វិធី​មើលថែទាំ​ទារក​ទើបនឹង​កើត ដំបូន្មានល្អៗដែល​អ្នក​ម្តាយ​គួរ​ដឹង!

0
2

បន្ទាប់ពី​កន្លងផុត​នាទី​នៃ​ក្តីរំភើប​សោមនស្ស ព្រោះ​មាន​សមាជិក​ថ្មី​ដ៏​តូច​ច្រឡឹង​មួយរូប​ថែម​នៅក្នុង​គ្រួសារ​ហើយ​នោះ ជឿថា លោកឪពុកអ្នក​ម្តាយ​ថ្មីថ្មោង​ជាច្រើន​នាក់​ច្បាស់​ជា​ជួប​នូវ​បញ្ហា​ជាច្រើន​រឿង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​មិន​ខាន ជាពិសេស​រឿង​ការចិញ្ចឹម​ថែទាំ​កូនតូច ដែលឡា​រ៉ែ​ន ជឿថា​លោកឪពុក​អ្នក​ម្តាយ​ប្រហែល​ជាមាន​កង្វល់​ក្នុង​ចិត្ត​មិនតិច​ក៏​ច្រើន ដែរ ព្រោះ​មិនដឹងថា ត្រូវ​ចាប់ផ្តើម​ចិញ្ចឹម​ថែទាំ​កូន​សម្លាញ់យ៉ាងម៉េច​ខ្លះ? ដូច្នេះ យើងសូម​នាំយក​វិធី​មើលថែទាំ​កូនតូច​ទើបនឹង​កើត​យ៉ាង​ត្រឹមត្រូវ​មក​ជម្រាបជូន ដើម្បី​ជា​ប្រយោជន៍​សម្រាប់​លោកឪពុក​អ្នក​ម្តាយ​ថ្មីថ្មោង​គ្រប់គ្នា​ដូច​ខាង​ក្រោម៖

ងូតទឹក​ឲ្យ​កូនតូច
អ្នក​គួរ​ងូតទឹក​ឲ្យ​កូនតូច​ក្នុង​មួយថ្ងៃ2ដង ព្រឹក-ល្ងាច (ព្រឹក​អាចនៅពេល​ថ្ងៃ​បន្តិច និង​ល្ងាច​មុនពេល​ព្រលប់) ដោយ​ត្រៀម​ឧបករណ៍សម្រាប់​ងូតទឹក​ដូចជា សាប៊ូ​ដុស​ខ្លួន សាប៊ូកក់សក់ អេ​ប៉ុង​ដុស​ខ្លួនកន្សែង​ជូត​ខ្លួន និង​ចានដែក​ងូតទឹក​ដែលមាន​បន្ទះ​សំណាញ់​ការពាររអិល។ ត្រៀម​ទឹក​នៅក្នុង​ចានដែក​ឲ្យ​មាន​សីតុណ្ហភាព​សមល្មមមិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក បន្ទាប់មក​ទើប​ក្បង់ទឹក​មក​លាប​លើ​ខ្លួនកូនថ្នមៗ ដើម្បី​ឲ្យ​កូន​បាន​សម្រួល​ខ្លួន​ជាមុនសិន រួចហើយ​ទើប​កក់សក់​កូនតូច​មុនគេ​បង្អស់។  សម្រាប់​ការ​ងូតទឹក​សម្អាតខ្លួន​ឲ្យ​កូនតូចនេះ ចូរ​សង្កត់ធ្ងន់​លើ​ការសម្អាត​តាម​ចំណុច​គន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ (គន្លាក់​ក្រោម​ជង្គង់) ក្លៀក និង​រន្ធ​គូទ​ជាដើម។ ចំពោះ​ការ​ងូតទឹក​ឲ្យ​កូនតូច​នេះ បើ​អ្នក​ម្តាយ​ថ្មីថ្មោង​ណា​មិនសូវ​ជឿជាក់​លើ​ខ្លួនឯង​ទេនោះ អាច​ប្រើ​វិធី​ងូតទឹក ដោយ​ការដាក់​កូនឲ្យ​គេង​នៅលើ​ក្រណាត់​កៅស៊ូ ហើយ​យក​អេ​ប៉ុងសើមៗមក​ជូត​សម្អាតខ្លួន​កូនតូច​ក៏បាន​ដែរ។

