ស្វាមី​ទាំងឡាយ ហាម​និយាយ​ពាក្យ​ទាំង​នេះ​ដាច់ខាត​នៅពេល​ភរិយា​កំពុង​ពពោះ​

0
1

ពាក្យសម្តី​ត្រឹមតែ​ពីរ​បី​ម៉ាត់​ដែល​លោក​ប្តី​និយាយ​ទៅកាន់​ភរិយា​ដែល​កំពុងមាន​ផ្ទៃពោះ ទោះជា​តាំងចិត្ត ឬ​មិនបាន​តាំងចិត្ត​ក៏ដោយ ពាក្យសម្តី​ខ្លះ​អាចធ្វើឱ្យ​ភរិយា​តូចចិត្ត និង​នាំឱ្យ​ភរិយា​ពិបាក​ចិត្តបាន ដូច្នេះ​ពាក្យ​ដែល​លោក​ប្តី​មិនគួរ​និយាយ​សោះ​ពេល​ភរិយា​កំពុង​ពពោះ​នោះ​គឺ

1 . បង​មិន​យល់​សោះ មិនដឹងថា​អូន​ឯង​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ច្រើន​សម្បើម​ម្ល៉េះ!

ការពិតទៅ​លោក​ប្តី​ជាច្រើន​នាក់​ប្រហែលជា​មិន​យល់ ឬ​មិនដឹង​មែន​ហ្នឹងឯង​ថា គ្រាន់​តែមាន​ផ្ទៃពោះ​សោះ ហេតុ​អី​បាន​ភរិយា​មាន​អារម្មណ៍​នឿយហត់​អី​ក៏​ខ្លាំង​ម្ល៉េះ?  តែ​ពេលនេះ​សូមជ្រាប​ទៅ​ថា ដោយសារតែ​អ័រម៉ូន​ដែល​រាងកាយ​បញ្ចេញ​មក​ដែល​ធ្វើឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​អារម្មណ៍​ថា ហត់នឿយ ចង់តែ​គេង​សម្រាក​នោះ វា​បុក​មក​តែ​លើ​ភរិយា​តែម្នាក់ឯង វា​ជា​រឿង​ដែល​ពិបាក​អធិប្បាយ​ពន្យល់​ឱ្យ​អ្នកណា​ដឹងបាន​ណាស់ ដូច្នោះ ស្វាមី​សូមកុំ​និយាយ​ពាក្យ​នេះ​ទៅ​ភរិយា​អី។

2 . ឃើញ​ពោះ​អូន​ឯង​ចេះតែ​ធំឡើងៗអ៊ីចឹង បង​ខ្លាច​ដល់​ហើយ…

សម្តី​នេះ​អាចធ្វើឱ្យ​ភរិយា​មាន​អារម្មណ៍​ថា ខ្លួនឯង​ជាម​នុស្ស​គួរឱ្យខ្លាច និង​មាន​អារម្មណ៍​ថា ឯកា​គ្មាន​អ្នក​យល់ចិត្ត ដែល​អារម្មណ៍​បែបនេះ​មិនល្អ​ទាល់តែសោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ  តែ​សូម​ស្ត្រី​ជា​ភរិយា​ទាំងឡាយ​កុំ​យកពាក្យ​សម្តី​នោះមក​ទុកដាក់​ក្នុង​ចិត្ត​អី ព្រោះ​ការពិតទៅ លោក​ប្តី​គ្រាន់តែ​ប្រើពាក្យ​ខុស​ប៉ុណ្ណោះ ដោយសារ​លោក​ប្តី​ប្រហែលជា​រំភើប​ជាមួយនឹង​ការ​មាន​បុត្រ​លើក​នេះ​ខ្លាំងពេក ទើប​ចេះតែ​លួច​សម្លឹងមើល​ពោះ​របស់​ភរិយា​ដែល​ចេះតែ​ធំ​ឡើងជារឿយៗ ដោយ​ចិត្ត​នឹក​កង្វល់​បារម្ភ​ប៉ុណ្ណឹង​ឯង។

3 . ហេតុ​អី​បាន​អូន​ឯង​ចេះតែ​យំ​ញឹកញាប់​ម្ល៉េះ?

