ចាញ់កូនជំនួសភរិយា ស្តាប់មើលទៅដូចជារឿងមិនគួរឱ្យជឿសោះ តែមានពាក្យអះអាងពីអនាគតលោកប៉ាជាច្រើននាក់ជាពិសេសលោកឪពុកថ្មោងថ្មីបាននិយាយដូចៗគ្នាថា អាការចាញ់កូនជំនួសភរិយានេះគឺពិតជាមានមែន ដោយអ្នកស្រាវជ្រាវវិភាគនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានធ្វើការសាកល្បងលើក្រុមស្វាមីដែលនាំភរិយាទៅពិនិត្យពោះ និងរកឃើញថា ស្វាមីជាច្រើននាក់មានអាការស្រដៀងៗនឹងភរិយាដែរ ទើបខាងវេជ្ជសាស្រ្តហៅអាការទាំងនោះថា Couvade syndrome។
Couvade syndrome នេះកើតឡើងដោយសារកម្រឹតអ័រម៉ូនក្នុងរាងកាយរបស់ស្វាមីកើនឡើងពីកម្រឹតប្រក្រតី ក្រុមអ្នក
ស្រាវជ្រាវរបស់គណៈវេជ្ជសាស្រ្តពីមហាវិទ្យាល័យ មេម៉ូរៀល និងមហាវិទ្យាល័យ ឃ្វីនស៍ ក្នុងប្រទេស កាណាដា មានការងឿងឆ្ងល់
ចំពោះរឿងអាការចម្លែកៗរបស់ស្វាមីដែលកំពុងជិតក្លាយជាឪពុកគេនេះ ទើបបានធ្វើការសឹក្សាស្រាវជ្រាវពីក្រុមមុខសញ្ញា ហើយបានរកឃើញថា អ័រម៉ូន អេសត្រូជេន(Estrogen)ដែលជាអ័រម៉ូនភេទស្រីដែលមានខ្លះនៅក្នុងមនុស្សប្រុស។ ក្នុងអំឡុងពេលដែលភរិយាមានគភ៌ យន្តការធម្មជាតិរបស់រាងកាយរបស់រាងកាយស្វាមីបានបញ្ចេញអ័រម៉ូនភេទស្រីកើនឡើង និងដោយសារការនៅជិតដិត មើលថែទាំគ្នាកាន់តែច្រើនឡើងផងនោះ ធ្វើឱ្យអ័រម៉ូននៃភាពជាម្តាយនៅក្នុងខ្លួនឪពុករឹតតែកើនខ្ពស់ឡើង ហើយអ័រម៉ូនដែលកើនឡើងនេះឯងដែលជាមូលហេតុធ្វើឱ្យមនុស្សប្រុសកើតមានអាការចាញ់កូនជំនួសភរិយា ដែលមានដូចជា ក្អួតចង្អោរ វឹលមុខ ញ៉ាំនេះញ៉ាំនោះច្រើន និងទម្ងន់កើនឡើង។
តើត្រូវកែខៃយ៉ាងណា បើស្វាមីចាញ់កូនជំនួសភរិយា
-ជ្រើសរើសទទួលទានអាហារដែលមានប្រូតេអុីនខ្ពស់
-តមទទួលទានអាហារដែលមានជាតិខ្លាញ់ ឬជាតិម្សៅច្រើន
-ចៀសវាងពីក្លិនឈួលៗ
-ជ្រើសរើសញ៉ាំទឹកក្តៅឧណ្ហៗជំនួសទឹកត្រជាក់ ឬញ៉ាំទឹកខ្ញីសម្រាលអាការក្អួតចង្អោរ
-តមភេសជ្ជៈ ទឹកតែ កាហ្វេ ប៊ីយែ និងស្រា
-គេងសម្រាកឱ្យបានគ្រប់គ្រាន់
មិនគួរឱ្យជឿមែនទេ ថាបុរសក៏កើតមានអាការចាញ់កូនជំនួសភរិយាបានដែរ វាជារឿងចម្លែក តែអ្នកចិត្តវិទ្យាបានរៀបរាប់ថា អាការនេះកើតចេញពីសម្ព័ន្ធភាពដែលស៊ីជម្រៅរវាងស្វាមី និងភរិយាដែលមានចំពោះគ្នាទៅវិញទៅមក មានអារម្មណ៍ជំនួសគ្នា តែបុរសជាច្រើនបាននិយាយថា ស្រឡាញ់ភរិយាខ្លាំងពេកទើបចាញ់កូនជំនួស ចំពោះរឿងនេះនៅមិនទាន់មានលទ្ធផលនៃការស្រាវជ្រាវណាមួយអះអាងនៅឡើយទេ វាគ្រាន់តែជាការគិតរបស់មនុស្សជាច្រើនប៉ុណ្ណោះ៕