បញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលស្ត្រីកំពុងតែបំបៅដោះកូនគួរតែដឹង គឺសុដន់មានទំហំមិនស្មើគ្នាក្រោយពេលផ្តាច់ដោះកូន។ នេះបណ្តោលមកពីអ្នកម្តាយមិនបានឆ្លាស់ដោះនៅពេលដែលឲ្យកូនបៅ មានន័យថាការបំបៅដោះកូនតែម្ខាងៗរហូតទាល់តែឆ្អែត។
មួយវិញទៀត ទារកចូលចិត្តបៅសុដន់មួយណា ដែលមានហូរទឹកដោះហូរចេញមកច្រើន ធ្វើឲ្យពួកគេមិនពិបាកក្នុងការជញ្ជក់។ ដូច្នេះអ្នកម្តាយត្រូវតែមានវិធីដោះស្រាយ កុំឲ្យសុដន់ធំម្ខាងតូចម្ខាង។
១.ចាប់ផ្តើមបំបៅដោះដែលមានទំហំតូចមុនគេ ដោយសារតែការបឺតជញ្ជក់ដំបូងរបស់ទារក ធ្វើឲ្យដំណើរការផលិតទឹកដោះបានច្រើន ហើយលំហូរក៏ចេញច្រើនដែរ។ ដូច្នេះសុដន់ដែលមានទំហំតូច មានលំហូរទឹកដោះតិច គួរតែចាប់ផ្តើមមុន។
២.សុដន់ធំ ដែលមានលំហូរទឹកដោះខ្លាំងគួរតែច្របាច់ចេញមុនពេលឲ្យកូនបៅ។ ព្រោះនៅពេលលំហូរទឹកដោះចេញច្រើនហួសប្រមាណ អាចនាំឲ្យទារកឈ្លក់បាន។ ដំណោះស្រាយត្រូវបូមទឹកដោះចេញខ្លះ ដើម្បីកាត់បន្ថយលំហូរ ហើយបន្ទាប់មកទើបឲ្យកូនបៅតាមក្រោយ។
៣.បង្កើនការផលិតទឹកដោះចំពោះសុដន់ដែលតូច ដោយច្របាច់ទឹកដោះម្ខាងនោះរៀងរាល់ ៥ទៅ ១០នាទីម្តង។
ទោះជាយ៉ាងណាអ្នកម្តាយគ្រប់រូប សូមកុំមានភាពតានតឹងជាមួយនឹងបញ្ហាទំហំសុដន់មិនស្មើគ្នាឲ្យសោះ ប្រសិនបើអ្នកអនុវត្តដូចវិធីខាងលើសុដន់នឹងវិលមករកទំហំធម្មតាវិញក្រោយពេលបញ្ចប់ការបំបៅដោះកូន៕