ជូត​សម្អាត​យ៉ាងថ្នមៗ និង​ទន់ភ្លន់
គឺជា​រឿង​ដែល​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់ និង​មើលថែ​យ៉ាងហ្មត់ចត់ ជាពិសេស​ការលាង និង​ជូត​សម្អាត​ម្តុំ​ផ្ចិត និង​អវយវ:ភេទដែល​ច្រើន​កើតមាន​ភាព​សើម​ផ្អាប់ ដូច្នេះ​គួរ​ធ្វើការ​ជូត​សម្អាត ដោយអាល់កុល70% រៀងរាល់​លើក ក្រោយពេល​ងូតទឹក​រួច រហូត​ទាល់តែ​គល់​ផ្ចិត​ជ្រុះ និង​ផ្ចិត​ឡើង​ស្ងួត។ ហាម​ប្រើ​ម្សៅ​រោយ​ពីលើ​ផ្ចិត​ទារកជាដាច់ខាត  ព្រោះ​អាចធ្វើ​ឲ្យ​ឆ្លង​មេរោគ​បាន។ ចំណែក​អវយវ:ភេទនិង​គូទ​ក៏​មិនគួរ​មើលរំលង​ដែរ នៅពេល​កូនតូច​បន្ទោបង់​រួចហើយត្រូវ​ប្រញាប់​ជូត​សម្អាត​ភ្លាម ដោយ​ប្រើ​សំឡី​ជ្រលក់​ទឹក​ជូត​ស្នាមបស្សាវ: (ទឹកនោម) និង​ឧច្ចារ: (លាមក) ដែល​ប្រឡាក់​លើ​ខ្លួនកូន​ចេញ​យ៉ាង​ថ្នមដៃ ដោយ​ជូត​ពី​ខាងមុខ​ដេញ​ទៅខាង​ក្រោយ ហើយយក​កន្សែងពោះគោ​ជូត​ផ្តិត​ឲ្យ​ស្ងួត​ល្អ បន្ទាប់ពីនោះ​ទើប​ស្លៀក​ក្រណាត់កន្ទប ឬ​ខោ​ទឹកនោម​ឲ្យ​កូន​ជាការ​ស្រេច។

ខោអាវ​របស់​កូនតូច
គួរ​ជា​ឈុត​ដែល​ធ្វើ​ពី​ក្រណាត់​កូ​តុង​កប្បាស សាច់​ទន់​ដែល​ខ្យល់អាច​ចេញចូល​បាន មិន​ហប់​អាចជា​អាវដៃវែង ឬ​ដៃខ្លី​បែប​មាន​ខ្សែចង​ខាងមុខ ឬ​ខាងក្រោយ​ជាដើម។ ចំណែក​ខោ​វិញ​គួរប្រើ​បែប​មានខ្សែយឺតធូរៗ ឬ​ចងខ្សែ ដើម្បី​ងាយស្រួល​ក្នុងការ​ស្លៀក និង​ដោះចេញ។ បើ​ក្នុង​រដូវរងា ចូរ​ជ្រើស​យក​ឈុត​សម្លៀកបំពាក់​ណា​ដែល​រាងក្រាស់​បន្តិច ដើម្បី​ជួយ​គ្រប់គ្រង​សីតុណ្ហភាព​របស់​រាងកាយ​កូនតូច។

ហាត់​សង្កេត​សំឡេង​យំ និង​អាការ​របស់​កូនតូច
ការបញ្ចេញ​សំឡេងផ្សេងៗ ទាំង​ការស្រែក​បែប​ប្រឹង ស្រែកថ្ងូរនៅក្នុង​បំពង់ក ការ​ញញឹម រួមទាំង​ការ​យំ​ផង សុទ្ធតែជា​វិធី​ដែល​ទារកប្រើ​សម្រាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ម្តាយ​ទាំងអស់ ដើម្បី​ឲ្យ​អ្នក​ម្តាយដឹងថា​នៅក្នុង​ខណ:ពេល​ហ្នឹង​កូន​ចង់បាន​អ្វី  អាច​កំពុង​ឃ្លាន​ទឹកដោះ​ និង​មិន​សប្បាយចិត្ត ដោយសារ​ឈឺ​ថ្កាត់​ជាដើម។ ដូច្នេះ​លោកឪពុកអ្នក​ម្តាយ​គួរតែ​ចាំ​សង្កេតមើល​កូនតូច​ជាប់​ជាប្រចាំ ថា​អាការ​ទាំងអស់នេះ តើ​កូន​ចង់​ប្រាប់​ពីអ្វី​ឲ្យ​អ្នកដឹង។

