចខាងលើនេះ៕