អាហារបំប៉នខួរក្បាលដែលល្អបំផុត សម្រាប់កុមារក្នុងវ័យសិក្សា

0
1

កុមារមានតម្រូវការអាហារូបត្ថម្ភតាមដំណាក់កាលផ្សេងៗគ្នា ដូចជាដំណាក់កាលកំពុងលូតលាស់​ និងដំណាក់កាលកំពុងតែស្ថិតក្នុងវ័យសិក្សាជាដើម។ តាមការសិក្សាបានសន្និដ្ឋានថា អាហារដែលមានវីតាមីន និងសារធាតុរ៉ែចាំបាច់មានសក្តានុពលក្នុងការជំរុញថាមពល។ ដូចជារាងកាយ និងខួរក្បាល ក៏ត្រូវការស្រូបយកសារធាតុចិញ្ចឹមពីអាហារផងដែរ។

ខួរក្បាលរបស់កុមារ ត្រូវការថាមពលដើម្បីផ្តោតអារម្មណ៍សម្រាប់រៀនសូត្រជាបន្តបន្ទាប់ និងដើម្បីជួយដល់មុខងារខួរក្បាលរបស់ពួកគេឲ្យបានពេញលេញ។ ដូច្នេះការផ្តល់អាហារដែលសម្បូរជីវជាតិសម្រាប់កុមារ អាចជួយឲ្យពួកគេរៀនសូត្របានពូកែ។

ដើម្បីជួយបង្កើនសមត្ថភាពយល់ដឹង និងចង់ចាំបានល្អ កុមារត្រូវរក្សាតុល្យភាពរបបអាហារដែលមានសារធាតុចិញ្ចឹមខ្ពស់ ជាពិសេសអាហារទាំង៥ប្រភេទនេះ។

១.ផ្លែប៊ឺរី

ផ្លែឈើប្រភេទនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយឲ្យប្រសើរឡើងនូវជំនាញយល់ដឹង និងសមត្ថភាពក្នុងការគិតរបស់កុមារ។ អាហារនេះអាចជួយបង្កើនថាមពលនៃការចង់ចាំផងដែរ។ មិនតែប៉ុណ្ណោះមាតិកាវីតាមីន C របស់វាអាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំផងដែរ។

២.ស៊ុត

នេះជាអាហារបំប៉នមួយប្រភេទដែលចាំបាច់សម្រាប់ការលូតលាស់ទូទៅរបស់កុមារ។ ស៊ុត សម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុចិញ្ចឹមដូចជាអាស៊ីតខ្លាញ់អូមេហ្គា៣ ស័ង្កសី និង lutein។ សារធាតុចិញ្ចឹមទាំងនេះ ដើរតួនាទីចាំបាច់សម្រាប់ការអភិវឌ្ឍ និងដំណើរការនៃខួរក្បាល។

៣.ទឹកដោះគោជូរ

ទឹកដោះគោជូរ គឺជាប្រភពដ៏ល្អបំផុតនៃប្រូតេអ៊ីនខ្លាញ់ និងវីតាមីន B។ ខ្លាញ់ដែលមាននៅក្នុងទឹកដោះគោជូរ គឺចាំបាច់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាល។ ខ្លាញ់របស់វាអាចធ្វើឲ្យភ្នាសខួរក្បាលមានភាបបត់បែន និងជួយផ្ទេរសារសរសៃប្រសាទផងដែរ។

៤.ត្រី

ត្រីត្រូវបានគេចាត់ទុកជាអាហារដ៏ល្អបំផុតសម្រាប់ខួរក្បាល។ វាមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ និងវីតាមីន D។ សារធាតុចិញ្ចឹមទាំងនេះការពារសមត្ថភាពនៃការយល់ដឹងរបស់កុមារ និងការបាត់បង់ការចង់ចាំ។ ត្រីធូណា ត្រីសាម៉ុន និងត្រីសាឌីន គឺជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមានសារៈសំខាន់សម្រាប់មុខងារនៃការយល់ដឹង និងការអភិវឌ្ឍន៍ខួរក្បាល។

៥.ម្សៅអាវ័ន

ម្សៅធញ្ញជាតិមួយប្រភេទនេះសម្បូរទៅដោយជាតិសរសៃ និងប្រូតេអ៊ីន ដែលអាចជួយរក្សាសរសៃឈាមខួរក្បាល និងបេះដូងឲ្យបានសុខភាពល្អ។ យោងតាមការសិក្សាមួយបានបង្ហាញថា កុមារដែលទទួលទានម្សៅអាវ័ន មានភាពឆ្លាតវៃក្នុងការដោះស្រាយបញ្ហា និងការចង់ចាំល្អជាងក្មេងដែលមិនបានទទួលទាន។ មិនតែប៉ុណ្ណោះ វាផ្តល់ថាមពលយ៉ាងឆាប់រហ័សសម្រាប់កុមារផងដែរ៕


 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here