21 រឿងដែលគួរដឹង ពាក់ព័ន្ធនឹងសុខភាពក្នុងអំឡុងពេលមានគភ៌9ខែ​

0

សូម​ចូលរួម​ត្រេកអរ​ផង​ណា៎ សម្រាប់​ស្ត្រី​ដែល​ចាប់ផ្តើម​តាំង​គភ៌​គ្រប់គ្នា ចាប់ពីពេលនេះ​ទៅ​អ្នកនឹង​បាន​រៀន​យល់ដឹង​ពី​ការរស់នៅ​មួយបែប​ទៀត​ដែល​ខុសប្លែក​ពីមុន។ រឿង​សំខាន់​ដែល​អ្នក​គួរតែ​ដឹង​នោះ​គឺ រឿង​សុខភាព​ក្នុងអំឡុងពេល9ខែ​ត​ពី​ពេលនេះ​ទៅ​ថា តើ​នឹងមាន​អ្វី​កើតឡើង​ចំពោះ​អ្នកខ្លះ? ជាពិសេស ស្ត្រី​ដែល​តាំង​គភ៌​លើកដំបូង​ទាំងឡាយ ដែល យើង មិន​ចង់ឱ្យ​ខកខាន​ក្នុង​ការអាន​អត្ថបទ​នេះឡើយ។

1. ក្នុង​រយៈពេល​របស់​កា​រ​តាំង​គភ៌ ស្ត្រី​មានគភ៌1នាក់​ក្នុងចំណោម20នាក់ ប្រសូត​ត្រូវ​តាម​ពេលវេលា​ដែល​លោកគ្រូ​ពេទ្យ​រាប់​ថ្ងៃ​ប្រសូត​តែ​ភាគច្រើន​វិញ ស្ត្រី​មានគភ៌​នឹង​ប្រសូត​មុន​កំណត់​ប្រមាណ​ជា1-2សប្តាហ៍​មាន​ចំនួន​ដល់​ទៅ1នាក់​ក្នុង8នាក់ ដែល​នេះ​គឺជា​រឿង​ប្រក្រតី​ទេ។

2. ការរាប់​ពេលវេលា​តាំង​គភ៌​របស់​ស្ត្រី​មានគភ៌​នឹង​រាប់​ជា​សប្តាហ៍ ដូចជា ការកំណត់​ប្រសូត​នឹង​រាប់​បន្ទាប់​ពីថ្ងៃ​ដែល​អស់​វដ្ត​រដូវ នឹង​រាប់​ជា40សប្តាហ៍ ហើយនឹង​រាប់​ចាប់​ពីថ្ងៃ​ចាប់បដិសន្ធិពិតៗគឺ 38សប្តាហ៍​ដែលជា​កំណត់​ប្រសូត​របស់​ស្ត្រី​មានគភ៌។

3. ការតាំង​គភ៌​ក្នុង​ត្រីមាស​ដំបូង ពោះ​របស់​ស្ត្រី​មានគភ៌​នឹងមិន​សូវ​មើលឃើញ​ធំ​ប៉ុន្មាន​ទេ តែ​នឹង​មើលឃើញ​ច្បាស់​ថា មានគភ៌​នោះ គឺ​ក្នុងអំឡុង​ត្រីមាស​ទី2។

4. អ្នកនឹង​បានឮ​សំឡេង​បេះដូង​កូន​ជា​លើកដំបូង​ប្រមាណ​ជា​ក្នុង​សប្តាហ៍​ទី10 ដោយ​ប្រដាប់​ស្តាប់​សំឡេង ឬ​តាមរយៈ​ការធ្វើ​អាល់​ត្រា​សោ​ន​ដ៍។

5. រាងកាយ​របស់​អ្នកនឹង​ប្រែប្រួល​ច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន់ ក្រចក​ដៃជើង សក់ ស្បែក ហើយ​អាការ ផ្សេងៗដែល​កើតឡើង​ចំពោះ​រាងកាយ​ទាំងនេះ​នឹង​បាត់អស់​ទៅវិញ​នៅពេល​ប្រសូត​បុត្រ​រួច។

6. ក្នុងអំឡុងពេល​មានគភ៌ ខាងក្នុង​រាងកាយ​របស់​អ្នកនឹង​មាន​ឈាម​ហូរ​វិល​ច្រើនជាង​ប្រក្រតី។

7. ក្នុង1ថ្ងៃ​អ្នកនឹង​បត់ជើងតូច​ជា​ញឹកញាប់ ដោយសារតែ​បរិមាណ​របស់​ឈាម​ដែល​កើនឡើង ហើយនឹង​កើន​ច្រើនឡើង​នៅពេល​ស្បូន​រីកធំឡើង​រហូតដល់​ពេល​ប្រសូត។

8. អ្នកនឹង​កាន់តែ​នឿយហត់​ឡើងជារឿយៗក្នុងខណៈពេល​តាំង​គភ៌ តែ​នឹងមាន​អារម្មណ៍​ថា នឿយហត់​ខ្លាំង​ក្នុងអំឡុង​ត្រីមាស​ដំបូង។

9. អ្នក​នឹងមាន​អារម្មណ៍​ច្រើនយ៉ាង​កើតឡើង​ក្នុងអំឡុងពេល​តាំង​គភ៌ ហើយ​នឹងមាន​អាការ​នឿយ​ល្វើយ​កើតឡើង នឹង​ធ្ងន់ធ្ងរ​ខ្លាំង​ក្នុងអំឡុងពេល​ដំបូង។

10. អ្នកនឹង​ជួប​ជាមួយ​អាការ​ឈឺចាប់​ទាំងឡាយ ដូចជា អាការ​ឈឺក្បាល ឈឺ​ខ្នង ឈឺ​ជើង ក្អួតចង្អោរ ហើម​ដៃជើង និង​វិលមុខ។

