ភាព​ប្រឈម​របស់​ស្ត្រី​ពេល​មាន​ផ្ទៃពោះ​ដែល​ត្រូវ​យល់ដឹង

0
1

ការសម្រេចចិត្ត​បង្កើន​ចំនួន​សមាជិក​ក្នុង​គ្រួសារ​វា​គឺជា​រឿង​ដ៏​ល្អ​មួយ និង​រីករាយ​បំផុត ជាពិសេស​សម្រាប់​អ្នក​ដែល​ទើបតែ​ចាប់ផ្ដើម​កសាង​ជីវិត​ជា​គូ។ ជាមួយគ្នានេះ ការយល់ដឹង​ពី​ការ​មាន​ផ្ទៃពោះ ក៏ដូចជា​វិធី​ថែទាំ​សុខភាព​ក្នុងអំឡុងពេល​កំពុង​ពរ​ពោះ ក៏​ជា​បញ្ហា​មួយ​យ៉ាងសំខាន់​ផងដែរ ដែល​ស្ត្រី​ទាំងឡាយ​ត្រូវតែ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់ ដើម្បី​បញ្ចៀស​នូវ​បញ្ហា​គភ៌​មាន​វិបត្តិ ឬ​គ្រោះថ្នាក់ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ​ចំពោះ​សុខភាព​រាងកាយ​របស់ មាតា និង​ទារក​ក្នុង​ផ្ទៃ។

ស្ថានភាព​ទូទៅ

ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ និង​ការកំណត់​ចំណាំ​របស់​អ្នកជំនាញ​កាលពីពេល​ក​ន្ល​ង​ទៅបាន​ឲ្យ​ដឹងថា ជាទូទៅ ស្ត្រី​ដែល​កំពុង​ត្រៀមខ្លួន​ក្លាយជា​ម្ដាយ​របស់គេ​តែងមាន​ភាព​ប្រឈម​ជាមួយ​ជំងឺផ្សេងៗ ដែល​ភាគច្រើន​អ្នកជំនាញ​អាច​ពិនិត្យឃើញ​មាន​ចាប់ពី​ពេល​មាន​ផ្ទៃពោះ​រហូត​ដល់ពេល​សម្រាល។ ម្យ៉ាងវិញទៀត ជំងឺ​ទាំងនេះ​គឺជា​ដើមចម​ដ៏​ចម្បង​មួយ ដែល​អាច​បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ ក៏ដូចជា​ទារក​នៅក្នុង​ផ្ទៃ​មាន​គ្រោះថ្នាក់​បាន​យ៉ាង​ងាយ ខណៈ​បើ​មិនបាន​ពិនិត្យ និង​ទទួលបាន​ការព្យាបាល​ទាន់ពេលវេលា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហួត សេង អ្នកឯកទេស​ផ្នែក​សម្ភព រោគ​ស្ត្រី និង​អេកូ​សាស្ត្រ​ទារក​ក្នុង​ផ្ទៃ។

 

មុនពេល​មាន​ផ្ទៃពោះ

          ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស​អ្នក​នៅតាម​តំបន់​ជនបទ​តែម្ដង​តែង​យល់ថា ការ​មាន​ផ្ទៃពោះ​វា​គឺជា​រឿង​ធម្មតា​ដែល​អាច​កើតឡើង​រវាង​មនុស្ស​ប្រុស-ស្រី​ជា​ដៃគូ​ជីវិត​នឹង​គ្នា ហើយ​ភាគច្រើន​ក៏​មិនបាន​កំណត់​ពី​ពេលវេលា​សមស្រប​ក្នុងការ​ទទួលយក​បុត្រ​នេះដែរ ការយល់ឃើញ​បែបនេះ​វា​គឺជា​រឿង​មួយ​ដែល​ខុសឆ្គង និង​គ្រោះថ្នាក់​បំផុត។ បើតាម​អនុសាសន៍​របស់លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ហួត សេង អ្នកឯកទេស​ផ្នែក សម្ភព រោគ​ស្ត្រី និង​អេកូ​សាស្ត្រ ទារក ក្នុង​ផ្ទៃ បាន​ឲ្យ​ដឹងថាៈ ដើម្បី​បញ្ចៀស​នូវ​រាល់​គ្រោះថ្នាក់ផ្សេងៗដែល​អាច​កើតមាន​ក្នុងអំឡុងពេល​កំពុងមាន​ផ្ទៃពោះ ឬ​នៅពេល​សម្រាល ស្ត្រី​ទាំងអស់​គួរតែ មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជាមុនសិន ដើម្បី​ទទួលបាន​ការពិនិត្យ​ក៏ដូចជា​យល់ដឹង​ពី​ព័ត៌មាន​សុខភាព​ជាក់លាក់​មុនពេល​សម្រេចចិត្ត​ទទួលយក​បុត្រ។

 

