លោកអ្នកប្រហែលជាមិនធ្លាប់បានយកចិត្តទុកដាក់ទៅលើអាហារសម្រាប់ទទួលទាននៅពេលកើតមានជំងឺផ្ដាសាយនោះទេ ព្រោះគិតថា តមផឹកទឹកកក ឬទឹកត្រជាក់ ហើយប្រើទឹកក្ដៅជំនួសគឺបានហើយ ប៉ុន្តែវាមិនដូច្នេះនោះទេ។ អាការៈផ្តាសាយច្រើនតែបណ្តាលមកពីវីរ៉ុស ព្រមទាំងជាអាថ៌កំបាំងដើម្បីរក្សាឲ្យប្រព័ន្ធភាពស៊ាំស្ថិតក្នុងសភាពល្អ។
រោគសញ្ញាផ្តាសាយមានដូចជា ក្តៅខ្លួន ឈឺសន្លាក់ និងឈឺក្បាលខ្លាំង ព្រមទាំងតឹងច្រមុះខ្លាំងទៀតផង។ ជាមួយនឹងការឈឺសន្លាក់រយៈពេលខ្លី អ្វីដែលអ្នកត្រូវការគឺសម្រាកលើគ្រែឲ្យបានច្រើនដើម្បីឲ្យឆាប់ ជាសះស្បើយ។ ប្រសិនបើក្តៅខ្លួន ចូរប្រើថ្នាំប៉ារ៉ាសេតាមុល ជារៀងរាល់ ៤ ទៅ ៦ម៉ោងដើម្បីបន្ថយកម្តៅ។ ប្រសិនបើពិបាកដកដង្ហើម និងដកដង្ហើមលឺសូរដូចហួចដែលវាជាសញ្ញានៃការបង្ករោគបន្ថែមមួយទៀត អ្នកប្រហែលជាត្រូវប្រើថ្នាំអង់ទីបីយ៉ូទិចហើយ។
ការដែលធ្វើការហួសកម្លាំង ធ្វើការច្រើនពេក ញ៉ាំអាហារមានជាតិខ្លាញ់ និងស្ករច្រើនពេក វាងាយនឹងឲ្យរាងកាយមានជំងឺផ្តាសាយខ្លាំងណាស់។ ឧទាហរណ៍ ប្រសិនបើអ្នកញ៉ាំបង្អែម និងសូកូឡា ព្រមទាំងទៅស្និទ្ធស្នាលជាមួយអ្នកផ្តាសាយហើយ ឱកាសនៃការឆ្លងជំងឺនោះមានរហូតដល់ពីរដងឯណោះ។
អាហារដែលត្រូវចៀសវាង
– អាហារមានជាតិស្ករកែច្នៃដូចជា នំខេក និងនំបីស្គុត អាហារមានជាតិខ្លាញ់ច្រើន ស្រា និងកាហ្វេ ព្រោះវាសុទ្ធតែបណ្តាលឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ និងងាយឆ្លងជំងឺ។
– ជាទូទៅខណៈពេលដែលអ្នកមានជំងឺផ្តាសាយ ចូរកាត់បន្ថយការញ៉ាំអាហារដែលធ្វើឲ្យផលិតសំបោរដូចជា ហ្វ្រូម៉ាត សូកូឡា និងអាហារធ្វើពីទឹកដោះគោរមានជាតិខ្លាញ់សុទ្ធ។
អាហារដែលគួរទទួលទាន
– ខ្ទឹមស និងខ្ទឹមបារាំងគឺជាអាហារដ៏អស្ចារ្យព្រោះវាមានសមាភាពជាថ្នាំ ប្រឆាំងបាក់តេរី ផង និងសម្លាប់មេរោគផង។
– នៅពេលមានជំងឺផ្តាសាយហើយ ចូរញ៉ាំផ្លែឈើ បន្លែ និងអង្ករសម្រូបឲ្យបានច្រើន ប៉ុន្តែបន្ថយសាច់ត្រី ឬសាច់មាន់វិញ។
– ចូរញ៉ាំទឹកខ្ញី និងទឹកក្រូចឆ្មាឲ្យបានច្រើន។
– បង្កើនការទទួលទានទឹក ដើម្បីបង្គ្រប់ជាតិទឹកក្នុងខ្លួន។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
– វីតាមីន C គឺជាភ្នាក់ងារប្រឆាំងវីរ៉ុសដ៏ពូកែ ហើយការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា វាអាចបន្ថយភាពធ្ងន់ធ្ងរ និងរយៈពេលឈឺបានប្រសិនបើប្រើបានគ្រប់គ្រាន់។ នៅរដូវរងារ ចូរប្រើ ១ក្រាមជារៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍ថាចង់ផ្តាសាយហើយ ចូរប្រើ១ក្រាមឲ្យបានបីដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
– ចូរប្រើវីតាមីន និងសារធាតុរ៉ែចម្រុះដែលមានជាតិស័ង្កសីយ៉ាងហោចណាស់ ៣០ ទៅ៦០មីលីក្រាមដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំប្រឆាំងនឹងមេរោគ។
– ប្រសិនបើឈឺបំពង់ករ ចូរប្រើថ្នាំ Zinc Gluconate Lozenges ដែលមានជាតិស័ង្កសី ១៥ទៅ២៥មីលីក្រាម។ ចូរប្រើ មួយគ្រាប់ជាងរៀងរាល់ ៣ទៅ៤ម៉ោង ព្រោះវាជួយសម្លាប់បាក់តេរីក្នុងបំពង់កបាន។
មតិដ៏មានប្រយោជន៍
– ចូរបញ្ចុះកម្តៅ ឲ្យបានយ៉ាងហោចណាស់ ៤៨ម៉ោងរហូតដល់ស្ថានភាពជំងឺធូរស្រាល។ ការសម្រាកសំខាន់ណាស់ប្រសិនបើអ្នកក្តៅខ្លួន។
– មិនត្រូវបង្ខំធ្វើការឡើងប្រសិនបើអ្នកពិតជាមានជំងឺផ្តាសាយ ធ្ងន់ធ្ងរមែន ព្រោះវាកាន់តែធ្វើឲ្យអ្នកឈឺកាន់តែយូរ។
– លាងដៃឲ្យបានទៀងទាត់ប្រសិនបើអ្នកមានភាពស្និទ្ធស្នាលជាមួយមនុស្សដែល ផ្តាសាយ ព្រោះវីរុសងាយនឹងឆ្លងមកលើដៃអ្នកខ្លាំងណាស់។ ការលាងដៃត្រូវតែធ្វើជាពិសេសសម្រាប់កូនក្មេងដែលកង្វះអនាម័យ។
– វីរុសស្ថិតនៅក្នុងបរិយាកាស និងធ្វើការសាយភាពបានយ៉ាងធំធែង ដូច្នេះត្រូវចៀសវាងកន្លែងដែលមានស្ថានភាពអួអាប់ កុំនៅក្នុងបន្ទាប់មានផ្សែងច្រើនយូរពេក។
– ត្រូវហាត់ប្រាណ និងស្រូបយកខ្យល់បរិសុទ្ធឲ្យបានច្រើន៕