ពេលមានផ្ទៃពោះម៉ាក់ៗគួរផ្អាកញ៉ាំអាហារ៧មុខនេះសិនទៅ បើមិនចង់មានបញ្ហាក្រហាយទ្រូង

0

ការផ្ទុកអំប្រ៊ីយ៉ុងនៅខាងក្នុង និងចិញ្ចឹមរហូតដល់ប្រែក្លាយទៅជាទារកដែលមានការអភិវឌ្ឍពេញលេញ ពិតជាកិច្ចការដ៏លំបាកបំផុត។ ទន្ទឹមនឹងការផ្លាស់ប្តូរអារម្មណ៍ និងអ័រម៉ូននៅខាងក្នុង ក៏មានការផ្លាស់ប្តូររាងកាយផ្នែកខាងក្រៅជាច្រើន ដែលស្ត្រីមានផ្ទៃពោះត្រូវឆ្លងកាត់ផងដែរ។ខណៈដែលការផ្លាស់ប្តូរខាងក្រៅ គួរឲ្យកត់សម្គាល់បំផុតគឺ ក្បាលពោះរីកធំ ហើមកជើង ឬផ្ទៃមុខប្រែជាលែងទាក់ទាញ។ ចំពោះការផ្លាស់ប្តូរផ្នែកខាងក្នុងរួមមាន ការជម្រុញឲ្យមានការនោមហួសប្រមាណ សុដន់ប្រែជាតឹងណែន និងក្រហាយទ្រូង។

ការក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះជាបញ្ហាទូទៅដែលបណ្តោលមកពីការបន្ធូរសាច់ដុំនៅផ្នែកខាងលើនៃក្រពះ។ បញ្ហានេះកើតឡើងនៅពេលដែលរាងកាយមិនអាចទប់ទល់នឹងតម្រូវការផ្ទុកទារកកំពុងលូតលាស់ ដែលជាលទ្ធផលសាច់ដុំមិនមានប្រសិទ្ធភាពក្នុងការការពារទឹករំលាយអាហារមិនឲ្យច្រាលពីក្រពះ រហូតដល់បំពង់អាហារបាន។

លើសពីនេះទៅទៀត នៅពេលបញ្ចេញអ័រម៉ូន progesterone និង estrogen ជះឥទ្ធិពលដល់ការផលិតទឹកអាស៊ីតក្នុងក្រពះ ដែលនាំឲ្យមានអារម្មណ៍ក្តៅឆេះនៅក្នុងដើមទ្រូង។ ការសិក្សាបានបង្ហាញថា រោគសញ្ញានៃការក្រហាយទ្រូងមានការកើនឡើងគួរឲ្យកត់សម្គាល់នៅចុងត្រីមាសទី ២ នៃការមានផ្ទៃពោះ។ វាបណ្តោលមកពីការផ្លាស់ប្តូរអ័រម៉ូន និងការលូតលាស់របស់ទារកបានសង្កត់លើក្រពះរបស់អ្នកម្តាយ។ ទោះជាយ៉ាងណាករណីខ្លះបណ្តោលមកពីការទទួលទានអាហារ ដូច្នេះស្ត្រីមានផ្ទៃពោះគួរតែជៀសវាងអាហារមួយចំនួន។

ផ្លែប៊ឺរ

ទោះបីជាផ្លែប៊ឺរ ល្អសម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែវាមិនសមស្របសម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ។ ព្រោះមាតិកាខ្លាញ់ខ្ពស់នៅក្នុងផ្លែប៊ឺរ អាចបណ្តោលឲ្យចាល់អាស៊ីតក្នុងក្រពះ និងក្រហាយទ្រូង។ ការសិក្សាបានបង្ហាញថា ការក្រហាយទ្រូងជាពិសេសនៅត្រីមាសទី៣ត្រូវបានកើតឡើងដោយការញ៉ាំអាស៊ីតខ្លាញ់។

២.សូកូឡា

អាហារប្រភេទនេះត្រូវបានគេទទួលស្គាល់ថា ជាសារធាតុបំប៉ន ឬសារធាតុបង្កឲ្យមានការច្រាលអាស៊ីតក្នុងក្រពះ ហេតុនេះស្ត្រីមានផ្ទៃពោះត្រូវបានគេណែនាំឲ្យជៀសវាង។ ក្រៅពីផ្ទុកជាតិកាហ្វេអ៊ីន សូកូឡាក៏មានសារធាតុម្យ៉ាងដែលគេហៅថា theobromine  ដែលអាចនាំឲ្យមានបញ្ហាក្រហាយទ្រូង និងច្រាលជាតិអាស៊ីត។