          – ការ​លើស​ទម្ងន់ ឬ​ធាត់ ៖ បើទោះជា​មិន​ស្ថិតនៅក្នុង​ស្ថានភាព​ពរ​ពោះ​ក៏ដោយ ការឡើង​ទម្ងន់ ឬ​ធាត់​ខ្លាំង​គឺជា​បច្ច័យ​មិនល្អ​មួយ​ចំពោះ​សុខភាព។ ក្រៅពី​ភាពមិនប្រក្រតី​របស់​ស​រី​រា​ង្គ​បន្ត​ពូជ (ស្បូន និង​ក្រ​ពេញដៃ​ស្បូន) ការឡើង​ទម្ងន់ ឬ​ធាត់​ខ្លាំង​ក៏​ជា​បញ្ហា​ផងដែរ។ ប្រសិនបើ​ចំពោះ​ស្រី្ត​មាន​សភាព​ធាត់​ខ្លាំង មាន​ផ្ទៃពោះ​នោះ​វា​អាច​បណ្តាល​ឲ្យ​អ្នក​ប្រឈមមុខ​ខ្ពស់​ជាមួយនឹង​ជំងឺ​ទឹកនោមផ្អែម, ជំងឺលើសឈាម ឬ​ជំងឺលើសឈាម​ធ្ងន់ធ្ងរ ដែល​វា​អាចធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​ខុស​ប្រក្រតី ជាពិសេស ប្រឈមមុខ​នឹង​ការវះកាត់​នៅពេល​សម្រាល​តែម្ដង។

 

– ករណី​ធ្លាប់មាន​ប្រវត្តិ​ជំងឺ​ប្រចាំកាយ៖ ប្រសិនបើ​ស្ត្រី​ដែល​ធ្លាប់មាន​ជំងឺ​ទឹកនោមផ្អែម, ជំងឺលើសឈាម, ជំងឺ​បេះដូង ក៏ដូចជា​ជំងឺផ្សេងៗដទៃទៀត​នោះ ចាំបាច់​ត្រូវតែទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដែលមាន​ជំនាញ និង​ឯកទេស​ច្បាស់លាស់ ដើម្បី​បានដឹង​ពី​ព័ត៌មាន​លម្អិត​យល់ច្បាស់​ពី​បញ្ហា​សុខភាព ជាពិសេស​បានដឹង​ពី​លទ្ធភាព​ក្នុងការ​មាន​បុត្រ ដែល​មិន​ប៉ះពាល់​សុខ​សុវត្ថិភាព​មាតា និង​ទារក។

 

– ស្ថានភាព​សុខភាព និង​ជំងឺឆ្លង៖ មេរោគ​មួយចំនួន​ដូចជា HIV, Rubéole(ស្អូច), Toxoplasmose, CMV,  Virus B19 …អាច​ឆ្លង​ពី​ម្ដាយ ដល់​កូន ក្នុង​ផ្ទៃ​នៅពេល​កំពុងមាន​ផ្ទៃពោះ និង​នៅពេល​ឈឺពោះ​សម្រាល ដែល​អាច​បង្ក​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់។ ដូចនេះ មាតា​គ្រប់រូប​ត្រូវ​ស្គាល់​នូវ​ស្ថានភាព​របស់​មេរោគ​ទាំងនេះ (Status Sérologique) ឲ្យ​បាន​ច្បាស់​នៅមុន​ពេល​មាន​ផ្ទៃពោះ។

 

– ជំងឺ​តំណរ​ពូជ៖ ជំងឺ​តំណរ​ពូជ​មួយចំនួន​ដូចជា Thalassèmie, Mucoviscidose… អាច​បន្ត​ពី​ឳ​ពុក-ម្ដាយ ទៅ​កូន​ក្នុង​ផ្ទៃ ដែល​ចាំបាច់​ដៃគូ(ប្ដី-ប្រពន្ធ) ត្រូវ​ស្វែងយល់​ផងដែរ។

 

អំឡុងពេល​មាន​ផ្ទៃពោះ

          នៅក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ ការពិនិត្យ​ផ្ទៃពោះ និង​ការពិនិត្យ​ទារក​ក្នុង​ផ្ទៃ​ដោយ​ម៉ាស៊ីន​អេកូ​សាស្ត្រ គឺជា​រឿង​ដ៏​សំខាន់​ដែល​មិនអាច​ខកខាន​បាន។

