បញ្ហាអាឡែកស៊ីអាហារ គឺជាបញ្ហាមួយដែលឪពុកម្តាយគួរតែដឹង និងយកចិត្តទុកដាក់ ព្រោះអ្នកវេជ្ជសាស្ត្របានណែនាំថា ទារកអាយុតិចជាង ១២ខែ ប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារនៅមិនទាន់លូតលាស់បានពេញលេញនៅឡើយទេ។ នេះជាមូលហេតុដែលធ្វើឲ្យពួកគេងាយនឹងមានបញ្ហាអាឡែកស៊ីអាហារ ច្រើនជាងមនុស្សពេញវ័យ ដូច្នេះអ្នកគួរតែស្វែងយល់ពីបញ្ហាអាឡែកស៊ីអាហារឲ្យបានច្បាស់បន្តិច។
រោគសញ្ញាដំបូងប្រសិនបើកុមារអាឡែកស៊ីជាមួយនឹងអាហារ
១.ឈឺពោះ រាគរួសមានលាយឈាម។
២.ចេញកន្ទួលរមាស់នៅលើស្បែក ហើយស្បែកឡើងក្រហម។
៣.ហើមមាត់ រលាកមាត់ និងមានពងបែកនៅក្នុងមាត់។
៤.មានបញ្ហាដង្ហើម កណ្តាស់ ក្អក តឹងណែក្នុងដើមទ្រូង…។ ករណីខ្លះទារកអាចខ្សោយទៅៗ រហូតដល់ស្លាប់ក៏មាន។
របៀបចំណាំមូលហេតុដែលបណ្តោលឲ្យកូនមានអាឡែកស៊ីជាមួយអាហារ
១.វាមិនមែនបណ្តោលមកពីការទទួលអាហារតែមួយមុខនោះទេ សូម្បីតែការប៉ះពាល់ជាមួយនឹងទារកក៏អាចនាំឲ្យមានប្រតិកម្មអាឡែកស៊ីផងដែរ ប្រសិនបើដៃអ្នកមិនស្អាត។
២.ពិនិត្យមើលតំណពូជឪពុកម្តាយ តើធ្លាប់មានបញ្ហាអាឡែកស៊ីជាមួយអាហារណាពីមុនមកដែរឬទេ? ហើយត្រូវប្រយ័ត្នចំពោះការផ្តល់អាហារទាំងនោះដល់កូន។
៣.ជៀសវាងឲ្យកូនញ៉ាំអាហារដដែលៗ ព្រោះវាប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំពួកគេ។
ប្រុងប្រយ័ត្ននៅពេលកូនមានបញ្ហាអាឡែកស៊ីទៅជាមួយអាហារ
១.ប្រយ័ត្នចំពោះរោគសញ្ញាស្រួចស្រាវ វាជាសញ្ញាបង្ហាញភ្លាមៗ។ ពេលខ្លះវាអាចកើតឡើងក្រោយពេលញ៉ាំអាហារបាន៤ម៉ោង វានឹងចេញកន្ទួលរមាស់នៅលើស្បែក ហើមមាត់ និងពិបាកដកដង្ហើម។
២.ត្រូវដឹងពីរោគសញ្ញារ៉ាំរ៉ៃច្រើនតែកើតមាននៅក្នុងប្រព័ន្ធរំលាយអាហារ ដូចជាឈឺពោះរ៉ាំរ៉ៃ រលាកពោះវៀន ក្មេងស្គម ទម្ងន់ស្រាល។ល។
បច្ចេកទេសសាមញ្ញសម្រាប់ការគ្រប់គ្រងបញ្ហាប្រតិកម្មអាឡែកស៊ី
១.រាល់អាហារដែលកូនញ៉ាំក្នុងរយៈ ២ទៅ៤សប្តាហ៍ ប្រសិនបើពួកគេមានបញ្ហាអាឡែកស៊ី គួរតែចាំណាំទុក។ ហើយនាំកូនទៅជួបគ្រូពេទ្យដើម្បីជៀសវាងបញ្ហាអាឡែកស៊ីកាន់តែធ្ងន់ធ្ងរ។
២.ប្រសិនបើឲ្យកូនញ៉ាំអាហារប្លែក គួរឲ្យពួកគេញ៉ាំបន្តិចម្តងៗ ហើយសង្កេតមើលរោគសញ្ញាក្នុងរយៈពេល ៤ម៉ោង ប្រសិនបើកុមារមានប្រតិកម្មអាឡែកស៊ី ឈប់ឲ្យញ៉ាំអាហារនោះជាបន្ទាន់។
៣.នៅពេលមានផ្ទៃពោះស្ត្រី គួរជៀសវាងអាហារសមុទ្រ ស៊ុត ទឹកដោះគោ សណ្តែកដី សូកូឡា ម្សៅស្រូសាលី ដើម្បីការពារកុំឲ្យកូនមានបញ្ហាអាឡែកស៊ីពេលកើតមក។
ទាំងអស់នេះគ្រាន់តែជាចំណេះដឹងបន្តិចបន្តួច ប៉ុន្តែវាអាចជួយឲ្យឪពុកម្តាយទាំងឡាយអាចស្វែងយល់ពីគ្រប់គ្រង និងរោគសញ្ញាអាឡែកស៊ីចំពោះកូន ដើម្បីជៀសផុតពីបញ្ហាធ្ងន់ធ្ងរ៕