បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។
– វ៉ាក់សាំងគឺអ្វី?
វ៉ាក់សាំង គឺ ជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រឹតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។
– ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?
នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន ” Antibody ” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែ…តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖
– វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយ ក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។
– “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។
– ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។
ចុងក្រោយបំផុតដែល យើងចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាគ្មានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីការចាក់វ៉ាក់សាំងនេះ គឺជាវិធីការមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។
បានដឹងបែបនេះហើយ កុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេលវេលាដែលត្រឹមត្រូវស័ក្តសមផង៕