គ្រឿងស្រវឹង គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់បងប្អូនខ្មែរយើង មិនថាក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ កម្មវិធីខួបកំណើត ឡើងផ្ទះ ឬជួបជុំមិនភក្តិនោះទេ ក៏ប៉ុន្តែគ្រឿងស្រវឹងក៏អាចបំផ្លាញ់សុខភាពធ្ងន់ធ្ងរផងដែរ ប្រសិនបើអ្នកផឹកហួសដែនកំណត់។ ជាពិសេសមានទម្លាប់មិនល្អពីរយ៉ាងដែលអាចគ្រោះថ្នាក់ដល់ធ្ងន់ធ្ងរ តែមនុស្សភាគច្រើនចូលចិត្តធ្វើវាដោយមិនដឹងខ្លួន បន្ទាប់ពីផឹកគ្រឿងស្រវឹង។
១.ផឹកតែ
មនុស្សជាច្រើនតែងគិតថា ការផឹកតែ អាចជួយបន្សាយជាតិអាល់កុល ហើយធ្វើឲ្យពួកគេឆាប់ស្វាងវិញបាន។ ការពិតការផឹកគ្រឿងស្រវឹង និងតែអាចបណ្តោលឲ្យមានគ្រោះថ្នាក់ដល់សុខភាព បើតាមវេជ្ជសាស្ត្រដ៏ល្បីល្បាញនៅប្រទេចិន បានបង្ហាញថា ការផឹកតែបន្ទាប់ពីផឹកគ្រឿងស្រវឹង អាចបណ្តោលឲ្យខូចតម្រងនោម ឈឺចាប់ប្លោកនោម ឈឺខ្នង ហើមជើង ស្រេកទឹក…។
ការផឹកតែមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាស្រវឹងបាននោះទេ ផ្ទុយទៅវិញវាក៏អាចបណ្តោលឲ្យមានផលប៉ះពាល់ដល់សុខភាព និងតម្រងនោម។
២.យកដៃលូកឲ្យក្អួត
ជាការពិតណាស់នៅពេលផឹកស្រាច្រើនពេក អ្នកច្បាស់ជាពិបាកក្នុងខ្លួន ហេតុនេះមានតែប្រើវិធីយកដៃលូកចូលទៅក្នុងមាត់ ដើម្បីឲ្យក្អួតចេញមកវិញ នឹងមានភាពធូរស្រាល ប៉ុន្តែនេះជាកំហុសឆ្គងដ៏ធំមួយដែលមនុស្សជាច្រើនកំពុងតែធ្វើ បន្ទាប់ពីផឹកគ្រឿងស្រវឹង។
អ្នកត្រូវដឹងថា អំឡុងពេលក្អួតបែបនេះអាហារនឹងត្រូវបានប្រមូលចេញពីក្រពះ តាមបំពង់អាហារ និងចូលទៅដល់ក្នុងមាត់ជាមួយនឹងបរិមាណដ៏ច្រើននៃសារធាតុចិញ្ចឹម អាស៊ីត និងសារធាតុផ្សេងៗទៀត។ កត្តាបែបនេះ អាចបង្កឲ្យដំណើរការបំពង់អាហារធ្លាក់ចុះ និងបណ្តោលឲ្យឆ្លងមេរោគបំពង់អាហារ ឬរលាកបំពង់អាហារ។
លើសពីនេះទៅទៀត ការក្អួតប្រភេទនេះ អាចបណ្តោលឲ្យកាកសំណល់ស្អិតជាប់បំពង់ក រលាកលំពែង និងហូរឈាមក្នុងក្រពះពោះវៀនផងដែរ៕