ទឹកដោះ​ម្តាយ​សំខាន់បំផុត
ដូច​បានដឹង​ច្បាស់​គ្រប់គ្នា​ហើយ​ថា​ទឹកដោះ​ម្តាយ គឺជា​ប្រភព​នៃសារជាតិ​អាហារចម្បងៗរបស់​ទារក​ពេញ​រយ:ពេល1ឆ្នាំ​ដំបូង ព្រោះសារជាតិ​អាហារ​ដែលមាន​នៅក្នុង​ទឹកដោះ​គឺជា​វត្ថុ​ចាំបាច់ ជា​ភោ​ជ​នាហារ​ដែល​ល្អ​ចំពោះ​សុខភាព​របស់​ទារក ហុច​ផល​ដល់​ការ​ធំធាត់ និងការវិវឌ្ឍ​ន៍​របស់​កូនតូច​ខ្លាំងណាស់ ជាពិសេស​ទារក​ដែល​អាយុ​បាន6សប្តាហ៍ នឹង​ចាប់ផ្តើម​រីកចម្រើន​ធំធាត់​យ៉ាង​ឆាប់រហ័ស ដែល​អាចធ្វើ​ឲ្យ​កូនតូច​ឆាប់​ឃ្លាន​ញឹកញាប់​ជាង​មុន ដូច្នេះ​អ្នក​ម្តាយ​គួរ​ឲ្យ​កូន សម្លាញ់​បាន​មឹ​ម​ដោះ​ឲ្យ​បាន​ច្រើនជាង​មុន​ផងដែរ។

ភ្ជាប់​សម្ព័ន្ធ​នៃ​ក្តី​ស្រឡាញ់​ឲ្យ​ជិតស្និទ្ធ
ព្រោះតែ​ការធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​កក់ក្តៅ និង​បានទទួល​នូវ​ក្តីស្រឡាញ់ គឺជា​ការជួយ​ភ្ជាប់​សម្ព័ន្ធភាព​រវាង​ម្តាយ និង​កូន​ឲ្យ​កាន់តែ កើន​ច្រើនឡើង មិនថាតែ​ការ​កម្រើក​ដៃជើង​របស់​កូនថ្នមៗ ធ្វើ​ម៉ាស្សាឲ្យ​កូនស្រាលៗ រួមទាំង​ការ​បី​ឱប​កូន​ពេល​បំបៅ​ដោះ ឬ​ពេល​បី​បំពេរកូន គឺ​សុទ្ធតែជា​ការភ្ជាប់​សម្ព័ន្ធ​ភាព​ឲ្យ​កូន​ញញឹម និង​មាន​សេចក្តីសុខទាំងអស់។

ទោះ​នៅក្នុង​រយ:ពេលដំបូងៗ លោកឪពុក​អ្នក​ម្តាយ​អាច​នឹងត្រូវសម្របសម្រួល​ខ្លួន រៀន​យល់ដឹង និង​ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការមើលថែទាំ​កូនតូច​ខ្លាំង រហូតដល់​នឿយហត់ ធុញថប់ និង​គ្មាន​ពេលវេលាសម្រាក​គ្រប់គ្រាន់​ក៏ដោយ តែ​ការប្រែប្រួល​របស់​កូន​ដែល​រីក​ចម្រើន​ធំ​ធាត់​ជា​បណ្តើរៗ​រៀង​រាល់​ថ្ងៃ ​រួម​ទាំង​ស្នាមញញឹម​ដែល​បង្ហាញឡើងនៅលើ​ផ្ទៃមុខ​របស់​កូន​សម្លាញ់ សូម​ជឿ​ចុះ​ថា វា​នឹង​ជួយ​លុបបំបាត់ភាព​នឿយហត់​ទាំងឡាយ ហើយ​បន្ថែម​មកវិញ​នូវ​សេចក្តីសុខ​ដល់​ក្រុមគ្រួសារ​របស់លោក​អ្នក​ជាក់​ជាមិនខាន​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here