ការវិវឌ្ឍន៍របស់ទារកនៅក្នុងគភ៌

0
147

9 ខែពេញ ដែលអ្នកម្តាយមានគភ៌ និងកូនតូចជាផ្នែកមួយនៃគ្នាទៅវិញទៅមក យើងនាំគ្នាមកមើលពីការចំរើនធំធាត់ និងការវិវឌ្ឍន៍ដ៏អស្ចារ្យរបស់ទារកនៅក្នុងគភ៌ដូចតទៅ ៖

. មានគភ៌ខែទី 1 : ចាប់ផ្តើមកកំណើត
ខែតំបូងនៅក្នុងគភ៌ម្តាយ កូនគ្រាន់តែជា តួកំណើតតូចមួយ មើលទៅដូចជាកូនបង្គាតូចមួយច្រើនជាងរូបទារក មានប្រវែងត្រឹមតែ 4 មិល្លីម៉ែត្រ មានតែក្បាល ចំណែកដងខ្លួនមានលក្ខណ:ស្រដៀងកូនក្អុក ដែលក្រោយមកនឹងក្លាយទៅជាឆ្អឹងកងខ្នង តែក្នុងអំឡុងពេលនេះ កូនចាប់ផ្តើមកកើតអវយវ:សំខាន់ៗហើយ រួមទាំងបេះដូងផង…ជាសញ្ញាបញ្ជាក់ពីការចាប់កំណើតនៃជីវិតមួយនៅលើផែនដីនេះហើយ ។

. គភ៌ខែទី 2 : ទារកនៅក្នុងគភ៌ចាប់ផ្តើមកំរើក
កូនធំធាត់ជាងពីខែតំបូង ឆ្អឹងមុខនីមួយៗចាប់ផ្តើមលេចចេញជារូបរាង ចំណុចខ្មៅៗដែលមើលឃើញនៅចំកណ្តាល គឺប្រស្រីភ្នែករបស់កូន ចំណែកឯផ្ទៃមុខចាប់ផ្តើមមើលឃើញជារាងរៅរបស់ច្រមុះ បបូរមាត់ និងត្រចៀក ។ កូនចាប់ផ្តើមមានអវយវ:
សំខាន់ៗគ្រប់អស់ហើយ ដៃជើងចាប់ផ្តើមដុះ ហើយដោយសារទំហំដែលតូចល្អឹត អ្នកម្តាយអាចនៅមិនទាន់មានអារម្មណ៍ដឹងថា កូនរើឡើយ តែការពិតវិញ កូនកំរើកខ្លួនបានហើយ និងបេះដូងរបស់កូនចាប់ផ្តើមលោតហើយ ។

. គភ៌ខែទី 3 : ពីតួកំណើត ក្លាយជាទារកនៅក្នុងគភ៌
ពីតួកំណើតដ៏តូចល្អឹត កូនក្លាយមកជាទារកនៅក្នុងគភ៌ដែលកាន់តែដូចមនុស្សខ្លាំងឡើង មានអវយវ:គ្រប់ 32 មុខហើយ
តែនៅមិនទាន់ពេញរូបរាងនៅឡើយ និងចាប់ផ្តើមតបស្នងនឹងអ្វីដែលជំរុញពីខាងក្រៅបានហើយ ដូចជា បើមានអ្វីមកប៉ះពោះម្តាយ នឹងងាកខ្លួនគេច ជាដើម ។ ផ្ទៃមុខចាប់ផ្តើមឃើញកាន់តែច្បាស់ឡើង រហូតអាចមើលឃើញថា មានចង្កា ថ្ងាស់លាតធំឡើង ក្បាលនិងកបញ្ឈរឡើងត្រង់ ច្រមុះចាប់ផ្តើមមានក្តោងរហូតមើលឃើញបានយ៉ាងច្បាស់ ត្របកភ្នែកមានរូបរាងច្បាស់លាស់ ហើយកូនថែមទាំងចាប់ផ្តើមជញ្ជក់មាត់ ពេលខ្លះបូញមាត់បានទៀតផង ។

. គភ៌ខែទី 4 : មុខមាត់ដូចនរណាគេហ្ន៎?
ទារកនឹងរីកធំធាត់លំអឹតតាមផ្នែកផ្សេងៗ រហូតស្រដៀងឪពុកម្តាយ ថែមទាំងចេះសម្តែងទឹកមុខបានទៀតផង ។ កូនចាប់ផ្តើមដុះចិញ្ចើម និងរោមភ្នែក សរសៃសក់ចាប់ផ្តើមដុះច្រើន និងមានពណ៌ ប្រព័ន្ធប្រសាទក៏វិវឌ្ឍច្រើនឡើងដែរ ។ កូនតូចចាប់ផ្តើមស្តាប់ឮសម្លេងខាងក្នុងពោះម្តាយ ទាំងសម្លេងបេះដូងរបស់ម្តាយ និងសម្លេងគ្រូកគ្រាក់ ឬក្រចៗនៃប្រព័ន្ធរំលាយអាហាររបស់ម្តាយខណ:ពេលជាមួយគ្នា ភ្នែកក៏ចាប់ផ្តើមដឹងពីពន្លឺ អវយវ:ខាងក្រៅនឹងបញ្ជាក់ពីភេទបានកាន់តែច្បាស់ឡើង ធ្វើឲ្យដឹងច្បាស់ហើយថាពេលនេះកូនជា កូនប្រុស ឬកូនស្រីនោះ ។

