កុមារ និងស្ត្រីមានផ្ទៃពោះ ហាមញ៉ាំ​ស៊ុត​នៅជ័រព្នៅ

0

ស៊ុត ជាអាហារដ៏ពេញនិយមបំផុតសម្រាប់មនុស្សនៅទូទាំងពិភពលោក ព្រោះវាមានរស់ជាតិឆ្ងាញ់ ហើយសម្បូរសារធាតុចិញ្ចឹមដែលអាចជួយលើកកម្ពស់ដល់សុខភាព។ ក៏ប៉ុន្តែ ការទទួលទានស៊ុតនៅជ័រព្នៅ រាងកាយអាចស្រូបយកសារធាតុចិញ្ចឹមបានត្រឹមតែ៥០ភាគរយ ប៉ុណ្ណោះ ហើយអាចបង្កហានិភ័យផ្សេងៗចំពោះសុខភាពថែមទៀត។

អ្នកត្រូវដឹងថា ស៊ុតនៅជ័រព្នៅ មានផ្ទុកបាក់តេរីមួយប្រភេទដែលអាចបណ្តោលឲ្យអ្នកពុលបាន ដែលមានរោគសញ្ញាដូចជា៖ ចុកពោះ រាគរូស ក្អួត ក្តៅខ្លួន និងឈឺក្បាល…។ រោគសញ្ញាទាំងនេះអាចលេចឡើង ក្រោយពេលអ្នកបរិភោគរួច ៦ទៅ ៤៨ម៉ោង ហើយអាចបន្តរហូតដល់ ៣ ទៅ ៧ថ្ងៃ។

អាស្រ័យហេតុនេះ ប្រសិនបើអាច អ្នកគួរតែជៀសវាងទទួលទានស៊ុតជ័រព្នៅ ជាពិសេសចំពោះកុមារ និងស្ត្រីមានផ្ទៃពោះតែម្តង។

កុមារតូចៗ
កុមារតូចៗនៅមានប្រព័ន្ធភាពស៊ាំទន់ខ្សោយខ្លាំងណាស់ ដូច្នេះប្រសិនបើអ្នកអនុញ្ញាតឲ្យពួកគេញ៉ាំស៊ុតនៅជ័រព្នៅ មេរោគបាក់តេរីអាចធ្វើទុក្ខទោសដល់រាងកាយបានយ៉ាងងាយ។

ដើម្បីសុវត្ថិភាព ហើយកុមារអាចទទួលបានសារធាតុចិញ្ចឹមច្រើនពីស៊ុត អ្នកគួរតែស្ងោរស៊ុតឲ្យបានឆ្អិនល្អ មុននឹងឲ្យកុមារញ៉ាំ។

ស្ត្រីកំពុងមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះពុំគួរញ៉ាំអាហារឆៅ ឬអាហារចម្អិនមិនបានឆ្អិនល្អនោះទេ ដូចជាស៊ុតនៅជ័រព្នៅជាដើម។ ព្រោះបាក់តេរីនៅក្នុងស៊ុតជ័រព្នៅ អាចបង្កឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការឈឺចាប់ ហើយលទ្ធផលអាចកើតមានហានិភ័យកូនកើតមិនគ្រប់ខែ ឬទារកស្លាប់ក្នុងផ្ទៃក៏មាន។

រាល់អាហារទាំងអស់មុននឹងស្ត្រីមានផ្ទៃពោះទទួលទាន ត្រូវការឆ្លងកាត់ការឆ្អិនឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលវិបាកផ្សេងៗដល់សុខភាពខ្លួនឯង និងកូនក្នុងផ្ទៃ៕