ជំងឺខ្វះឈាម ឬគេហៅម្យ៉ាងទៀតថា ភាពស្លេកស្លាំង កើតឡើងដោយសារតែកង្វះជាតិដែកនៅក្នុងខ្លួន។ អ្នកជំនាញជឿថា ជំងឺនេះបណ្តោលមកពីតំណពូជ ហើយសូម្បីតែទារកមិនទាន់កើតក៏ទាញយកជាតិដែកពីម្តាយដែរ ដែលធ្វើអ្នកម្តាយត្រូវប្រឈមនឹងគ្រោះថ្នាក់។
ចំពោះរោគសញ្ញានៃជំងឺខ្វះឈាមរួមមាន៖ អស់កម្លាំងជាប្រចាំ វិលមុខញឹកញាប់នៅពេលអង្គុយ ឬក្រោកឈរ មានដង្ហើមខ្លីជាទម្លាប់ មានសម្ពាធឈាមទាប ញ័រទ្រូង ហើយពេលខ្លះបេះដូងលោតញាប់…។
ទោះជាយ៉ាងណាជំងឺខ្វះឈាម អាចកែសម្រួលឡើងវិញបាន ប្រសិនបើស្ត្រីមានផ្ទៃពោះទទួលទានអាហារដែលសម្បូរជាតិដែកជាប្រចាំ។ អាហារដែលស្ត្រីមានផ្ទៃពោះគួរទទួលទានមានដូចជា៖ ថ្លើម សាច់ក្រហម ស៊ុត ស្ពៃខ្មៅ ខាត់ណាផ្តាពណ៌ខៀវ ធញ្ញជាតិ ជាដើម។ អាហារទាំងអស់នេះអាចជួយស្តារជាតិដែកនៅក្នុងរាងកាយអ្នកម្តាយឲ្យមានភាពប្រសើរឡើងវិញ ហើយក្រៅពីនេះអ្នកក៏គួរតែទៅជួបគ្រូពេទ្យឲ្យទៀងទាត់ផងដែរ ដើម្បីពិនិត្យរោគសញ្ញា៕