ដឹងហើយថាអាហារទាំងនេះវាឆ្ងាញ់ តែស្ត្រីមានផ្ទៃពោះគួរផ្អាកទទួលទានសិនទៅ

0

មិនមែនអាហារទាំអអស់សុទ្ធតែល្អសម្រាប់ទារកមិនទាន់កើតនោះទេ បើអ្នកម្តាយមិនចេះជ្រើសរើសអាហារដែលល្អសម្រាប់សុខភាពវានឹងប៉ះពាល់ដល់កូន ហើយក្នុងករណីធ្ងន់ធ្ងរអ្នកអាចបាត់បង់កូនបាន។ ខាងក្រោមនេះជាអាហារដ៏ពេញនិយម៣ប្រភេទ ដែលស្ត្រីមានផ្ទៃពោះគួរតែជៀសវាង។

១.ល្ហុងឆៅ

ល្ហុង គឺជាបន្លែមួយប្រភេទដែលគេនិយមប្រើសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗ ហើយអាហារមួយមុខដែលគេកំពុងតែពេញនិយមខ្លាំងបំផុត គឺបុកល្ហុង។ ទោះបីជាវាមានរសជាតិឆ្ងាញ់យ៉ាងណាក៏ដោយ ប៉ុន្តែល្ហុងឆៅត្រូវបានហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ ព្រោះវាមានផ្ទុកជាតិជ័រដែលអាចធ្វើឲ្យមានហានិភ័យរលូតកូន ឬកូនកើតមិនគ្រប់ខែផងដែរ។

២.កាហ្វេ

បច្ចុប្បន្ននេះកាហ្វេត្រូវបានគេនិយមទទួលទានខ្លាំងបំផុត ទាំងមនុស្សចាស់ និងយុវវ័យ ប៉ុន្តែមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ ការទទួលទានកាហ្វេច្រើនពេក អាចបណ្តោលឲ្យខូចខាតមុខងារ និងការលូតលាស់នៃសរីរាង្គថ្លើមរសប់ទារក ហើយអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់រាងកាយនាពេលអនាគត់ថែមទៀត។

៣.ស៊ុតឆៅ

ស៊ុត គឺជាអាហារដែលមនុស្សស្ទើរតែគ្រប់ក្រុមគ្រួសារត្រូវការញ៉ាំជាអាហារពេលព្រឹកជាប្រចាំ រហូតមានអ្នកខ្លះចូលចិត្តហ៊ុតទាំងឆៅថែមទៀត។ ទោះជាយ៉ាងណាស៊ុតឆៅ ឬស៊ុតនៅជ័រព្នៅ មិនល្អសម្រាប់ស្ត្រីមានផ្ទៃពោះឡើយ ព្រោះវាអាចឲ្យអ្នកម្តាយឆ្លងមេរោគបាក់តេរី។ ករណីខ្លះអាចពុលធ្ងន់ធ្ងរដែលនាំឲ្យមានគ្រោះថ្នាក់ទាំងម្តាយ និងកូន។

ការជ្រើសរើសអាហារមកទទួលទានជាប្រចាំថ្ងៃពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពទារក។ ប្រសិនបើអ្នកមិនដឹងថា គួររើសអាហារបែបណា គួរសុំដំបូន្មានពីគ្រូពេទ្យនៅជិតអ្នកបំផុតក៏បានដែរ៕