ក្នុងនាមអ្នកជាស្ត្រីម្នាក់ដែលកំពុងតែពពោះទារកដ៏តូចមួយនៅក្នុងផ្ទៃ និងក្នុងនាមជាអ្នកម្តាយម្នាក់ តើអ្នកបានដឹងរឿងគ្រប់យ៉ាងដែលគួរដឹងក្នុងអំឡុងពេលកំពុងពពោះនេះហើយឬនៅ? ប្រសិនបើអ្នកបានដឹងគ្រប់យ៉ាងហើយនោះអ្នកគួរតែអនុវត្តវាឱ្យបានល្អ ដើម្បីជាប្រយោជន៍ទាំងអ្នកម្តាយ និងកូនក្នុងផ្ទៃ ប៉ុន្តែបើអ្នកនៅមិនទាន់បានជ្រាបច្បាស់ទេនោះ អ្នកគួរតែចំណាយពេលមួយភ្លែតដើម្បីធ្វើការស្វែងយល់បន្ថែមអំពីគន្លឹះល្អៗដែលស្ត្រីមានគត៌ទូទៅគួរតែដឹង។
ការគេង
ជាការពិតណាស់ មានស្ត្រីមានផ្ទៃពោះឯណាដែលអនុញ្ញាតឱ្យគេងតាមចិត្តនឹកឃើញនោះ។ អ្នកជំនាញបានប្រាប់ឱ្យស្ត្រីមានគត៌គ្រប់គ្នាដឹងថាការគេងផ្អៀងគឺជាកាយវិការគេងដ៏ល្អមួយសម្រាប់ស្ត្រីមានផ្ទៃពោះចំណែកឯស្ត្រីមួយចំនួនដែលតែងតែទម្លាប់គេងផ្ងារ មិនប្រែទៅណាសោះនោះគួរតែហាត់ប្តូរទម្លាប់នេះជាបណ្តើរៗឱ្យហើយទៅ។ ការស្រាវជ្រាវបានរៀបរាប់ថាការគេងផ្ងារ ត្រង់ភ្លឹង ខ្នងទាំងមូលត្រូវគេងលើគ្រែពូកទាំងស្រុង មិនបានផ្តល់ភាពងាយស្រួលដល់អ្នក និងទារកនោះទេតែវាថែមទាំងអាចបង្កឱ្យមានបញ្ហាផ្សេងៗដូចជា ឈឺចុករួយឆ្អឹងខ្នង ហើមដៃជើង ស្រមុកវិលមុខ(ពិសេសពេលក្រោកឈរឬដើរ) ហើយក៏អាចធ្វើឱ្យឈាមដើរមិនសព្វរាងកាយផងដែរ។ មិនចាំបាច់មានការបារម្ភឬភ្ញាក់ផ្អើលនោះទេ ប្រសិនបើអ្នកក្រោកឡើងហើយឃើញថាខ្លួនឯងកំពុងតែគេងផ្ងារនោះ គ្រាន់តែប្តូរមកជាការគេងផ្អៀងទៅខាងណាមួយដែលអ្នកគិតថាមានភាពងាយស្រួលទៅបានហើយ។
នៅពេលពោះរបស់អ្នកកាន់តែមានទំហំធំឡើង ការគេងកាន់តែមានការពិបាកជាងមុន ដូច្នេះដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកសូមសាកល្បងអនុវត្តតាមវិធីខាងក្រោមនេះ៖
គេងផ្អៀង
ដើម្បីឱ្យការគេងផ្អៀងនេះកាន់តែមានភាពងាយស្រួលហើយក៏មិនបារម្ភថានឹងអាចកើតមាននូវបញ្ហាផ្សេងៗនោះអ្នកជំនាញបានរៀបរាប់ថា អ្នកគួរតែមានជំនួយពីសម្ភារមួយចំនួនដូចជា កន្សែងពោះគោ2 ខ្នើយកើយ4 ឬ5 និងភួយ1។
ជំហានទី1: បត់កន្សែងពោះគោរួចដាក់កល់ពីក្រោមពោះ
ជំហានទី2: ដាក់ខ្នើយ1 នៅចន្លោះជើងទាំង2របស់អ្នក (ប្រសិនបើខ្នើយតែមួយ នៅមិនទាន់ធ្វើឱ្យអ្នកមានអារម្មណ៍ថាមានភាពងាយស្រួលទេនោះ អ្នកអាចដាក់បន្ថែមខ្នើយមួយទៀតបាន តែត្រូវដាក់ក្នុងស្រោមតែមួយ)
ជំហានទី3: ដាក់ខ្នើយមួយទៀតកល់ពីខាងក្រោយខ្នង
ជំហានទី4: យកខ្នើយមួយទៀតមកឱប
ជំហានទី5: មូរកន្សែងពោះគោមួយទៀតដាក់ពីលើខ្នើយកើយរបស់អ្នក។
គេងផ្ងារ
ខាងលើនេះគឺជាវិធីគេងទីមួយដែលអ្នកអាចយកទៅធ្វើតាមប៉ុន្តែប្រសិនបើអ្នកចង់ដឹងឡារ៉ែនសូមណែនាំវិធីមួយផ្សេងទៀតគឺ ការគេងផ្ងារ ប៉ុន្តែការគេងផ្ងារបែបនេះមានភាពខុសគ្នាពីការគេងផ្ងារទូទៅដែលអ្នកធ្លាប់គេង។ ការគេងផ្ងារនាពេលនេះតម្រូវឱ្យអ្នកមានខ្នើយជាជំនួយចំនួន7 ហើយត្រូវរៀបចំតាមក្បួនដូចតទៅ៖
ទី1 : យកខ្នើយមួយដាក់លើខ្នើយកើយដែលអ្នកមានស្រាប់ ចំណែកខ្នើយមួយទៀតដាក់កល់ពីចន្លោះកទៅខ្នង។
ទី2 : យកខ្នើយ2 ដាក់កល់ជង្គង់(ត្រូវកល់ទទឹងដើម្បីឱ្យកែងជើងបានប៉ះទៅនឹងពូក)
ទី3 : យកខ្នើយ2មកដាក់ក្រោមដៃម្ខាងមួយ។
បញ្ជាក់ ៈ សូមប្រើខ្នើយដែលទន់ និងមានទំហំសមល្មម។ពេលនេះអ្នកម្តាយមានគភ៌ជិតគ្រប់ខែទាំងអស់អាចគេងសម្រាកបានយ៉ាងងាយស្រួលហើយ។ រាត្រីសួស្តី!