នៅពេលចាប់កំណើតហើយភ្លាម អាហារដំបូងដែលទារកត្រូវការគឺទឹកដោះម្តាយ ព្រោះវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាងវាក់សាំង ហើយក៏ជាអាហារូបត្ថម្ភដ៏ល្អបំផុតផងដែរ។ ការផ្តល់ទឹកដោះម្តាយដល់ទារកកាន់តែយូរខែកាន់តែល្អ ប៉ុន្តែអ្នកម្តាយខ្លះយល់ថា ទឹកដោះរបស់ពួកគេមិនគ្រប់គ្រាន់សម្រាប់កូនខ្លួនឡើយ។ ដូច្នេះតើត្រូវធ្វើដូចម្តេចទៅទើបអាចបង្កើនទឹកដោះបានច្រើនសម្រាប់ទារកបៅ?
រឿងដំបូងដែលអ្នកគួរតែដឹង គឺ តើទឹកដោះត្រូវបង្កើតឡើងយ៉ាងដូចម្តេច? ដំណើរការផលិតទឹកដោះ ចាប់ផ្តើមពីការបឺតជញ្ជក់របស់ទារក នឹងរំញោចដល់ចុងសរសៃប្រសាទនៅលើក្បាលសុដន់ ហើយបញ្ចូនសញ្ញាមួយទៅក្រពេញ hypothalamus នៅក្នុងខួរកក្បាល បន្ទាប់មកវាក៏បញ្ចូនសញ្ញាបន្តទៅកាន់ក្រពេញ pituitary ដើម្បីផលិតអ័រម៉ូនពីរប្រភេទ គឺ prolactin ដែលជាអ្នកទទួលខុសត្រូវក្នុងការជម្រុញដល់ការផលិតទឹកដោះ និង oxidocin ដែលទទួលខុសត្រូវក្នុងការរំញោចសាច់ដុំជុំវិញក្រពេញ mammary។ ការច្របាច់ទឹកដោះចូលមាត់ទារក ការទាក់ទងរាងកាយដោយភាពកក់ក្តៅជាមួយនឹងការឱប ក៏អាចជួយជំរុញដល់ការបង្កើតអ័រម៉ូន oxytocin ដែរ។ ប៉ុន្តែក្រោយពីដឹងយន្តការមូលដ្ឋានក្នុងការផលិតទឹកដោះហើយ អ្នកគួរតែស្វែងយល់ពីបច្ចេកទេសសម្រាប់បង្កើនទឹកដោះវិញម្តង។
១.បង្រៀនកូនឲ្យចេះបៅទឹកដោះភ្លាមៗក្រោយពេលកើតមិនលើសពី ៣០នាទី
រឿងដំបូងដែលអ្នកត្រូវធ្វើមុនគេ គឺព្យាយាមបំបៅដោះកូន ព្រោះវានឹងជួយជរុញឲ្យក្រពេញ mammary ឆាប់បញ្ចេញទឹកដោះ និងហូរបានច្រើនជាងទារកដែលចាប់ផ្តើមបៅយឺតពេល។
២.បង្រៀនកូនឲ្យចេះជញ្ជក់រៀងរាល់ ២ម៉ោងម្តង
ឲ្យកូនរបស់អ្នកបៅដោះឲ្យបានញឹកញាប់ ជាពិសេសក្នុងរយៈពេលពីរបីថ្ងៃដំបូង គឺ១ទៅ២ម៉ោងត្រូវបំបៅម្តង ដើម្បីធ្វើឲ្យរាងកាយអ្នកម្តាយរំញោចការផលិតទឹកដោះគ្រប់ពេល។ ត្រូវចាំថា កូនរបស់អ្នកគួរតែបៅដោះយ៉ាងតិច ៨ដងក្នុងមួយថ្ងៃ ប៉ុន្តែបើអ្នកធ្វើមិនបានទេ ត្រូវបូមទឹកដោះចេញ ដើម្បីឲ្យសុដន់ស្អាត និងផលិតទឹកដោះថ្មី។
៣.បង្រៀនកូនឲ្យចេះមឹមឲ្យបានត្រឹមត្រូវ
ការបំបៅកូនដោយទឹកដោះ មិនមែនចេះតែដាក់ក្បាលសុដន់ចូលមាត់កូនជាការស្រេចនោះទេ អ្នកត្រូវមានជំហរត្រឹមត្រូវ។ មាត់ទារកត្រូវបើកឲ្យធំ ទើបដាក់ក្បាលសុដន់ចូលឲ្យជ្រៅ ហើយអណ្តោតទារកត្រូវនៅពីក្រោមក្បាលសុដន់ ទើបចង្វាក់នៃការជញ្ជក់បានល្អ។
៤.ម៉ាស្សាសុដន់មុនពេលបំបៅដោះកូន
សូមប្រើកន្សែងស្អាត ជ្រលក់ក្នុងទឹកក្តៅ ហើយយកមកបង្ហាប់លើសុដន់រយៈពេល ៣ទៅ៥នាទី និងម៉ាស្សាសុដន់ថ្នមៗមុនពេលបំបៅម្តងៗ។
៥.ទទួលទានអាហារក្នុងមួយពេល ត្រូវមានបន្លែផ្លែឈើ ៥មុខ
ក្នុងមួយពេល អ្នកត្រូវបរិភោគអាហារដែលមានបន្លែផ្លែឈើចំនួន៥មុខ ដើម្បីទទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅផលិតទឹកដោះ។
៦.ញ៉ាំទឹកឲ្យបានច្រើន
ការញ៉ាំទឹកក៏ជាភាពចាំបាច់មួយដែរ ប៉ុន្តែអ្នកម្តាយត្រូវញ៉ាំទឹកក្តៅឧណ្ឌៗ ដើម្បីជំរុញដល់ការផលិតទឹកដោះឲ្យកាន់តែច្រើន។
៧.ព្យាយាមពិនិត្យមើលសុដន់ខ្លួនឯង
ក្រោយពេលបំបៅដោះកូនរួច អ្នកត្រូវពិនិត្តយមើល ថាតើសុដន់ត្រូវបានកូនបឺតជញ្ជក់ទឹកដោះអស់ទាំងស្រុង ឬក៏អត់? ព្រោះវាមានផលប៉ះពាល់ជាបន្តបន្ទាប់ដល់ការផលិតទឹកដោះថ្មី។ វិធីកត់សម្គាល់ការបឺតទឹកដោះអស់ពីសុដន់ គឺសុដន់ប្រែក្លាយជាទន់ ហើយលែងឈឺចាប់ ឬបាត់ភាពរឹង។
ទាំងនេះត្រូវបានគេចាត់ទុកជាបច្ចេកទេសសាមញ្ញៗ ដែលអ្នកម្តាយគ្រប់រូបគួរអនុវត្តតាម ដើម្បីបង្កើនការផលិតទឹកដោះគ្រប់គ្រាន់តាមតម្រូវការរបស់កូន៕