៣.ជាតិកាហ្វេអ៊ីន

ភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីន ដូចជា តែ កាហ្វេ ឬសូដា ត្រូវបានគេទទួលស្គាល់ថា អាចបណ្តោលឲ្យស្ត្រីមានផ្ទៃពោះក្រហាយទ្រូង។ ជាពិសេសស្ត្រីមានផ្ទៃពោះហាមដាច់ខាត មិនត្រូវទទួលទានទាំងពពោះទទេនោះទេ។ ប្រសិនបើស្ត្រីមានផ្ទៃពោះអត់មិនបានទេ អាចទទួលទានត្រឹម ១ទៅ២ពែងក្នុងមួយថ្ងៃបានហើយ ឬជំនួសដោយទឹកផ្លែឈើស្រស់វិញប្រសើរជាង។

៤.អាហារកែច្នៃ

កុំថាឡើងស្ត្រីមានផ្ទៃពោះដែលពុំគួរទទួលទានអាហារកែច្នៃ សូម្បីតែមនុស្សទូទៅក៏ដូចគ្នាដែរ។ ព្រោះជាតិស្ករចម្រាញ់ និងជាតិម្សៅគ្រប់ប្រភេទអាចបណ្តោលឲ្យមានអាការៈក្រហាយទ្រូង ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ។ ប្រសិនបើអ្នកឃ្លាននំដុត សូមធ្វើនៅផ្ទះដោយខ្លួនឯង ឬបញ្ជាទិញនំដែលគេផលិតថ្មីៗ។

៥.អាហារហិរ

ការទទួលទានអាហារហិរ គឺជាបុព្វហេតុលេចធ្លោមួយសម្រាប់បញ្ហាក្រហាយទ្រូងចំពោះស្ត្រីមានផ្ទៃពោះ។ ព្រោះអាហារប្រភេទនេះច្រើនតែមានផ្ទុកសារធាតុម្យ៉ាងដែលហៅថា capsaicin អាចធ្វើឲ្យអត្រានៃការរំលាយអាហារថយចុះ។ នោះជាការស្តុកទុកយូរនៅក្នុងក្រពះមិនរំលាយ ធ្វើឲ្យហានិភ័យនៃការក្រហាយទ្រូងកើតមានឡើង។

៦.សាច់គោ

យកល្អស្ត្រីមានផ្ទៃពោះគួរតែជៀសវាងសាច់គោ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ដែលបណ្តោលឲ្យក្រហាយទ្រូង។ ប្រសិនបើអ្នកចង់ញ៉ាំសាច់គោ គួរតែជ្រើសកន្លែងដែលគ្មានខ្លាញ់ វានឹងជួយកាត់បន្ថយខ្លាញ់ដែលនាំឲ្យមានបញ្ហាក្រហាយទ្រូង។

៧.គ្រឿងស្រវឹង

ជាតិអាល់កុលត្រូវបានគេចាត់ទុកថា ធ្វើឲ្យប៉ះពាល់ដល់ទារកដែលកំពុងតែលូតលាស់។ ក្រៅពីនេះវាធ្វើឲ្យអ្នកម្តាយក្រហាយទ្រូង និងច្រាលទឹកអាស៊ីតក្នុងក្រពះក្នុងពេលមានផ្ទៃពោះ។ ជាតិអាល់កុល គឺជាភ្នាក់ងារដែលអាចធ្វើឲ្យអំប្រ៊ីយ៉ុងលូតលាស់មិនបានត្រឹមត្រូវ កូនកើតជំងឺវង្វេង កូនកើតមិនគ្រប់ខែ កូនមានទម្ងន់ស្រាល ឬរលូត ជាដើម។

គ្មានការណែនាំណាមួយដែលបង្ហាញពីបរិមាណជាតិអាល់កុលអាចត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការទទួលទានពេលមានផ្ទៃពោះនោះទេ។ ដូច្នេះការជៀសវាងទើបល្អបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះទាំងឡាយ៕