អ្នកសង្គមវិទ្យានៃមហាវិទ្យាល័យ យូថាហ៍ សហរដ្ឋអាមេរិក បានបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលបានរកឃើញថាក្នុងអំឡុងអាយុចន្លោះពី ២៨-៣២ឆ្នាំ គឺជាវ័យដែលស័ក្តិសមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ខ្លាំងបំផុត ព្រោះជាអំឡុងវ័យដែលស្គាល់ពីអារម្មណ៍របស់ខ្លួនឯង រកឃើញដំណើរជីវិត និងមានភាពទទួលខុសត្រូវក្នុងកម្រឹតមួយហើយ។ ការស្រាវជ្រាវបានរកឃើញផងដែរថាអ្នកដែលរៀបការក្រោយអាយុ ៣២ឆ្នាំ មានអត្រាការលែងលះកើនឡើង ខណៈដែលគូស្នេហ៍វ័យជំទង់អាយុ ១៥-១៩ឆ្នាំ លែងលះគ្នាច្រើនបំផុត។
ទស្សនាវដ្តី ថាម បានរាយការណ៍ពីលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ និគ វូហ្វ៊ីងហ្គើរ៍ អ្នសង្គមវិទ្យាដែលបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមសម្រាប់ការចាប់ផ្តើមជីវិតគូនោះគឺ ២៨- ៣២ឆ្នាំ ដោយអ្នកស្រាវជ្រាវបាននាំយកព័ត៌មានការពិនិត្យពីសភាវគ្រួសារជនជាតិអាមេរិកក្នុងចន្លោះឆ្នាំ ២០០៦-២០១០ និង ២០១១-២០១៥ មកវិភាគ និងរកឃើញថាគូអាពាហ៍ពិពាហ៍ដែលស្ថិតក្នុងវ័យនេះមានអត្រាការលែងលះទាបជាងអ្នកដែលរៀបការក្នុងវ័យផ្សេងទៀត ជាពិសេសក្នុងអំឡុងពេល ៥ឆ្នាំក្រោយពេលរៀបការមានអត្រាការចែកផ្លូវគ្នាតិចបំផុត។
វូហ្វ៊ីងហ្គើរ៍បានអធិប្បាយថា ហេតុផលដែលមនុស្សវ័យ ២៨-៣២ ឆ្នាំស័ក្តិសមល្អក្នុងការរៀបការនោះមានច្រើនចំណុច ដូចជា៖
-មនុស្សវ័យនេះធំគ្រប់គ្រាន់ក្នុងការដឹងទាន់ពីអារម្មណ៍របស់ខ្លួនឯងថា តើខ្លួនចូលចុះជាមួយដៃគូបានមែនឬគ្រាន់តែជាអារម្មណ៍រំជើបរំជួលរបស់អ័រម៉ូន?
– រូបគេ ឬនាងបានជ្រើសរើសដំណើរផ្លូវជីវិតដែលខ្លួនឯងត្រូវការហើយ និងចាប់ផ្តើមមានភាពទទួលខុសត្រូវចំពោះរឿងផ្សេងៗហើយ។
– មានស្ថិរភាពខាងហិរញ្ញវត្ថុបានមួយកម្រឹតហើយ។
– នៅមិនទាន់ចាស់ជ្រុលក្នុងការសម្របសម្រួលខ្លួន កែសម្រួលនិស្ស័យ ឡៃហ្វ៍ស្តាយល៍ ជីវិតរស់នៅប្រចាំថ្ងៃ -ល- ឱ្យចូលគ្នាជាមួយដៃគូឡើយ ដែលនេះគឺជារឿងសំខាន់ណាស់ក្នុងការមានជីវិតគូ។
អ្នកខ្លះអាចហៅការសិក្សាស្រាវជ្រាវនេះថាជា ទ្រឹស្តីមាសរបស់ការរៀបការ ដែលគូរអាពាហ៍ពិពាហ៍ត្រូវតែមិនក្មេង ឬចាស់ជ្រុលពេក ក្រៅពីនេះនៅមានហេតុផលជាច្រើនទៀតដែលគាំទ្រថា ក្នុងអំឡុងអាយុ ២០ឆ្នាំក្រាស់ និង៣០ឆ្នាំ ស្តើងគឺជាអំឡុងពេលដ៏ល្អក្នុងការចាប់ផ្តើមជីវិតអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់នោះ អ្នកសង្គមវិទ្យាពីមហាវិទ្យាល័យ យូថា អះអាង។
វូហ្វីងហ្គើរ៍ បានបន្ថែមទៀតថា គូអាពាហ៍ពិពាហ៍ដែលទទួលជោគជ័យក្នុងជីវិតគូ ភាគច្រើនៗតែជាគូដែលស្គាល់ពីនិស្ស័យចិត្តថ្លើមគ្នា។
ការរៀបអាពាហ៍ពិពាហ៍ក្នុងអំឡុងវ័យ ១៥-១៩ឆ្នាំ នឹងធ្វើឱ្យកើតមានការលែងលះច្រើនបំផុត បន្ទាប់មកគឺក្នុងអំឡុងវ័យ ២០-២៤ឆ្នាំ ២៨-៣២ឆ្នាំ តាមលំដាប់ ក្រៅពីនេះ មានបច្ច័យជាច្រើនទៀតដែលអ្នកសង្គមវិទ្យាជឿថា នឹងជួយឱ្យជីវិតគូស្ថិតស្ថេរយូអង្វែងនោះ មានដូចជា ស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុការសិក្សាដែលល្អ ការរៀបការមុនមានបុត្រ-ល- សុទ្ធតែមានចំណែកធ្វើឱ្យគូអាពាហ៍ពិពាហ៍មានជីវិតប្រកបដោយសុភមង្គលនិងគង់វង្សស្ថិតស្ថេរយូរអង្វែងបានទាំងអស់៕