. គភ៌ខែទី 5 : កូនចាប់ផ្តើមស្តាប់ឮសម្លេង
កូនចេះប៉ះម្តាយហើយ ព្រោះប្រព័ន្ធប្រសាទវិវឌ្ឍឡើងយ៉ាងល្អ រហូតអាចគ្រប់គ្រងការធ្វើការងាររបស់សាច់ដុំ រហ័សនឹងការ
ប៉ះពាល់ និងរំកឹលខ្លួនគេចកាន់តែច្រើនឡើងពេលមានអ្វីមកប៉ះពោះម្តាយ ។ ធ្មេញទឹកដោះចាប់ផ្តើម-កខ្លួនឡើងនៅក្នុងអញ្ចាញ តាមដងខ្លួនមានដុះរោមខ្ចីៗ(រោមត្រឡាច) ។ បើចង់អ្នកម្តាយចង់និយាយជាមួយកូន ឬច្រៀងឲ្យកូនស្តាប់នោះ អំឡុងពេលនេះសក្តិសមល្អជាទីបំផុត ព្រោះកូនចាប់ផ្តើមបានឮសម្លេងពីខាងក្រៅ និងតបស្នងបានហើយ ។

. គភ៌ខែទី 6 : រូបភាពតំបូងនៅក្នុងពោះម្តាយ
រូបរាងមុខមាត់របស់កូនពេលនេះរាងដូចជាពេញបរិបូរណ៍ប្រហាក់ប្រហែលនឹងពេលជិតកើតហើយ ឯខួរក្បាលក៏វិវឌ្ឍឡើង
រហូតចាប់ផ្តើមចេះចងចាំ និងរៀនយល់ដឹងអ្វីផ្សេងៗបានហើយ ព្រោះកោសិកាខួរក្បាលផ្នែកដែលមាននាទីក្នុងការដឹងចាប់ផ្តើមធ្វើការហើយ ។ ការរើរបស់កូនក្នុងអំឡុងពេលនេះក៏កើតឡើងយ៉ាងមានចេតនាច្រើនឡើងដែរ ដូចជា នៅពេលមានអារម្មណ៍ខឹង ឬមានតំរូវការអ្វីមួយជាដើម ។ ប្រព័ន្ធប្រសាទខាងការឮក៏វិវឌ្ឍឡើងច្រើនរហូតចាំសម្លេងរបស់ឪពុកម្តាយបានដែរ ។

. គភ៌ខែទី 7 : ទារកចាប់ផ្តើមចេះបញ្ចេញអារម្មណ៍
កូននៅក្នុងផ្ទៃចាប់ផ្តើមបង្ហាញពីតំរូវការ និងអារម្មណ៍ឆ្លើយតបនឹងម្តាយបានហើយ ដូចជា បើម្តាយញ៉ាំបាយខុសពេលវេលា ឬឮសូរសម្លេងខ្លាំងៗជុំវិញខ្លួនច្រើនពេកនោះ គេនឹងធាក់ ហើយរើខ្លាំងដើម្បីតវ៉ាម្តាយ ។ កូនចាប់ផ្តើមចេះព្រិចភ្នែក និងមើលឃើញហើយ តែបានត្រឹមតែចម្ងាយ 20 – 25 សង្ទីម៉ែត្រប៉ុណ្ណោះ ស្មើនឹងពេលកើតមកភ្លាមៗដែរ ។ អំឡុងពេលនេះ កូនចាប់ផ្តើមចេះនោមហើយ ដោយនោមនៅក្នុងទឹកភ្លោះហ្នឹងឯង ។

. គភ៌ខែទី 8 : ទារកចាប់ផ្តើមត្រឡប់ខ្លួន
មិនយូរប៉ុន្មានទៀតទេ កូននឹងបើកភ្នែកមើលពិភពលោកហើយ ក្នុងអំឡុងពេលនេះរូបរាងរបស់កូនប៉ុននឹងទារកដែលគ្រប់កំណត់កើតហើយ តែនៅត្រូវការពេលវេលាដើម្បីវិវឌ្ឍថែមបន្តិចទៀត ។ រយ:ពេលនេះកូននឹងរំកឹលខ្លួន សណ្តូកដៃ និងជើងប៉ះនឹងសាច់ស្បែកពោះរបស់អ្នកម្តាយឡើងមើលឃើញស្នាមទល់ឡើងយ៉ាងច្បាស់ ។ ស្បែកកូនចាប់ផ្តើមឡើងពណ៌ផ្កាឈូក សក់ក្បាលចាប់ផ្តើមដុះក្រាស់ឡើង ព្រិចភ្នែកកាន់តែញាប់ឡើង និងដល់ពេលត្រឡប់ក្បាលចុះទៅរកមាត់ស្បូនហើយ ។

. គភ៌ខែទី 9 : ទារកត្រៀមខ្លួនចេញមកពិភពខាងក្រៅ
កូនមានរូបរាងកាយពេញបរិរបូរណ៍ហើយ អវយេះ:ផ្សេងៗត្រៀមខ្លួននឹងធ្វើការក្រោយពេលប្រសូតរួចជាស្រេច កូននឹងជំរុះ
រោមខ្ចីៗនៅតាមរាងកាយចេញស្ទើរតែអស់ នៅសល់តែម្តុំស្មា ដៃ ជើង និងស្នាមផ្នត់តាមដងខ្លួនប៉ុណ្ណោះ ។ ខែចុងក្រោយនៅក្នុងពិភពដ៏តូចមួយនេះ កូនមានមាឌធាត់មូលក្នុងឥរិយាបថចំកោងខ្លួននៅក្នុងស្បូន ក្បាលត្រឡប់ចុះក្រោមតំរង់មាត់ស្បូន ដើម្បីត្រៀមខ្លួនចេញមកពិភពខាងក្រៅហើយ ។

LEAVE A REPLY

Please enter your comment!
Please enter your name here