ក្នុងដំណាក់កាលមើលថែទាំងកូន អ្នកម្តាយវ័យក្មេងគ្រប់រូបច្បាស់ជាទទួលទានដំណេកមិនគ្រប់ឡើយ ព្រោះទារកត្រូវការបៅរៀងរាល់ ១ទៅ២ម៉ោងម្តង។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកម្តាយអស់ទាំងកម្លាំង គេងមិនបានគ្រប់ ហើយបាក់ទាំងសម្រស់ថែមទៀត។ តែទោះជាយ៉ាងណាសម្រស់អ្នកម្តាយ អាចថែរក្សាបាន ប្រសិនបើដឹងពីអាថ៌កំបាំងសាមញ្ញៗទាំងនេះ។
១.បិតម៉ាស់លើផ្ទៃអំឡុងពេលបំបៅដោះកូន
ទោះបីជាអ្នកម្តាយរវល់ច្រើនក៏ដោយ តែអំឡុងពេលកំពុងតែបំបៅដោះកូន ជាពេលវេលាដ៏ល្អបំផុត ព្រោះជាធម្មតាក្នុងការបំបៅដោះកូនម្តងៗត្រូវប្រើពេល ២០ទៅ ៣០នាទី។ ដូច្នេះការបិតម៉ាស់នៅពេលនេះ វាគ្រប់គ្រាន់ហើយសម្រាប់ការប្រើម៉ាស់ដើម្បីព្យាបាលស្បែកមុខឡើងវិញ។
២.ទឹកធ្វើឲ្យស្បែកស្រស់ថ្លា
ការបំបៅដោះកូន អាចធ្វើឲ្យជាតិទឹកក្នុងខ្លួនអ្នកម្តាយត្រូវបាត់បង់ ហើយស្បែកក៏ចាប់ផ្តើមមានភាពស្ងួត ឬជ្រីវជ្រួញផងដែរ។ ប៉ុន្តែ ការផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃ អាចជួយរក្សាសំណើមដល់ស្បែក និងជួយឲ្យស្បែកមានភាពភ្លឺថ្លាឡើងវិញ។
៣.ស្វែងរកវីតាមីនបំប៉នស្បែក
អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់វីតាមីន C ព្រោះវាជាសារធាតុប្រឆាំងអុកស៊ីតកម្ម ធ្វើឲ្យស្បែកភ្លឺថ្លា និងអាចជួយបំប៉នស្រទាប់កូឡាជែនផងដែរ។ តែប្រសិនបើអ្នកចង់ប្រើប្រាស់វីតាមីនផ្សេងទៀត គួរតែពិគ្រោះជាមួយអ្នកជំនាញជាមុនសិន ដើម្បីសុវត្ថិភាពទារក។
៤.ប្រើទឹកកម៉ាស្សាលើផ្ទៃមុខ
អ្នកអាចយកទឹកកករុំនឹងក្រណាត់ស្អាត រួចម៉ាស្សាជុំវិញផ្ទៃមុខឲ្យបាន ១៥នាទី។ ភាពត្រជាក់នឹងជួយឲ្យផ្ទៃមុខរបស់អ្នកម្តាយមានភាពស្រស់ស្អាតត្រលប់មកវិញ។
៥.ជ្រើសរើសក្រែមបន្ទន់ស្បែក
សូមប្រយ័ត្ន ព្រោះអ្នកត្រូវប៉ះពាល់ជាមួយនឹងកូនជាញឹកញាប់។ ក្នុងដំណាក់កាលនេះ អ្នកត្រូវស្វែងរកគ្រឿងសំអាងដែលប្រើរូបមន្តធម្មជាតិ ឬត្រូវបានណែនាំពីអ្នកជំនាញ ទើបមិនបង្កផលវិបាកដល់ទារក។
សម្រស់ពិតជាមានសារៈសំខាន់ណាស់ចំពោះស្ត្រីគ្រប់រូប ទោះបីជាអ្នកក្លាយជាម្តាយគេក៏ដោយ។ ដូច្នេះសូមសាកល្បងវិធីសាស្ត្រខាងលើនេះ អ្នកនឹងអាចរក្សាសម្រស់បានស្អាតគ្រប់កាលៈទេសៈ ទោះត្រូវមើលកូនយប់ថ្ងៃក៏ដោយ៕