ស្ត្រីតាំងគភ៌ថ្មីថ្មោង ឬតាំងគភ៌កូនដំបូង អាចនឹងនឹកភ័យៗថា កូនអាចនឹងប្រសូតចេញមកមុនកាលកំណត់នៅពេលដែលអាយុគភ៌ឈានចូលត្រីមាសទី3 តែអនាគតអ្នកម្ដាយថ្មោងថ្មីទាំងអស់មិនបាច់បារម្ភទេ ថ្ងៃនេះ Baby and Mom មានវិធីការពារ ការប្រសូតមុនកាលកំណត់មកជម្រាបជូនដូចតទៅ។
1-ទទួលទានញឹកញាប់
អ្នកស្រាវជ្រាវបានរកឃើញថា ការទទួលទានអាហារឱ្យគ្រប់ទាំង5ប្រភេទក្រុមនៅមិនទាន់គ្រប់គ្រាន់ទេ តែអនាគតអ្នកម្ដាយគួរទទួលទានឱ្យបានញឹកញាប់ជាមធ្យមប្រមាណ5ដងក្នុងមួយថ្ងៃ ដោយទទួលទានអាហារចម្បង3ពេល និងអាហារបន្ទាប់បន្សំ2ពេលទៀតគឺ អាហារពេលទំនេរ ឬមិនទេក៏ទទួលទានអាហារពេលតូចៗ 5ពេលតែម្ដង។ បើធ្វើបានបែបនេះ នឹងកាត់បន្ថយឱកាសការប្រសូតមុនកាលកំណត់បាន។
2-ទ្រាំមិនបត់ជើងតូច
ការទប់ ឬការខំទ្រាំមិនព្រមទៅបត់ជើងតូច ក្រៅពីសាងនូវភាពមិនស្រួលសប្បាយខ្លួនហើយនោះ វាអាចធ្វើឱ្យកើតការឆ្លងមេរោគនៅក្នុងប្លោកនោមបានទៀត។ អាការដែលសង្កេតឃើញអាចជាការសាងនូវការរលាកដល់ស្បូន និងធ្វើឱ្យស្បូនច្របាច់ខ្លួនញឹកញាប់ និងក្រៅពីនេះនៅអាចធ្វើឱ្យរលាកប្លោកនោមបានទៀតផង។
3-ព្យាបាលរោគរលាកស្បូន
ប្រសិនបើអ្នកមានភាពប្រថុយប្រថានក្នុងការកើតរោគរលាកស្បូន គួរប្រញាប់ទៅព្យាបាលជាបន្ទាន់។ សាកល្បងប្រឹក្សាជាមួយគ្រូពេទ្យថាតើការទទួលទានថ្នាំនឹងស័ក្តិសមចំពោះអ្នកឬទេ? ព្រោះការស្រាវជ្រាវមួយផ្នែកបានបញ្ជាក់ថា ស្ត្រីដែលកើតរោគរលាកស្បូន បើបានទទួលការព្យាបាលដោយការទទួលទានថ្នាំបដិបក្ខប្រាណ( Antibiotic) អាចបន្ថយភាពប្រថុយប្រថានក្នុងការប្រសូតមុនកាលកំណត់បាន តែក៏មានការងារស្រាវជ្រាវមួយទៀតដែលជំទាស់ថា ស្ត្រីដែលកើតរោគរលាកស្បូនត្រូវតែទទួលបានការព្យាបាលយ៉ាងដិតដល់ ទើបអាចជួយកាត់បន្ថយឱកាសប្រសូតបុត្រមុនកំណត់បាន តែយ៉ាងណាក៏ដោយ គ្រូពេទ្យរបស់អ្នកគឺជាអ្នកផ្ដល់ចម្លើយបានល្អបំផុត។
4-សុខភាពមាត់ធ្មេញ
ការមើលថែទាំអនាម័យរបស់ប្រអប់មាត់ជាវិធីដំបូងៗគេដែលងាយស្រួលបំផុត និងល្អបំផុតដែលអាចជួយការពារការប្រសូតបុត្រមុនកាលកំណត់បាន។ រោគរលាកអញ្ចាញធ្មេញជាមូលហេតុមួយរបស់ការប្រសូតមុនកំណត់ ដូច្នេះទើបស្ត្រីមានគភ៌ត្រូវដុសសម្អាតធ្មេញ ប្រើអំបោះខាត់ធ្មេញ និងទៅជួបទន្តពេទ្យយ៉ាងតិចបំផុតឱ្យបាន1ដងក្នុងអំឡុងពេលមានគភ៌ ក្រៅពីនេះបើសិនមានអាការអ្វីមួយខុសប្រក្រតីសូម្បីតែបន្តិចបន្តួចក៏ដោយ ក៏គួរប្រញាប់ព្យាបាលថែរក្សាឱ្យប្រក្រតីឡើងវិញមុនពេលវាកាន់តែធ្ងន់ធ្ងរឡើង។
