ថ្លើម ត្រូវបានគេចាត់ទុកជាផ្នែកមួយនៃសរីរាង្គដ៏សំខាន់នៅក្នុងរាងកាយ ហើយវាក៏ងាយនឹងរងគ្រោះបំផុតដែរ។ ប្រសិនបើថ្លើមខូចមុខងារ ផ្នែកផ្សេងៗនៃរាងកាយក៏ជួបនូវបញ្ហាដូចគ្នាដែរ។ ដូច្នេះហើយ អ្នកត្រូវតែថែរក្សា ឬរកវិធីការពារថ្លើមអោយបានល្អ ប្រសើរជាងការព្យាបាល។
ខាងក្រោមនេះជារឿងដែលអ្នកត្រូវចៀសវាង ដើម្បីរក្សាថ្លើមអោយមានសុខភាពល្អរហូត៖
១. កុំទម្លាប់គេងយប់ជ្រៅពេក
ថ្លើមត្រូវការពេលវេលាគ្រប់គ្រាន់ ដើម្បីសម្អាតជាតិពុលចេញពីរាងកាយ។ ប៉ុន្តែប្រសិនបើអ្នកចូលគេងយប់ជ្រៅពេក ដំណើរការនៃមុខងារថ្លើមមិនអាចបំពេញតួនាទីខ្លួនបានចប់សព្វគ្រប់ឡើយ។ ហេតុនេះជាតិពុលនឹងនៅសេសសល់ក្នុងថ្លើម ហើយសន្សំបន្តិចម្តងៗរហូតដល់ថ្លើមអស់សមត្ថភាពក្នុងការកម្ចាត់។ ដូច្នេះ អ្នកគួរតែមានទម្លាប់គេងអោយបានសមស្រប គឺ ៧ ទៅ ៨ម៉ោងក្នុងមួយយប់។
២.កាត់បន្ថយការញ៉ាំជាតិខ្លាញ់
ទោះបីជាពិបាកចៀសវាងអាហារចៀន ឬបំពង ក៏ដោយ ក៏អ្នកត្រូវតែព្យាយាមកាត់បន្ថយដែរ។ នៅពេលដែលយើងបរិភោគអាហារទាំងនេះច្រើនពេក ថ្លើមនឹងត្រូវធ្វើការធ្ងន់ ហើយអាចបង្កើតជាជំងឺថ្លើមបណ្តើរៗបាន។
៣.ព្យាយាមទប់អារម្មណកុំខឹងក្រោធ
នៅពេលដែលអ្នកមានកំហឹង មុខងារថ្លើមនឹងត្រូវដាក់សម្ពាធ និង ឡើងកម្តៅ។ ហេតុនេះហើយ អ្នកគួរតែព្យាយាមរក្សាចិត្តអោយស្ងប់ និងមានភាពរីករាយ ទើបមុខងារថ្លើមល្អប្រសើរឡើងវិញ ដោយសារតែតុល្យភាពផ្លូវចិត្ត។
៤. កាត់បន្ថយ ឬមិនប៉ះពាល់គ្រឿងស្រវឹង
វាជារឿងលំបាកណាស់ក្នុងការណែនាំអោយនរណាម្នាក់ឈប់ទទួលទានគ្រឿងស្រវឹង។ ប៉ុន្តែ ដើម្បីការពារថ្លើម អ្នកគួរតែកំណត់បរិមាណជាតិអាកុល ជាពិសេសស្រាដែលមានកំហាប់ខ្ពស់។
ការទទួលទានគ្រឿងស្រវឹង អាចបណ្តោលអោយថ្លើមមានសម្ពាធខ្លាំង ហើយយូរៗទៅនឹងកើតមានជំងឺថ្លើមជាពុំខាន។
ក្រៅពីចៀសវាងលក្ខខណ្ឌខាងលើនេះ អ្នកគួរថែបំប៉នសុខភាព ដោយញ៉ាំបន្លែផ្លែឈើធម្មជាតិអោយបានច្រើន ឬទៅពិនិត្យសុខភាពថ្លើមអោយបានទៀងទាត់៕