ទារកដែលទើបនឹងកើតមិនអាចនិយាយទំនាក់ទង និងបង្ហាញពីអារម្មណ៍របស់ពួកគេមកកាន់អ្នកបានឡើយ។ ដូច្នេះពួកគេអាចប្រើភាសារកាយវិការបង្ហាញទៅកាន់អ្នក អំពីអ្វីដែលពួកគេចង់បាន។ ថ្ងៃនេះយើងនឹងបង្ហាញចំណេះដឹងគួរឲ្យចាប់អារម្មណ៍មួយចំនួន អំពីភាសាកាយវិការរបស់កូន ដើម្បីឲ្យដឹងថាពួកគេចង់បានអ្វី។
ទទួលស្គាល់ឥរិយាបថវិជ្ជមានរបស់កូន
អារម្មណ៍វិជ្ជមានរបស់ទារកនឹងបង្ហាញតាមរយៈភ្នែក និងស្នាមញញឹម។ ប៉ុន្តែនៅក្នុងកាយវិការផ្សេងទៀត ក៏មានអត្ថន័យលាក់បាំងផងដែររួមទាំង៖
១.ការហាមាត់ធំៗ ហើយញញឹម ជាការសម្តែងពីភាពស្បាយរីករាយ។
២.ទម្លាក់ចិញ្ចីម ហើយបិទភ្នែក ជាការចាប់អារម្មណ៍លើអ្វីមួយ ឬក៏មានទំនោរចង់ស្តាប់អ្វីមួយ។
៣.លើកចិញ្ចីមខ្ពស់ បង្ហាញពីភាពភ្ញាក់ផ្អើល ហើយប្រសិនបើពួកគេព្រិចភ្នែកកាន់តែញាប់ ការភ្ញាក់ផ្អើលកាន់តែខ្លាំង។
ទទួលស្គាល់ឥរិយាបថអវិជ្ជមានរបស់ទារក
១.មុខក្រហម ខាំធ្មេញ វាជាកាយវិការពេលមានអារម្មណ៍ខឹង ឬមិនពេញចិត្តអ្វីមួយដែលគេធ្វើមកលើខ្លួន។
២.ធ្វើមាត់វៀច ឬបបូរមាត់ស្រួច បង្ហាញពីភាពធុញទ្រាន់មិនចូលចិត្ត។
៣.ធ្វើចិញ្ចីមជ្រួញ និងហូរទឹកភ្នែក បង្ហាញពីការឈឺចាប់ ការថប់បារម្ភ ឬការសោកស្តាយ។
៤.សំឡឹងមើលមុខអ្នក និងមានអាការៈបែកញីស ចង់បង្ហាញពីអារម្មណ៍ភ័យខ្លាច។
៥.ឱនក្បាលចុះ ហើយបែរមុខចេញ បង្ហាញពីអារម្មណ៍អៀនខ្មាស់ អសុវត្ថិភាព និងព្រួយបារម្ភ។
៦.ញាក់ច្រមុះ ឬងើយក្បាលឡើង បង្ហាញថាគេមិនចូលចិត្តក្លិនអ្វីមួយ ឬមានក្លិនស្អុយដែលពិបាកហិត។
ទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ ពួកគេត្រូវការគេងច្រើន ធ្វើឲ្យឪពុកម្តាយពិបាកនឹងសង្កេតមើលកាយវិការណាស់។ ប៉ុន្តែពួកគេអាចបង្ហាញពីអ្វីដែលគេចង់បានតាមរយៈការយំ ដូចជាកន្ទប់សើម ឬបន្ទោរបង់ត្រូវការឲ្យអ្នកប្តូរថ្មី មានភាពត្រជាក់ខ្លាំងត្រូវការភាពកក់ក្តៅ ឃ្លានត្រូវការមឹម…។ ប្រសិនបើឪពុកម្តាយទាំងឡាយយល់ពីការវិការរបស់កូន ហើយធ្វើតាមអ្វីដែលពួកគេចង់បាននោះ នឹងធ្វើឲ្យទារកមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត៕