“កៀរបន្លែទៅដាក់កៀនចានទៀតហើយ!” នេះប្រហែលជាបញ្ហាដែលសាងក្តីលំបាកចិត្តដល់អ្នកម្តាយជាច្រើននាក់មិនខានឱ្យតែដល់ពេលត្រូវញ៉ាំអាហាររបស់កូនតូច ព្រោះធម្មជាតិរបស់ក្មេងតូច ច្រើនតែជាប់ចិត្តនឹងរសជាតិរបស់អាហារដែលមានចំណែកផ្សំពីស្ករ និងអំបឹលបានយ៉ាងងាយ ទើបច្រើនតែបដិសេធការញ៉ាំអាហារដែលមានរសជាតិល្វីង ជាពិសេសបន្លែស្លឹកបៃតងដែលមានប្រយោជន៍ចំពោះសុខភាព។
តែលទ្ធផលនៃការស្រាវជ្រាវដែលបានបញ្ជាក់ថា ទារកភាគច្រើនៗតែមានសញ្ញាថាចូលចិត្តរសជាតិអាហារដែលម្តាយបរិភោគក្នុងអំឡុងពេលដែលនៅក្នុងគភ៌ និងពេលបៅទឹកដោះម្តាយ ទើបអាចរាប់បានថាជាឱកាសដ៏ល្អមួយបើសិនជាអ្នកម្តាយចង់សាងទម្លាប់ចូលចិត្តញ៉ាំបន្លែដល់កូនតូចនោះ ដោយជ្រើសរើសទទួលទានអាហារដែលត្រឹមត្រូវ និងស័ក្តិសម មិនមែនជាអាហារដែលមានរសជាតិខ្លាំង(ប្រៃខ្លាំង ផ្អែមខ្លាំង) និងបរិភោគបន្លែផ្លែឈើឱ្យបានច្រើនមុខ ច្រើនប្រភេទក្នុងបរិមាណច្រើនក្នុងអំឡុងពេលមានគភ៌ និងពេលបំបៅទឹកដោះកូន ដើម្បីឱ្យកូនតូចបើកទទួលយកការបរិភោគបន្លែ និងផ្លែឈើច្រើនឡើងបន្ទាប់ពីលែងបៅទឹកដោះហើយនោះ ព្រោះពួកគេនឹងស៊ាំធ្លាប់ជាមួយរសជាតិរបស់អាហារទាំងនោះ។
ការស្រាវជ្រាវនេះគឺជាលទ្ធផលដែលបានមកពីការពិនិត្យមើលលើទារកដែលមានអាយុចាប់ពី 6 ខែរហូតដល់ 1 ឆ្នាំដែលរកឃើញថា ក្មេងដែលអ្នកម្តាយញ៉ាំទឹកការ៉ុតក្នុងអំឡុងពេលតាំងគភ៌ជាប្រចាំ ឬមួយសប្តាហ៍ច្រើនដងនោះ នឹងចូលចិត្តញ៉ាំអាហារស៊ីរៀលរសជាតិការ៉ុតខ្លាំងជាងក្មេងក្នុងក្រុមដទៃទៀត ទើបអាចអះអាងបានថា រសជាតិរបស់អាហារដែលមាតាបរិភោគចូលទៅនោះអាចបញ្ជូនទៅដល់កូនតូចតាមរយៈទឹកភ្លោះ និងទឹកដោះរបស់មាតាបាន ទើបសរុបបានថា រូបបែបការបរិភោគអាហាររបស់មាតាហុចផលដល់លក្ខណៈនិស្ស័យការញ៉ាំរបស់កូនតូច ដូច្នេះ រឹតតែអ្នកម្តាយបរិភោគអាហារសម្បូរបែបច្រើនប៉ុនណា កូនដែលកើតមកក៏នឹងមិនរឿងច្រើនក្នុងការញ៉ាំអាហារតាមនោះដែរ។
តែរឿងនោះក៏មិនទាន់ហួសពេលដែរសម្រាប់អ្នកម្តាយដែលកំពុងនឹកស្តាយថា “បើដឹងថាអ៊ីចឹង ញ៉ាំបន្លែឱ្យបានច្រើនៗតាំងពីពេលមានផ្ទៃពោះទៅហើយ” នោះ ព្រោះយើងនៅអាចបង្រៀនឱ្យក្មេងសម្របខ្លួនទទួលយក និងចូលចិត្តញ៉ាំបន្លែយ៉ាងឆាប់រហ័សបានតាំងពីពេលចាប់ផ្តើមផ្លាស់ប្តូរពីការញ៉ាំទឹកដោះមកជាអាហាររឹងបាន។ បទសរុបរបស់ការស្រាវជ្រាវនេះ កើតពីការសាកល្បងឱ្យក្មេងញ៉ាំសណ្តែកហោឡាន់តៅជាប់ៗគ្នារយៈពេល 8 ថ្ងៃ ក្រោយពេលចាប់ផ្តើមប្តូរពីទឹកដោះមកជាអាហារ ហើយរកឃើញថា ក្មេងនឹងញ៉ាំសណ្តែកគិតជាមធ្យមច្រើនឡើងនៅពេលពេលវេលាកន្លងទៅ។ ដូច្នេះ មិនមែនចំពោះតែក្មេងដែលបៅទឹកដោះម្តាយប៉ុណ្ណោះទេ ក្មេងដែលបៅទឹកដោះគោម្សៅក៏អាចសម្របខ្លួន និងមានទម្លាប់ចូលចិត្តការញ៉ាំបន្លែបានដែរ បើពួកគេបានរៀនយល់ដឹងពីរឿងការញ៉ាំបន្លែ និងផ្លែឈើតាំងពីពេលឈប់បៅទឹកដោះភ្លាមនោះ។
ចូរចាំទុកថា ការលួចដាក់បន្លែល្វីងៗនៅក្នុងអាហារដែលក្មេងៗចូលចិត្តញ៉ាំនោះ មិនមែនជាវិធីដែលល្អក្នុងការបង្រៀនពួកគេ ឱ្យស្គាល់ការញ៉ាំបន្លែនោះទេ ព្រោះក្មេងៗចាំបាច់ត្រូវរៀនយល់ដឹងក្នុងការចូលចិត្តរសជាតិរបស់វាដោយប្រាសចាករសជាតិដទៃទៀតដែលនឹងធ្វើឱ្យពិបាកក្នុងការសាងទម្លាប់ចូលចិត្តការញ៉ាំបន្លែ៕