Skip to content

ទារកមិនព្រមមឹម មឹមយូរៗ ឬឃ្លានញឹកញាប់ ប្រយ័ត្នកូនជាប់អណ្តោត!

នៅពេលដែលទារកកើតមកភ្លាម អ្នកម្តាយត្រូវតែចេះសង្កេតមើលឥរិយាបទកូនរបស់ខ្លួន ប្រសិនបើពួកគេមានបញ្ហាមិនប្រក្រតីដូចជា បដិសេធមិនព្រមមឹម គិតតែស្រែកយំ ពេលមឹមម្តងៗត្រូវការពេលយូរក្នុងការបឺតជញ្ជក់ ឃ្លានញឹកញាប់ ត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាជាប់អណ្តោត។

១.តើការជាប់អណ្តោតគឺជាអ្វី?

បញ្ហាជាប់អណ្តោត គឺជាការវិវត្តនៃភ្នាសស្តើងសៗដែលភ្ជាប់រវាងអណ្តោត និងផ្នែកខាងក្រោមនៃមាត់។ បញ្ហាមួយនេះអាចចជះឥទ្ធិពលដោយផ្ទាល់ទៅលើការជញ្ជក់ទឹកដោះរបស់ទារកម្នាក់ៗ ប៉ុន្តែវាអាស្រ័យទៅលើប្រវែង ឬកម្រាសនៃភ្នាសផងដែរ។

២.សង្កេតមើលឥរិយាបទរបស់ទារក

ប្រសិនបើអំឡុងពេលមឹម ក្បាលមឹមរបស់អ្នកម្តាយមិនអាចដាក់ចូលជ្រៅក្នុងមាត់របស់ទារក ឬឧស្សាហ៍ធ្លាក់ចេញពីមាត់របស់ទារក មានន័យថាកូនរបស់អ្នកអាចជាប់អណ្តោតហើយ។ ការជាប់ភ្នាសក្រោមអណ្តោតនេះ ធ្វើឲ្យកូនរបស់អ្នកមិនអាចបឺតជញ្ជក់ទឹកដោះបានពេញលេញឡើយ ហេតុនេះកូនរបស់អ្នកច្បាស់ជាមិនឡើងទម្ងន់ឡើយ។

៣.បញ្ហាជាប់អណ្តោត ជាឧបសគ្គចំពោះការបឺតជញ្ជក់របស់កុមារ

បញ្ហាជាប់អណ្តោត អាចប៉ះពាល់ដល់ចលនារបស់អណ្តោត ធ្វើឲ្យការជញ្ជក់ទឹកដោះមិនបានល្អដូចក្មេងដទៃឡើយ។ ទោះបីជាការបំបៅកូនដោយទឹកដោះយូរ និងញឹកញាប់ក៏ដោយ ទារកមិនអាចទទួលបានបរិមាណទឹកដោះមិនគ្រប់គ្រាន់ឡើយ។

៤.បញ្ហាជាប់អណ្តោត

បញ្ហាជាប់អណ្តោត អាចប៉ះពាល់ដល់ចលនារបស់អណ្តោត ដែលអាចធ្វើឲ្យទារកមិនអាចស្រូបយកទឹកដោះម្តាយបានគ្រប់គ្រាន់ និងប៉ះពាល់ដល់ការនិយាយស្តី។ ជាពិសេសចុងអណ្តោតដែលអាចជួយបញ្ចេញសំលេងជាប់ បណ្តោលឲ្យកុមារនិយាយយឺតៗ និយាយមិនច្បាស់ និងអាចមានបញ្ហាផ្សេងទៀតនៅពេលក្រោយ។

៥.ដំណោះស្រាយ

ទារកដែលមានបញ្ហាជាប់អណ្តោត មានតែវិធីវះកាត់ប៉ុណ្ណោះ ដែលមានប្រសិទ្ធភាពអាចជួយឲ្យទារកឆាប់ជាសះស្បើយបាន។

បញ្ហាជាប់អណ្តោត គឺជាអ្វីដែលឪពុកម្តាយគួរតែស្វែងយល់ច្បាស់ ហើយប្រសិនបើអ្នកអាចរកឃើញថា កូនមានបញ្ហាបែបនេះមែន គឺអាចដោះស្រាយបានទាន់ពេលវេលា៕