មានអ្វីកើតឡើង…ក្នុងអំឡុង 3 ខែចុងក្រោយនៃការតាំងគភ៌

0
149

នៅទីបំផុតអ្នកក៏ធ្វើដំណើរមកដល់ 3 ខែចុងក្រោយនៃការតាំងគភ៌ មិនយូរប៉ុន្មានទៀតទេ អ្នកនឹងបានឃើញមុខកូនសម្លាញ់ដែលខំទន្ទឹងរង់ចាំរហូត 9 ខែមកហើយនោះ។ ក្នុងអំឡុងត្រីមាសចុងក្រោយនេះ ពោះរបស់អ្នកនឹងធំឡើងយ៉ាងមើលឃើញច្បាស់ ធ្វើ់អ្វីក៏អាចមិនសូវស្រួល មិនរហ័សរហួនដូចកាលពីពេលមុនទេ ក្នុងអំឡុងពេលនេះអ្នកម្តាយត្រូវមើលថែទាំ ប្រយ័ត្នប្រយែងខ្លួនឱ្យបានល្អ ដើម្បីត្រៀមរាងកាយឱ្យបានស្រេចសម្រាប់ការផ្តល់កំណើតកូនសម្លាញ់។

. ការប្រែប្រួលខាងរាងកាយរបស់អ្នកម្តាយ
កុំបាច់ភ្ញាក់ផ្អើលអី…បើសឹនទម្ងន់ខ្លួនកើនឡើងយ៉ាងរហ័សតាំងពីសប្តាហ៍ទី 26 នៃការតាំងគភ៌តទៅនោះ ទម្ងន់ខ្លួនរបស់អ្នកអាចកើនឡើងមួយសប្តាហ៍ប្រមាណជា កន្លះគីឡូក្រាម។ កូនតូចនៅក្នុងគភ៌ដែលកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថាឈឺនៅម្តុំឆ្អឹងជំនី ព្រោះរាងកាយរបស់កូនដែលធំឡើងនោះបានទុលឡើងមកសង្កត់ម្តុំឆ្អឹងជំនីរបស់អ្នកម្តាយដែលនេះអាចជាមូលហេតុរបស់អាការឈឺចុកសៀតបរិវេណកណ្តាលដើមទ្រូងរបស់អ្នកម្តាយបាន។ ការកម្រើករាងកាយក្នុងអំឡុងពេលនេះអាចធ្វើបានដោយមិនសូវជាងាយស្រួលប៉ុន្មានឡើយ ព្រោះពោះធំណាស់ ធំរហូតមានអារម្មណ៍ថាទើសទែង ទើបអ្នកគួរធ្វើអ្វីៗយ៉ាងប្រយ័ត្នប្រយែង ហាត់ដកដង្ហើមចេញចូលយឺតៗ វែងៗដែលវានឹងជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងអំឡុងត្រីមាសទី 3 នៃការតាំងគភ៌នេះបាន។

នៅពេលអាយុគភ៌គ្រប់ 27 សប្តាហ៍…ក្បាលពោះដែលរីកធំខ្លាំងអាចមានស្នាមសង្វារលេចចេញឡើងឱ្យឃើញ បើអ្នកនៅមិនទាន់បានចាប់ផ្តើមលាបគ្រីមការពារកុំឱ្យស្ងួតបែកចេញសង្វារនោះ គួរតែចាប់ផ្តើមលាបតាំងពីពេលនេះទៅ។ ទម្ងន់របស់អ្នកម្តាយនឹងកើនឡើងប្រមាណ 7 – 12 គីឡូក្រាម នៅពេលរាងកាយរបស់កូនតូចក្នុងគភ៌ចម្រើនធំធាត់ឡើង អ្នកម្តាយអាចចាប់ផ្តើមមានអាការប្រគ្រីវកាច់នៅលើជើង ហើមកជើង ដកដង្ហើមខ្លី គេងមិនសូវលក់ ថែមទាំងអាចបត់ជើងតូចញឹកញាប់ដែលបណ្តាលមកពីស្បូនទៅសង្កត់លើប្លោកនោមហ្នឹងឯង។

