ជាធម្មតានៅពេលដែលទារកកើតមកភ្លាម ក្រុមគ្រូពេទ្យបានផ្តល់អនុសាសន៍ឲ្យបៅដោះម្តាយតែមួយមុខគត់ ព្រោះទឹកដោះម្តាយមានសារផ្ទុកសារធាតុចម្រុះគ្រប់បែបយ៉ាង ដែលទារកត្រូវការ។ ក៏ប៉ុន្តែដោយសារតែភាពមមាញឹកជាមួយនឹងកិច្ចប្រចាំថ្ងៃ ឬស្ត្រីមួយចំនួនគ្មានទឹកដោះឲ្យកូនបៅ ទើបតម្រូវឲ្យពួកគេបង្ខំចិត្តឲ្យទារកបៅទឹកដោះគោជំនួស។ ដូច្នេះទន្ទឹមនឹងការបៅទឹកដោះគោ ឪពុកម្តាយគ្រប់រូបគួរតែស្វែងយល់ពីការប្រើប្រាស់ទឹកមួយចំនួន ដើម្បីជៀសវាងបញ្ហាដែលមើលមិនឃើញ។
១.ទឹកឆ្អិនដែលដាំទុកចោល
បើតាមអ្នកជំនាញបានបង្ហាញថា ទឹកក្តៅដាំពុះមិនគួរទុកឲ្យត្រជាក់លើពី ១២ម៉ោងនោះឡើយ ព្រោះបាក់តេរីផ្សេងៗនឹងកកើតឡើងវិញ ជាពិសេសទឹកដែលទុកចោលគ្មានអនាម័យត្រឹមត្រូវ។ ទឹកមួយប្រភេទនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាពទារកប៉ុណ្ណោះទេ សូម្បីតែមនុស្សពេញវ័យទទួលទានក៏បណ្តោលឲ្យមានបញ្ហាសុខភាពផងដែរ។
២.ទឹកដាំច្រើនដង
អាណាព្យាបាលមួយចំនួនតែងមានទម្លាប់ ដាក់ដាំទឹកនៅក្នុងកំសៀវម្តងហើយម្តងទៀតនៅពេលវាត្រជាក់ ដោយសារភាពខ្ជិលច្រអូស ណាមួយអ្នកទាំងនោះគិតថា ការធ្វើបែបនេះ ពិតជាមានសុវត្ថិភាពចំពោះទារក។ ក៏ប៉ុន្តែ អ្វីៗវាផ្ទុយស្រឡះ ការប្រើទឹកដែលដាំពុះម្តងហើយម្តងទៀត អាចបណ្តោលឲ្យកូនរបស់អ្នកត្រូវប្រឈមនឹងបញ្ហាសុខភាពគ្រប់ពេល ហេតុនេះអ្នកគួរតែមានការប្រុងប្រយ័ត្ន។
ក្រៅពីទឹកទាំងពីរប្រភេទនេះ សូម្បីតែទឹកចម្រោះ ឬទឹកសុទ្ធ ដែលមិនបានឆ្លងកាត់ការសម្លាប់មេរោគ និងបន្សុទ្ធតាមបច្ចេកវិទ្យាត្រឹមត្រូវទេ ក៏មិនគួរតែប្រើសម្រាប់ឆុងទឹកដោះគោឲ្យកូនដែរ៕