ផល​ប៉ះ​ពាល់​នៃការ​ឈ្លក់​ទឹកដោះ​របស់ទារក និងវិធី​ការពារ​​!

0
1

ការ​បំបៅ​ដោះ​គឺជា​មធ្យោបាយ​ផ្តល់​អាហារ​តែមួយគត់​ចំពោះ​ទារក។ ទារក​ទើបនឹង​កើត​អាច​ប្រឈម​នឹង​ការ​ឈ្លក់​ប្រសិនបើ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ។

១) អ្វី​ទៅជា​ការ​ឈ្លក់​ទឹកដោះ?

ជាការ​លេប​ចូល​ទឹកដោះ​ដោយ​ចៃដន្យ​ទៅក្នុង​សួត។ ការ​ឈ្លក់​នេះ​ទៀតសោត​អាច​បង្កអោយមាន​ផលប៉ះពាល់​ដល់​សុខភាព​ទារក​យ៉ាងខ្លាំង។

២) កត្តា​អ្វីខ្លះ​ដែល​ធ្វើអោយ​ទារក​ឈ្លក់?

ទារក​ដែល​ប្រឈម​នឹង​ការ​ឈ្លក់​អាចជា៖

– ទារក​ដែល​កើត​មិន​គ្រប់​ខែ រឺ​ទំងន់​មិន​គ្រប់

– ទារក​ដែលមាន​បញ្ហា​បេះដូង

– ទារក​ដែលមាន​ភាពមិនប្រក្រតី​ពី​កំណើត​ដូចជា​ឆែបមាត់ ឬ​ក្រអូមមាត់

– ទារក​ដែល​ក្អែរ​ញឹកញាប់

– ក្រៅពីនេះ​ក៏មាន​ការរៀបចំ​ស្ថានភាព​ទារក​អោយ​បៅ ឬ​ការ​បំបៅ​មិនបាន​ត្រឹមត្រូវ

Image may contain: one or more people

៣) តើ​មាន​ផលវិបាក​អ្វីខ្លះ ប្រសិនបើ​ទារក​ឈ្លក់​ទឹកដោះ?

– អាច​បង្កអោយមាន​រលា​ក​ផ្លូវដង្ហើម ឬ​រលាក​សាច់​សួត​ពី​ស្រាល​ដល់​ធ្ងន់ធ្ងរ រហូតដល់​បាត់បង់​ជីវិត​ក៏មាន

– ទារក​អាចមាន​បញ្ហា​កង្វះ​ជាតិ​ទឹក ឬ​អាហារូបត្ថម្ភ

– ទារក​អាច​នឹង​មិនសូវ​ឡើង​ទំងន់

៤) តើ​មាន​សញ្ញា​អ្វីខ្លះ ដែល​បញ្ជាក់ថា​ទារក​មាន​ឈ្លក់​ទឹកដោះ?

ជាទូទៅ​រោគសញ្ញា​ស្តែងចេញ ទៅតាម​ភាព​ញឹកញាប់​នៃ​ការ​ឈ្លក់ និង​បរិមាណ​ឬ​ប្រភេទ​ទឹកដោះ​ដែល​បាន​ឈ្លក់។

រោគសញ្ញា​អាចមាន៖

– លែង​ចង់​បៅ ឬ​ងាក​ចេញ

– ប្តូរ​ពណ៌​សំបុរ​ពី​ក្រហម ទៅជា​ស្វាយ ឬ​ខ្មៅ

– ពិបាក​ដកដង្ហើម ដង្ហក់ ឬ​ឈប់​ដកដង្ហើម

– ក្អក ពេល​កំពុង​បៅ រឺ​ក្រោយ​បៅ

– ក្រៅពីនេះ​អាចមាន​ជា​រលាក​សួត​រ៉ាំរ៉ៃ ឬ​ញឹកញាប់

៥) តើ​ធ្វើ​ដូចម្តេច​កុំអោយ​ទារក​ឈ្លក់​ទឹកដោះ?

ការ​ឈ្លក់​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ គឺ​ភាគច្រើន​ដោយ​ការ​បំបៅ​ទឹកដោះគោ។

– ត្រូវ​បំបៅ​ទារក​ដោយ​ដាក់​មាត់​ទារក​អោយ​ស៊ប់​នឹង​ក្បាលដោះ។

– រៀបចំ​ស្ថានភាព​ទារក​អោយបាន​ត្រឹមត្រូវ​ដោយ លើក​ទារក​បញ្ឆិត​អោយបាន​ប្រហែល ៣០ដឺ​ក្រេ​ពី​ផ្ទៃរាប រាល់ពេល​បំបៅ។

– ក្រោយពេល​បំបៅ​លើក​ទារក​ផ្អោប​លើ​ខ្លួន និង​ស្មា ដោយ​អង្អែល​ខ្នងតិចៗអោយបាន​យ៉ាងតិច៣០ទៅ៦០នាទី មុននឹង​ដាក់អោយ​ទារក​គេង​លើ​ផ្ទៃរាប​ស្មើ​វិញ។

– ប្រសិនបើ​ទារក​ក្អែរ​ញឹកញាប់ សូម​ព្យាយាម​បំបៅ​ទារកតិចៗ តែ​ញយ​ដង។

សូម​អញ្ជើញ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ប្រសិនបើ​កូន​លោកអ្នក​នៅតែមាន​អាកា​រៈឈ្ល​ក់​ញឹកញាប់។ សូម​ចងចាំ​ថា“ទឹកដោះ​ម្តាយ​គឺជា​ជំរើស​អាហារ​ដ៏​មាន​សុវត្ថិភាព​តែមួយគត់​ចំពោះ​ទារក​ដែល​ទើបនឹង​កើត។

ប្រភព៖Calmette Hospital

LEAVE A REPLY

Please enter your comment!
Please enter your name here