ពេលឈានចូលសប្តាហ៍ទី 32 នៃការតាំងគភ៌…វត្ថុរាវពណ៌លឿងដែលហៅថា Colestum អាចហៀរចេញមកពីសុដន់ គឺជាការត្រៀមខ្លួនជាស្រេចរបស់រាងកាយដើម្បីបំបៅទឹកដោះកូនហ្នឹងឯង។ ទម្ងន់ខ្លួនរបស់អ្នកម្តាយនឹងកើនឡើងមកនៅប្រមាណ 10 – 15 គីឡូក្រាម នៅពេលអាយុគភ៌បានប្រមាណជា 35 សប្តាហ៍ ក្នុងអំឡុងពេលនេះអ្នកអាចមានអាការឈឺខ្នងច្រើនឡើង រួមទាំងមានអារម្មណ៍ថា ធ្ងន់ៗចុះនៅម្តុំឆ្អឹងត្រគាក។

ពេលអ្នកមានអាយុគភ៌ប្រមាណ 37 សប្តាហ៍ ពោះរបស់អ្នកម្តាយនឹងលែងធំទៅទៀតហើយ រាងកាយរបស់ អ្នកត្រៀមស្រេចហើយសម្រាប់ការផ្តល់កំណើតកូនតូច។ បើអ្នកជ្រើសរើសយកការប្រសូតតាមរយៈការវះកាត់នោះ អ្នកអាចធ្វើបានចាប់តាំងពីសប្តាហ៍ទី 38 នៃការតាំងគភ៌នេះបាន តែបើអ្នករង់ចាំប្រសូតតាមធម្មជាតិវិញនោះ គួរត្រៀមខ្លួនឱ្យបានជាប់ជានិច្ច ព្រោះកូនតូចជាទីស្រឡាញ់អាចនឹងប្រសូតចេញមកបានគ្រប់ពេល ចាប់តាំងពីអំឡុងពេលនេះតទៅហើយ។

. ការចម្រើនធំធាត់របស់ទារកនៅក្នុងគភ៌
រាងកាយរបស់កូនតូចក្នុងអំឡុង 3 ខែចុងក្រោយនេះវិវឌ្ឍឡើងហាក់ដូចជាឥតខ្ចោះហើយ យើងនាំគ្នាទៅសង្កេតមើលថា តើក្នុងមួយខែៗកូនតូចនៅក្នុងគភ៌មានវិវឌ្ឍនាការយ៉ាងណាខ្លះដែរដូចតទៅ…។

. ខែទី 7… វិវឌ្ឍនាការផ្នែកការស្តាប់ឮវិវឌ្ឍឡើងយ៉ាងពេញលេញហើយ ខណៈដែលកូនតូចតបស្នងចំពោះសម្លេងដែលបានឮ ជីពចររបស់កូនក៏នឹងលោតញាប់ឡើងដែរ សួតរបស់កូនកំពុងតែវិវឌ្ឍឡើងទោះជានៅមិនទាន់ល្អពេញលេញល្អក៏ដោយ រលកខួរក្បាលរបស់កូនដែលពិនិត្យឃើញនៅក្នុងខែនេះស្ទើរតែគ្មានអ្វីខុសផ្លែកពីរលកខួរក្បាលរបស់ទារកទើបនឹងកើតឡើយ ក្រៅពិនោះនៅសង្កេតឃើញថា ទារកក្នុងគភ៌មានរង្វង់ការគេងលក់ និងភ្ញាក់ក្នុងអំឡុងពេលរួម ថែមទាំងនៅស្រែកយំបានទៀតផង ដៃតូចៗរបស់គេចាប់ផ្តើមធ្វើចលនា កូនអាចបៀមមេដៃដើម្បីឱ្យខ្លួនឯងមានអារម្មណ៍ស្ងប់ ខណៈពេលជាមួយគ្នាក៏ជាការបង្កើនភាពរឹងមាំឱ្យសាច់ដុំធ្គាមដែរ។ នៅពេលឈានចូលសប្តាហ៍ចុងក្រោយនៃខែទី 7 នេះ កូនតូចក្នុងផ្ទៃនឹងមានប្រវែងខ្លួនប្រមាណជា 15,75 អុីញ និងមានទម្ងន់ខ្លួនប្រមាណជា 1 គីឡូក្រាម។

