សូមចូលរួមត្រេកអរផងណា៎ សម្រាប់ស្ត្រីដែលចាប់ផ្តើមតាំងគភ៌គ្រប់គ្នា ចាប់ពីពេលនេះទៅអ្នកនឹងបានរៀនយល់ដឹងពីការរស់នៅមួយបែបទៀតដែលខុសប្លែកពីមុន។ រឿងសំខាន់ដែលអ្នកគួរតែដឹងនោះគឺ រឿងសុខភាពក្នុងអំឡុងពេល9ខែតពីពេលនេះទៅថា តើនឹងមានអ្វីកើតឡើងចំពោះអ្នកខ្លះ? ជាពិសេស ស្ត្រីដែលតាំងគភ៌លើកដំបូងទាំងឡាយ ដែល យើង មិនចង់ឱ្យខកខានក្នុងការអានអត្ថបទនេះឡើយ
1. ក្នុងរយៈពេលរបស់ការតាំងគភ៌ ស្ត្រីមានគភ៌1នាក់ក្នុងចំណោម20នាក់ ប្រសូតត្រូវតាមពេលវេលាដែលលោកគ្រូពេទ្យរាប់ថ្ងៃប្រសូតតែភាគច្រើនវិញ ស្ត្រីមានគភ៌នឹងប្រសូតមុនកំណត់ប្រមាណជា1-2សប្តាហ៍មានចំនួនដល់ទៅ1នាក់ក្នុង8នាក់ ដែលនេះគឺជារឿងប្រក្រតីទេ។
2. ការរាប់ពេលវេលាតាំងគភ៌របស់ស្ត្រីមានគភ៌នឹងរាប់ជាសប្តាហ៍ ដូចជា ការកំណត់ប្រសូតនឹងរាប់បន្ទាប់ពីថ្ងៃដែលអស់វដ្តរដូវ នឹងរាប់ជា40សប្តាហ៍ ហើយនឹងរាប់ចាប់ពីថ្ងៃចាប់បដិសន្ធិពិតៗគឺ 38សប្តាហ៍ដែលជាកំណត់ប្រសូតរបស់ស្ត្រីមានគភ៌។
3. ការតាំងគភ៌ក្នុងត្រីមាសដំបូង ពោះរបស់ស្ត្រីមានគភ៌នឹងមិនសូវមើលឃើញធំប៉ុន្មានទេ តែនឹងមើលឃើញច្បាស់ថា មានគភ៌នោះ គឺក្នុងអំឡុងត្រីមាសទី2។
4. អ្នកនឹងបានឮសំឡេងបេះដូងកូនជាលើកដំបូងប្រមាណជាក្នុងសប្តាហ៍ទី10 ដោយប្រដាប់ស្តាប់សំឡេង ឬតាមរយៈការធ្វើអាល់ត្រាសោនដ៍។
5. រាងកាយរបស់អ្នកនឹងប្រែប្រួលច្រើនយ៉ាង ដូចជា ខ្លួនប្រាណ ដៃ ជើង ក្បាលពោះ សុដន់ ក្រចកដៃជើង សក់ ស្បែក ហើយអាការ ផ្សេងៗដែលកើតឡើងចំពោះរាងកាយទាំងនេះនឹងបាត់អស់ទៅវិញនៅពេលប្រសូតបុត្ររួច។
6. ក្នុងអំឡុងពេលមានគភ៌ ខាងក្នុងរាងកាយរបស់អ្នកនឹងមានឈាមហូរវិលច្រើនជាងប្រក្រតី។
7. ក្នុង1ថ្ងៃអ្នកនឹងបត់ជើងតូចជាញឹកញាប់ ដោយសារតែបរិមាណរបស់ឈាមដែលកើនឡើង ហើយនឹងកើនច្រើនឡើងនៅពេលស្បូនរីកធំឡើងរហូតដល់ពេលប្រសូត។
8. អ្នកនឹងកាន់តែនឿយហត់ឡើងជារឿយៗក្នុងខណៈពេលតាំងគភ៌ តែនឹងមានអារម្មណ៍ថា នឿយហត់ខ្លាំងក្នុងអំឡុងត្រីមាសដំបូង។
9. អ្នកនឹងមានអារម្មណ៍ច្រើនយ៉ាងកើតឡើងក្នុងអំឡុងពេលតាំងគភ៌ ហើយនឹងមានអាការនឿយល្វើយកើតឡើង នឹងធ្ងន់ធ្ងរខ្លាំងក្នុងអំឡុងពេលដំបូង។
10. អ្នកនឹងជួបជាមួយអាការឈឺចាប់ទាំងឡាយ ដូចជា អាការឈឺក្បាល ឈឺខ្នង ឈឺជើង ក្អួតចង្អោរ ហើមដៃជើង និងវិលមុខ។