ការពិតទៅ​ស្វាមី​មិនគួរ​និយាយ​ពាក្យ​នេះ​ទេ តែ​គួរ​ត្រេកអរ​ទៅវិញ​ទេ ដែល​មិនបាន​ប៉ះ​នឹង​អារម្មណ៍​ដែល​ប្រែប្រួល​ទៅមក​ដោយសារតែ​អ័រម៉ូន​ដូច​ភរិយា​នោះ  ព្រោះ​នៅពេល​តាំង​គភ៌ រាងកាយ និង​អ័រម៉ូន​ក្នុង​រាងកាយ​នឹង​ប្រែប្រួល​រហ័ស​ណាស់ បន្តិច​អ៊ីចេះ បន្តិច​អ៊ីចុះ ជួនកាល​ចង់​នៅតែ​ម្នាក់ឯង អផ្សុក ខូចចិត្ត បាក់​ទឹកចិត្ត យំ​ខ្សឹកខ្សួល ត្រេកអរ រំភើប គឺ​អារ​ម្ម​ប្រែប្រួល​ទៅមក​គ្រប់ពេលវេលា។ លោក​ប្តី​មិនចាំបាច់​ធ្វី​អ្វី​ច្រើន​ទេ បើ​ឃើញ​ភរិយា​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ គ្រាន់តែ​ដើរចូល​ទៅ​ឱប​ភរិយា ហើយ​លួងលោម​ទៅ តែ​ប៉ុណ្ណឹង​អាការ​ភរិយា​នឹង​បាន​ធូរស្រាល​វិញ​ហើយ។

4 . អាការ​ចង់​ញ៉ាំ​នេះ ចង់​ញ៉ាំ​នោះ​របស់​អូន​ឯង​កំពុង​ធ្វើឱ្យ​បង​ជិត​ឆ្កួត​ហើយ

អូយ!!  កុំ​និយាយ​ឱ្យសោះ​អា​ពាក្យ​ហ្នឹង ព្រោះ​វា​នឹងធ្វើ​ឱ្យ​ភរិយា​មាន​អារម្មណ៍​ស្អប់​លោក​ប្តី​ភ្លាម​តែម្តង។ ដូច​អ្នកគ្រូ ឆវី បាន​ប្រាប់​ពី​ខាងដើម​រួចមកហើយ​ថា អ្វី​ជាច្រើន​យ៉ាង​ដែល​ភរិយា​ធ្វើប្លែកៗ ឬ​ចង់​ញ៉ាំ​អី​បែបប្លែកៗក្នុងអំឡុងពេល​មានគភ៌​នោះ គឺជា​រឿង​របស់​អ័រម៉ូន​ដែល​ធ្វើឱ្យ​អារម្មណ៍​ឡើងចុះៗទាំងអស់  ដូច្នេះ​សម្រាប់​លោក​ប្តី អ្វីដែល​ភរិយា​ចង់បាន ក៏រកៗមកឱ្យ​ទៅ បើសិន​វា​មិន​លើសពី​សមត្ថភាព​ខ្លួន​នោះ។

5 . យប់​ថ្មើរ​ហ្នឹងហើយ អូន​នៅ​ចង់​ញ៉ាំ​ទៀត​ឬ?

គឺ​មនុ​ស្សមាន​ពោះ មាន​ពុង ច្រើនតែ​ភ្ញាក់​គ្រប់ពេលវេលា មិន​ទៀងទាត់ ហើយ​ពេល​ភ្ញាក់ឡើង ក៏​អាច​នឹង​ឃ្លាន ដែល​បើសិនជា​នៅក្នុង​ផ្ទះ​មិនបាន​ត្រៀម​អ្វី​ទុក​ញ៉ាំ​ផង​នោះ  វា​គឺជា​ភារកិច្ច​របស់លោក​ប្តី​ដែល​នឹងត្រូវ​ចេញទៅ​រក​ចំណីអាហារ​មកឱ្យ​ភរិយា​
ហើយ ដូច្នេះ​ចូរ​កុំ​រអ៊ូ ព្រោះ​អាការ​ឃ្លាន​នេះ ឃ្លាន​នោះ​មិនចេះចប់​នេះ គឺ​ដោយសារ​រាងកាយ​របស់​ភរិយា និង​កូន​ក្នុង​ផ្ទៃ​កំពុង​ត្រូវការ​ហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here