. ខែទី 8…កូនតូចចាប់ផ្តើមចាំសម្លេងដែលធ្លាប់ឮបានហើយ រាងកាយរបស់កូនធំធាត់ស៊ីកន្លែងភាគច្រើននៅក្នុងស្បូនរបស់អនាគតអ្នកម្តាយ ដោយនៅក្នុងខែនេះកូនតូចនឹងមានប្រវែងខ្លួនប្រមាណជា 18,9 អុីញ និងមានទម្ងន់ខ្លួនប្រមាណជា 1,8 គីឡូក្រាម។ កូនតូចកំពុងត្រៀមខ្លួនក្នុងការចេញមករកពិភពលោកដ៏ធំទូលាយនេះដោយការហាត់បិទ-បើកភ្នែក និងការដកដង្ហើម រហូតដល់សប្តាហ៍ទី 33 នៃការតាំងគភ៌ កូនតូចនឹងធំធាត់ឡើងរហូតលែងនៅសល់ទីកន្លែងសម្រាប់ឱ្យសណ្តូកដៃសណ្តូកជើងដូចដែលធ្លាប់ហើយ កូននឹងស្ថិតក្នុងឥរិយាបថឱនក្បាល បញ្ជច់ជង្គង់ ចង្កានៅជិតទ្រូង ដៃ និងជើងផ្គុំគ្នា។ ក្នុងសប្តាហ៍ទី 34 ទារកអាចចាប់ផ្តើមត្រឡប់ក្បាលចុះហើយ។

. ខែទី 9…សួតរបស់កូនវិវឌ្ឍទៅមុខយ៉ាងពេញទំហឹងហើយនៅក្នុងខែនេះ រាងកាយរបស់កូននៅតែបន្តសាងជាតិខ្លាញ់នៅក្រោមស្បែកដើម្បីសាងភាពកក់ក្តៅដល់ខ្លួនឯងពេលចេញមកបើកភ្នែកមើលពិភពលោក។ ប្រវែងខ្លួនរបស់កូនក្នុងសប្តាហ៍ទី 36 នេះមានប្រមាណជា 20,7 អុីញ ទម្ងន់ខ្លួនប្រមាណជា 2,7 គីឡូក្រាម។ រាងកាយកូននឹងរំកឹលសន្សឹមៗចុះមករកបរិវេណពោះផ្នែកខាងក្រោម (ថ្ងាស់) របស់អ្នកម្តាយក្នុងឥរិយាបថក្បាលចុះក្រោម ត្រៀមជាស្រេចសម្រាប់ប្រសូតចេញហើយ។ ខួរក្បាលរបស់កូនក្នុងអំឡុងពេលនេះវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័ស ព្រមគ្នានឹងរាងកាយដែលកំពុងរៀនព្រិចភ្នែកដែរ។

ពេញមួយរយៈពេលនៃការទន្ទឹងរង់ចាំដ៏វែងឆ្ងាយ… ទីបំផុតអ្នក និងកូនក៏បានជួបមុខគ្នា នេះគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ការធ្វើដំណើររបស់អ្នកជាមួយកូនតូច
នៅមានវែងឆ្ងាយតទៅទៀត ដូច្នេះចូរប្រើប្រាស់អំឡុងពេលនេះឱ្យអស់ពីដួងចិត្ត ព្រោះវ័យទារករបស់កូនកន្លងផុតទៅឆាប់រហ័សណាស់ ហើយឡា រ៉ែនសូមសម្តែងនូវក្តីបិតិសោមនស្សជាទីបំផុតចំពោះអ្នកម្តាយថ្មោងថ្មីនាពេលនេះផង ណា៎ចាស…៕

LEAVE A REPLY

Please enter your comment!
Please enter your name here