11. ចំនួន3ភាគ4នៃស្ត្រីមានគភ៌ នឹងមានអាការចាញ់កូនក្នុងអំឡុងត្រីមាសដំបូង ជាពិសេសនៅពេលព្រឹកនឹងមានអាការវិលមុខ និងក្អួតចង្អោរ។
12. អ្នកនឹងចង់ទទួលទានអាហារខ្លាំងជាងមុន តែនឹងទទួលទានអាហារមិនបានច្រើនដូចមុនទេ។
13. អ្នកនឹងមានអារម្មណ៍ដឹងថា កូនរើបំរះពេលអាយុគភ៌បានប្រ-មាណជា16-22សប្តាហ៍ ឬក្នុងអំឡុងត្រីមាសទី2 នៃការតាំងគភ៌។
14. ពេលពោះចាប់ផ្តើមធំ អ្នកនឹងមិនអាចឱនចងខ្សែស្បែកជើងបាន អង្គុយលើកម្រាលឥដ្ឋ ឬកោររោមនៅម្តុំៗជើងបានទេ ដោយសារតែពោះដែលកាន់តែធំឡើងហ្នឹងឯង ហើយនៅពេលពោះធំឡើងអាចធ្វើឱ្យអ្នកដើរបុកវត្ថុរបស់របរនៅក្នុងបន្ទប់ជាញាឹកញាប់ ព្រោះនៅស្មានរយៈចម្ងាយមិនទាន់ត្រូវ។
15. អ្នកគួរសិក្សាពីរឿងការទទួលទានអាហារ ភេសជ្ជៈ និងថ្នាំផ្សេងៗដែលអាចទទួលទានបាន ឬគួរចៀសវាង និងសិក្សាពីរឿងការហាត់ប្រាណផងដែរ។
16. អ្នកគួរប្រឹក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធនឹងរឿងសុខភាព ការតាំងគភ៌របស់អ្នក ជំងឺប្រចាំកាយ ឬជំងឺដែលអាចកើតឡើងបានក្នុងអំឡុងពេលមានគភ៌។
17. អ្នកនឹងពិបាកក្នុងការគេងលក់ និងមានអាការគេងមិនលក់ រឹតតែក្នុងអំឡុងពេលត្រីមាសទី3ផងនោះ នឹងរឹតតែគេងលែងសូវលក់ និងច្រើនតែយល់សប្តិអាក្រក់ ព្រោះតែកើតអាការវិតក្កកង្វល់នឹងអាការជិតប្រសូតហ្នឹងឯង។
18. ស្ត្រីមានគភ៌មួយចំនួននឹងមានអាការសោកសៅស្រងូតស្រងាត់ពេញមួយខណៈពេលតាំងគភ៌ ហើយអាការនេះនឹងរឹតតែធ្ងន់ធ្ងរឡើងនៅពេលប្រសូតរួច។
19. ស្ត្រីមានគភ៌1នាក់ក្នុងចំណោម5នាក់នឹងមានសភាវជ្រៀតជ្រែកផ្សេងៗកើតឡើង ខណៈពេលមានគភ៌ ដូចជា សភាវរលូតកូន និងគភ៌មានជាតិពុលជាដើម។
20. អ្នកគួរតែសិក្សាពីដំណាក់កាលនៃការប្រសូតឱ្យរួចជាស្រេច និងត្រៀមខ្លួនសម្រាប់ការប្រសូតដែលនឹងកើតឡើង។
21. ស្ត្រីមានគភ៌1នាក់ ក្នុងចំណោម5នាក់ នឹងបានដឹងពីសញ្ញាប្រសូតប្រមាណជាក្នុងសប្តាហ៍ទី37 ឬអាការឈឺពោះឱ្យដឹងមុន ដើម្បីប្រាប់ឱ្យដឹងថា ការប្រសូតកំពុងជិតមកដល់ហើយ។
ពេញមួយរយៈពេល9ខែនេះ រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះ គឺជារឿងដែលអ្នកត្រូវជួបនៅពេលអ្នកមានគភ៌ ការសិក្សាពីព័ត៌មានរឿងការតាំងគភ៌ជាអ្វីដែលអ្នកគួរតែត្រៀមខ្លួនឱ្យស្រេច ហើយនៅពេលជួបនឹងអាការខុសប្រក្រតីណាមួយ អ្នកគួរតែប្រញាប់ទៅប្រឹក្សាជាមួយគ្រូពេទ្យជាបន្ទាន់៕