ការពិនិត្យ​នៅ​ត្រីមាស​ទី1(11-14សប្ដាហ៍) អាច​ឲ្យ​យើង​ដឹង​អំពី​អាយុ​កូន, ថ្ងៃ​គ្រប់​ខែ​បាន​ច្បាស់ លើសពីនេះទៅទៀត ក៏​អាច​ឲ្យ​ដឹង​ពី​ភាពមិនប្រក្រតី​មួយចំនួន។ ការ​វាស់​កម្រាស-ក-របស់​កូន​ក្នុង​ផ្ទៃ រួមជាមួយ​ការធ្វើ​តេស្ត​ឈាម​ក្នុងអំឡុង​ពេលនេះ អ្នកជំនាញ​អាច​រកឃើញ​នូវ​ហានិភ័យ​នៃ​ជំងឺ​បាន (Down Syndrôme)។ ការពិនិត្យ​នៅ​ត្រីមាស​ទី2 (22-24សប្ដាហ៍) អាច​ឲ្យ​ដឹង​ពី​ការវិវត្តន៍​របស់​ទារ​ក​ក្នុង​ផ្ទៃ និង​ភាពមិនប្រក្រតី​នៃ​កាយសម្បទា​របស់​ទារក។ ការពិនិត្យ​នៅ​ត្រីមាស​ទី3 អាច​ឲ្យ​ដឹង​ពី​ការលូតលាស់, ទម្ងន់​របស់​ទារក, ទីតាំង​សុក, បរិមាណ​ទឹកភ្លោះ ងាយស្រួល​វាយតម្លៃ​នៃ​ការ​សម្រាល។

 

ផលប៉ះពាល់

          មិន​ថា​នៅក្នុង​រាងកាយ​របស់​ស្ត្រី​កំពុង​ពរ​ពោះ​មាន​ផ្ទុក​នូវ​ប្រភេទ​នៃ​ជំងឺ​ណាមួយ​ក្នុងចំណោម​ជំងឺ​ទាំងអស់​ខាងលើ​នោះទេ គឺ​សុទ្ធតែជា​បច្ច័យ​មិនល្អ​ចំពោះ​សុខភាព​របស់​មាតា និង​ទារក​ក្នុង​ផ្ទៃ​ទាំងអស់។ ភាពអាក្រក់​ដែល​បណ្តាលមកពី​ជំងឺ​ទាំងនោះ ក្រៅពី​ធ្វើ​ឲ្យ​សុខភាព​មាតា​មាន​ភាព​ទ្រុឌទ្រោម​ទៅតាម​អនុភាព​របស់​ជំងឺ ថែមទាំង​អាច​បង្ក​ផល​អាក្រក់​ចំពោះ​សុខភាព​ទារក​ក្នុង​ផ្ទៃ ដូចជា មានការ​លូតលាស់​មិន​ប្រក្រតី, ពិការភាព​កាយសម្បទា, ទារក​មាន​ជំងឺ​ប្រចាំកាយ​តាំងពី​កំណើត, ពិបាក​ក្នុងពេល​សម្រាល, អាច​សម្រាល​មិន​គ្រប់​ខែ ឬ​ធ្វើ​ឲ្យ​ទារ​កមាន​ប្រាជ្ញា​ស្មារតី​មិន​ប្រក្រតី​ក្រោយពេល​កើត ហើយ​ប្រការ​សំខាន់បំផុត​នោះ វា​អាច​ឆក់យក​អាយុជីវិត​ទាំង​ស្ត្រី​ជា​ម្ដាយ និង​ទារក​នៅក្នុង​ផ្ទៃ​ក៏មាន។

 

អនុសាសន៍​អ្នកជំនាញ

          ជាមួយនឹង​ការណែនាំ និង​ពន្យល់ត្រួសៗពាក់ព័ន្ធ​ទៅនឹង​ការថែទាំ​សុខភាព​មាតា និង​ទារក ជាពិសេស​យល់ដឹង​ពី​ភាព​ប្រឈម​របស់​ស្ត្រី​ពេល​មាន​ផ្ទៃពោះ លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហួត សេង បាន​គ្រើនរំលឹក​ដល់​បងប្អូន​ដែលជា​ស្ត្រី​ទាំងអស់ ជាពិសេស​អ្នក​ដែល​កំពុង​ប្រាថ្នា​ចង់បាន​បុត្រ​តែម្ដង​ថាៈ វិធី​បង្ការ​គ្រោះថ្នាក់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​បុំ​ផុត ស្ត្រី​ដែលមាន​បំណង​ចាង់​បានកូន គួរ​ទៅសុំ​ជូ​ប​ពិគ្រោះ​ជាមួយ​អ្នកជំនាញ មុននឹង​សម្រេចចិត្ត​ចង់​កូន ចៀសវាង​ពេល​មាន​បញ្ហា​ទើប​ស្វះ​ស្វែងរក​ដំណោះស្រាយ​តាម​ក្រោម​វា​មិនមែនជា​រឿង​ដែល​ល្អ​នោះឡើយ។ កាលដែល​ចេះ​ការពារ​មុនពេល​មាន​បញ្ហា ក្រៅពី​អាច​ថែរក្សា​បាន​នូវ​ធនធាន មាន​សុខ​ភាពល្អ​មាំ​មួយ ថែមទាំង​អាចជួយ​ឲ្យ​ទារក​មានការ​លូតលាស់​ល្អ គួរ​ជាទី​ស្រឡាញ់​សម​ដូច​បំណងប្រាថ្នា​ទៀតផង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here