ការទទួលទានរបបអាហារបានត្រឹមត្រូវ ក្រោយពេលសម្រាលកូនមិនត្រឹមតែមានសារៈសំខាន់ក្នុងការជួយឲ្យរាងកាយឆាប់ជាសះស្បើយនោះទេ វាក៏អាចជួយបង្កើនការផលិតទឹកដោះបានគ្រប់គ្រាន់ និងមានគុណភាពសម្រាប់ទារកផងដែរ។ ដូច្នេះអ្នកម្តាយ ត្រូវចេះជ្រើសរើសអាហារដែលសមស្របនឹងស្ថានភាពរាងកាយ ក្នុងអំឡុងពេលសម្រាលកូនហើយ។
១.អាហារក្តៅៗ
មិនថាភេសជ្ជៈ ឬអាហារផ្សេងៗនោះទេ អ្នកត្រូវចាំបាច់ទទួលទានទាំងក្តៅៗ ដើម្បីរក្សាភាពកក់ក្តៅក្នុងរាងកាយ។ សម្រាប់អាហារត្រជាក់ ជាពិសេសភេសជ្ជៈដែលក្លាសេត្រូវតែជៀសវាងដាច់ខាត។
២.អាហារផ្អែមៗ
ក្រោយពេលសម្រាលកូនហើយ អ្នកម្តាយមានទំនោរចង់ញ៉ាំអាហារផ្អែមៗ ព្រោះរាងកាយកំពុងតែប្រាប់អ្នកថាត្រូវការថាមពលបន្ថែម ដើម្បីបង្កើតកោសិកា និងជាលិកា។ ក្នុងអំឡុងពេលបំបៅដោះកូន អ្នកម្តាយគួរតែព្យាយាមញ៉ាំទឹកដោះគោក្តៅៗ ដើម្បីជំរុញឲ្យរាងកាយផលិតទឹកដោះបានច្រើន។
៣.អាហារងាយរំលាយ
អាហារសម្រាប់អ្នកម្តាយក្រោយពេលសម្រាល គួរតែជាអាហារដែលងាយនឹងរំលាយដូចជា បបរ ដែលរាងកាយអាចរំលាយ និងស្រូបបានយ៉ាងងាយ ដើម្បីឲ្យរាងកាយទទួលសារធាតុចិញ្ចឹមពេញលេញ និងមិនបណ្តោលឲ្យឡើងទម្ងន់នៅក្នុងអំឡុងពេលសម្រាល។ ជាពិសេសពេលចម្អិនអាហារអ្នកអាចប្រើប្រេងធម្មជាតិ និងអាស៊ីតខ្លាញ់ ដើម្បីរំអិលសរីរាង្គ ព្រមទាំងកោសិកានៅក្នុងប្រព័ន្ធរំលាយអាហារ។
៤.អាហារធម្មជាតិ
អ្នកម្តាយត្រូវព្យាយាមទទួលទានអាហារធម្មជាតិជានិច្ច ជាពិសេសបន្លែផ្លែឈើតែម្តង។ ចំពោះអាហារកំប៉ុង និងអាហារកែច្នៃត្រូវតែជៀសវាងឲ្យបាន ព្រោះវាមិនត្រឹមតែគ្មានតម្លៃអាហារូបត្ថម្ភនោះទេ ផ្ទុយទៅវិញវាមានផ្ទុកសារធាតុគីមីបង្កគ្រោះថ្នាក់ថែមទៀត។
៥.កំណត់រសជាតិអាហារ
សូមកំណត់អាហារ កុំឲ្យហឹរពេក និងប្រៃពេក ព្រោះអាហារទាំងនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់ការបង្កើតកោសិកា។ មិនត្រឹមតែប៉ុណ្ណោះ រសជាតិប្រៃ និងហឹរ អាចជ្រាបចូលទៅក្នុងទឹកដោះ ហើយទាំងម្តាយ និងទារកអាចមានជំងឺរាគរូសបាន។ ប្រសិនបើអ្នកចង់ញ៉ាំអាហារដែលមានរសជាតិហឹរ គួរតែប្រើខ្ញី ឬម្រេចជំនួសវិញ។
៦.អាហារស្រស់ៗ
សូមព្យាយាមទទួលទានអាហារស្រស់ៗជានិច្ច ព្រោះវាមានតម្លៃអាហារូបត្ថម្ភច្រើនជាងអាហារក្លាសេ ឬអាហារកែច្នៃ។
សម្រាប់ការចម្អិនអាហារអ្នកម្តាយគួរតែកុំប្រើម៉ៃក្រូវ៉េវ ដោយសារតែវិទ្យុសកម្មរបស់វាអាចរំខានដល់ថាមពលអាហារ និងអាចបំផ្លាញតម្លៃអាហារូបត្ថម្ភ។ លើសពីនេះ អ្នកពុំគួរទទួលទានអាហារដែលរក្សាទុកក្នុងទូរទឹកកកឡើយ អំឡុងពេលរាងកាយកំពុងតែស្ថារឡើងវិញឡើយ៕