5-ទទួលទានវីតាមីនសម្រាប់ស្ត្រីមានគភ៌
វីតាមីនក្នុងអំឡុងពេលមានគភ៌ មិនមែនគ្រាន់តែធ្វើឱ្យម្ដាយ និងកូនក្នុងផ្ទៃមានសុខភាពរឹងមាំល្អប៉ុណ្ណោះទេ តែវានៅជួយឱ្យស្ត្រីជាម្ដាយបង្កើនឱកាសពពោះបានរហូតដល់គ្រប់កំណត់ប្រសូតបានទៀតផង។ ការទទួលទានវីតាមីនមិនអាចនាំមកប្រើជំនួសការទទួលទានអាហារដែលគ្រប់ទាំង5ប្រភេទក្រុមបានទេ តែវាអាចសាងនូវភាពសប្បាយចិត្តបានថា ក្នុងមួយថ្ងៃៗអ្នកបានទទួលសារធាតុអាហារគ្រប់ចំនួនហើយ។
6-ទទួលទានទឹកឱ្យបានច្រើន
ព្យាយាមទទួលទានទឹកក្នុងមួយថ្ងៃឱ្យបាន8កែវ បើធាតុអាកាសក្ដៅ ឬបានហាត់ប្រាណផងនោះ ក៏គួរទទួលទានទឹកឱ្យបានច្រើនឡើង ដើម្បីរក្សាភាពស្រស់បស់របស់រាងកាយ និងបង្កើនឱកាសឱ្យអ្នកពពោះបានរហូតដល់គ្រប់កំណត់ប្រសូត ព្រោះបើអ្នកខ្វះជាតិទឹក នឹងធ្វើឱ្យកើតការឈឺពោះប្រសូតមុនកាលកំណត់បាន។
7-ទទួលទានអាហារដែលមានប្រយោជន៍
ការទទួលទានអាហារដែលមានប្រយោជន៍ មានផលល្អចំពោះម្តាយ និងកូនក្នុងផ្ទៃ ក្រៅពីនេះនៅមានហេតុផលមួយទៀតដែលគួរឱ្យចាប់អារម្មណ៍បំផុតគឺ ការទទួលទានអាហារដែលមានសមតុល្យ ជួយការពារការប្រសូតមុនកាលកំណត់បាន។
8-ប្រយ័ត្នទម្ងន់ខ្លួន
ការកើនឡើងនៃទម្ងន់ខ្លួនក្នុងអំឡុងពេលតាំងគភ៌ច្រើនជ្រុលពេក នឹងបង្កើនភាពប្រថុយប្រថាននឹងជំងឺទឹកនោមផ្អែម និងគភ៌មានជាតិពុល ដែលរោគទាំងពីរនេះសុទ្ធតែជាដើមហេតុដែលបង្កឱ្យកើតសភាវប្រសូតមុនកំណត់ទាំងអស់។ ក្នុងផ្លូវផ្ទុយគ្នាវិញ បើស្ត្រីមានគភ៌កើនទម្ងន់ខ្លួនតែបន្តិចបន្តួចវិញនោះ ក៏អាចបង្កើនបច្ច័យប្រថុយប្រថានឱ្យអនាគតអ្នកម្ដាយប្រសូតមុនកាលកំណត់បានដែរ ដូច្នេះទម្ងន់ខ្លួនខណៈពេលមានគភ៌គួរកើនឡើងក្នុងកម្រិតដែលស័ក្តិសមល្មម ដោយជាមធ្យមគឺស្ថិតក្នុងទម្ងន់11.3 – 15.8គីឡូក្រាមដោយទម្ងន់ខ្លួនដែលកើនឡើងក្នុងកម្រិតសមរម្យល្អនេះនឹងមានសញ្ញាល្អថា អ្នកនឹងប្រសូតបុត្រចេញមកដែលមានទម្ងន់ប្រក្រតីល្អនៅពេលគ្រប់កំណត់ប្រសូតទៀតផង៕