11. ចំនួន3ភាគ4នៃ​ស្ត្រី​មានគភ៌ នឹងមាន​អាការ​ចាញ់កូន​ក្នុងអំឡុង​ត្រីមាស​ដំបូង ជាពិសេស​នៅពេល​ព្រឹក​នឹងមាន​អាការ​វិលមុខ និង​ក្អួតចង្អោរ។

12. អ្នកនឹង​ចង់​ទទួលទាន​អាហារ​ខ្លាំង​ជាង​មុន តែ​នឹង​ទទួលទាន​អាហារ​មិនបាន​ច្រើន​ដូច​មុន​ទេ។

13. អ្នក​នឹងមាន​អារម្មណ៍​ដឹងថា កូន​រើបំរះ​ពេល​អាយុ​គភ៌​បាន​ប្រ-មាណ​ជា16-22សប្តាហ៍ ឬ​ក្នុងអំឡុង​ត្រីមាស​ទី2 នៃ​ការតាំង​គភ៌។

14. ពេល​ពោះ​ចាប់ផ្តើម​ធំ អ្នកនឹង​មិនអាច​ឱន​ចងខ្សែ​ស្បែក​ជើងបាន អង្គុយ​លើ​កម្រាល​ឥដ្ឋ ឬ​កោរ​រោម​នៅម្តុំៗជើង​បានទេ ដោយសារតែ​ពោះ​ដែល​កាន់តែ​ធំ​ឡើង​ហ្នឹងឯង ហើយ​នៅពេល​ពោះធំ​ឡើង​អាចធ្វើឱ្យ​អ្នកដើរ​បុក​វត្ថុ​របស់របរ​នៅក្នុង​បន្ទប់​ជា​ញា​ឹ​ក​ញាប់ ព្រោះ​នៅ​ស្មាន​រយៈ​ចម្ងាយ​មិនទាន់​ត្រូវ។

15. អ្នក​គួរ​សិក្សា​ពី​រឿង​ការ​ទទួលទាន​អាហារ ភេសជ្ជៈ និង​ថ្នាំផ្សេងៗដែល​អាច​ទទួលទាន​បាន ឬ​គួរ​ចៀសវាង និង​សិក្សា​ពី​រឿង​ការហាត់​ប្រាណ​ផងដែរ។

16. អ្នក​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ពាក់ព័ន្ធ​នឹង​រឿង​សុខភាព ការតាំង​គភ៌​របស់​អ្នក ជំងឺ​ប្រចាំកាយ ឬ​ជំងឺ​ដែល​អាច​កើតឡើង​បាន​ក្នុងអំឡុងពេល​មានគភ៌។

17. អ្នកនឹង​ពិបាក​ក្នុងការ​គេង​លក់ និង​មាន​អាកា​រគេង​មិន​លក់ រឹតតែ​ក្នុងអំឡុងពេល​ត្រីមាស​ទី3ផង​នោះ នឹង​រឹតតែ​គេង​លែង​សូវ​លក់ និង​ច្រើនតែ​យល់សប្តិ​អាក្រក់ ព្រោះតែ​កើត​អាការ​វិតក្ក​កង្វល់​នឹង​អាការ​ជិត​ប្រសូត​ហ្នឹងឯង។

18. ស្ត្រី​មានគភ៌​មួយចំនួន​នឹងមាន​អាការ​សោកសៅ​ស្រងូតស្រងាត់​ពេញ​មួយ​ខណៈពេល​តាំង​គភ៌ ហើយ​អាការ​នេះ​នឹង​រឹតតែ​ធ្ងន់ធ្ងរ​ឡើង​នៅពេល​ប្រសូត​រួច។

19. ស្ត្រី​មានគភ៌1នាក់​ក្នុងចំណោម5នាក់​នឹងមាន​សភាវ​ជ្រៀតជ្រែកផ្សេងៗកើតឡើង ខណៈពេល​មានគភ៌ ដូចជា សភាវ​រលូត​កូន និង​គភ៌​មាន​ជាតិពុល​ជាដើម។

20. អ្នក​គួរតែ​សិក្សា​ពី​ដំណាក់កាល​នៃ​ការ​ប្រសូត​ឱ្យ​រួចជាស្រេច និង​ត្រៀមខ្លួន​សម្រាប់​ការ​ប្រសូត​ដែល​នឹង​កើតឡើង។

21. ស្ត្រី​មានគភ៌1នាក់ ក្នុងចំណោម5នាក់ នឹង​បានដឹង​ពី​សញ្ញា​ប្រសូត​ប្រមាណ​ជា​ក្នុង​សប្តាហ៍​ទី37 ឬ​អាការ​ឈឺពោះ​ឱ្យដឹង​មុន ដើម្បី​ប្រាប់​ឱ្យដឹងថា ការ​ប្រសូត​កំពុង​ជិត​មកដល់​ហើយ។

ពេញ​មួយ​រយៈពេល9ខែ​នេះ រឿងផ្សេងៗដែល​បាន​រៀបរាប់​មក​ខាងលើ​នោះ គឺជា​រឿង​ដែល​អ្នក​ត្រូវ​ជួប​នៅពេល​អ្នក​មានគភ៌ ការសិក្សា​ពី​ព័ត៌មាន​រឿង​ការតាំង​គភ៌​ជា​អ្វីដែល​អ្នក​គួរតែ​ត្រៀមខ្លួន​ឱ្យ​ស្រេច ហើយ​នៅពេល​ជួបនឹង​អាការ​ខុស​ប្រក្រតី​ណាមួយ អ្នក​គួរតែ​ប្រញាប់​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់៕