៣ចំណុចសំខាន់ៗ អាចជួយលើកកម្ពស់ការអភិវឌ្ឍបញ្ញារបស់កុមារកាន់តែខ្លាំង

0
1

ជាការពិតណាស់ ហ្សែន ត្រូវបានគេចាត់ទុកជាកត្តាចម្បងដែលអាចជួយឲ្យកូនកើតមកមានភាពឆ្លាតវៃតាំងពីកំណើត។ ប៉ុន្តែមិនមែនមានតែកត្តាមួយនេះទេ​ នៅមានកត្តារួមផ្សំមួយចំនួនទៀតក៏អាចជួយលើកកម្ពស់ឲ្យកូនរបស់អ្នកមានភាពឆ្លាតវៃបានដែរ។ ខាងក្រោមនេះ គឺជាគន្លឹះសំខាន់ដែលអាចជួយជំរុញឲ្យខួរក្បាលកុមារមានការអភិវឌ្ឍបានល្អ ហើយរាងកាយក៏មានការលូតលាស់បានល្អដែរ។

១.រឿងដែលអ្នកត្រូវគិតមុនគេ គឺការញ៉ាំ

សារធាតុចិញ្ចឹម មិនត្រឹមតែអាចជួយជំរុញឲ្យរាងកាយមានការលូតលាស់បានល្អប៉ុណ្ណោះទេ សូម្បីតែបញ្ញាក៏អភិវឌ្ឍល្អដែរ។ កុមារគួរតែទទួលបានសារធាតុចិញ្ចឹមក្នុងបរិមាណគ្រប់គ្រាន់ ជាពិសេសអាស៊ីតខ្លាញ់អូមេហ្គា៣ ឬ DHA ដែលមាននៅក្នុងត្រីទឹកសាប ត្រីសាមុទ្រ ស្លឹកបន្លែបៃតង។ ជាតិដែកក៏មានសារៈសំខាន់ដែរ ក្នុងការបង្កើតអាស៊ីតខ្លាញ់ និងសារធាតុគីមីសម្រាប់ខួរក្បាល។ សារធាតុចិញ្ចឹមទាំងនេះ នឹងជួយជំរុញដល់ការអភិវឌ្ឍរាងកាយ និងខួរក្បាល ជាពិសេសកុមារក្នុងវ័យសិក្សា។

២.ជំរុញឲ្យកូនធ្វើលំហាត់ប្រាណជាទៀងទាត់

អ្នកត្រូវរកកន្លែងដែលមានសុវត្ថិភាពសម្រាប់កុមារក្នុងការរៀនដើរ រត់ និងលេង ពីព្រោះការធ្វើចលនារបស់រាងកាយអាចបង្កើនកម្លាំងសាច់ដុំ ប្រព័ន្ធឈាមរត់មានសុខភាពល្អ សួតមានការផ្លាស់ប្តូរអូកស៊ីសែនបានល្អ។ មិនតែប៉ុណ្ណោះ ការធ្វើលំហាត់ប្រាណអាចជួយឲ្យកុមារមានភាពរីករាយ គេងលក់ស្រួល និងអាចបញ្ចេញអ័រម៉ូនលូតលាស់ ដែលល្អសម្រាប់ការអភិវឌ្ឍរាងកាយ ព្រមទាំងបញ្ញាផងដែរ។

៣.បើកឱកាសឲ្យកូន

ត្រូវដឹងថា ក្មេងៗមានការចង់ដឹង ចង់ប៉ះ ចង់ពិសោធន៍ ដូច្នេះប្រសិនបើអ្នកអនុញ្ញាតឲ្យខួរក្បាលកុមាររៀនគិត វាពិតជាល្អសម្រាប់ការអភិវឌ្ឍខួរក្បាល។ ផ្ទុយទៅវិញប្រសិនបើអ្នកហាមប្រាមគ្រប់រឿងដែលកូនចង់ធ្វើ វាគឺជាការបិទឱកាស មិនអាចលើកកម្ពស់ដល់ការអភិវឌ្ឍខួរក្បាលរបស់កូនបានល្អនោះទេ។ ការអនុញ្ញាតឲ្យកូនធ្វើរឿងអ្វីដែលពួកគេចង់ធ្វើ វាប្រៀបដូចជាការរៀន និងលើកទឹកចិត្តដល់ការប្រើប្រាស់ខួរក្បាលពេលលេញ ហើយកូនរបស់អ្នកក៏មានការអភិវឌ្ឍទៅតាមការពិសោធន៍នោះដែរ។

ដើម្បីឲ្យកូនមានការអភិវឌ្ឍបានល្អ ឪពុកម្តាយគួរតែលើកទឹកចិត្ត និងចូលរួមគ្រប់សកម្មភាពទាំងអស់ដែលកូនចូលចិត្តធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here