កុំបារម្ភខ្លាំងពេក! ទោះកើតជំងឺឬសដូងបាតពេលមានផ្ទៃពោះ ក៏អាចកាត់បន្ថយបានដែរ

0
1

ឬសដូងបាត គឺជាជំងឺមួយដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះកើតមានបញ្ហាឈឺចាប់ត្រង់តំបន់រន្ធគូថ និងពិបាកបន្ទោរបង់ ជាពិសេសបើលាមករឹង។

ប្រសិនបើអ្នកមានជំងឺឬសដូងបាត តាំងពីមុនពេលមានផ្ទៃពោះ ឬទើបតែចាប់ផ្តើមមានអំឡុងពេលមានផ្ទៃពោះ វាអាចពិបាកក្នុងការព្យាបាលបន្តិច។ ព្រោះ ការប្រើប្រាស់ថ្នាំអំឡុងពេលមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ហេតុនេះ ការប្រើប្រាស់ថ្នាំបានលុះត្រាតែមានការចេញវេជ្ជបញ្ជារពីគ្រូពេទ្យ។

ទោះជាយ៉ាងណា អំឡុងពេលមានផ្ទៃពោះស្ត្រីអាចការពារ និងកាត់បន្ថយជំងឺឬសដូងបាតបាន ដោយគ្រាន់តែព្យាយាមអនុវត្តប៉ុន្មានចំណុចនេះ៖

១.ត្រាំទឹកក្តៅឧណ្ឌៗ

ស្ត្រីមានផ្ទៃពោះ អាចអង្គុយត្រាំនៅក្នុងទឹកក្តៅឧណ្ឌៗរយៈពេល ១០ទៅ១៥នាទី ហើយក្នុងមួយថ្ងៃធ្វើឲ្យបាន ២ទៅ៣ដង វានឹងជួយកាត់បន្ថយការឈឺចាប់ ហើម និងរលាក ដោយសារតែជំងឺឬសដូងបាត។ ម្យ៉ាងវិញទៀត អ្នកអាចប្រើទឹកក មកស្អំជុំវិញតំបន់រន្ធគូថ វាក៏អាចជួយកាត់បន្ថយការឈឺចាប់ និងការហើមផងដែរ។

២.ការសម្អាតរន្ធគូថ

បន្ទាប់ពីរាល់ការបញ្ចេញចោល រន្ធគូថគួរតែត្រូវបានសម្អាតដោយប្រើទឹកស្អាត ឬប្រើសំលីកប្បាសជ្រល់ទឹកជូតសម្អាតថ្នមៗ។ កុំត្រដុសខ្លាំងពេក ព្រោះវានឹងធ្វើឲ្យឈឺចាប់ ហើយហើមកាន់តែខ្លាំង។ លើសពីនេះ អ្នកមិនត្រូវប្រើទឹកអនាម័យលាងសម្អាតរន្ធគូថនោះទេ ព្រោះសារធាតុគីមី ធ្វើឲ្យរលាកកាន់តែខ្លាំង។

៣.ប្រយ័ត្នការទល់លាមក

អ្នកត្រូវញ៉ាំអាហារដែលសម្បូរជាតិសរសៃជានិច្ច ដូចជាបន្លែ ផ្លែឈើ ជាពិសេសនៅពេលល្ងាច។ លើសពីនេះត្រូវទទួលទានទឹក ៨ទៅ១០កែវក្នុងមួយថ្ងៃ ជាពិសេសបន្ទាប់ពីភ្ញាក់ពីគេងព្រឹកព្រលឹម ១០ទៅ១៥នាទី វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល។

៤.ទម្លាប់បន្ទោរបង់ឲ្យទៀងពេល

យ៉ាងហោចណាស់អ្នកត្រូវបន្ទោរបង់ឲ្យបានម្តងក្នុងមួយថ្ងៃ ហើយកុំទុកយូរពេកបើអ្នកឈឺពោះ។ មិនតែប៉ុណ្ណោះអ្នកមិនត្រូវប្រឹងខ្លាំង ហើយអង្គុយលើបង្គន់យូរពេកទេ។

៥.សកម្មភាពដែលគួរកាត់បន្ថយ

ស្ត្រីមានផ្ទៃពោះមិនគួរអង្គុយ​ ឈរយូរៗ ឬលើករបស់ធ្ងន់ៗនោះទេ ព្រោះវាអាចបណ្តោលឲ្យដុំឬសដូងបាតបែក បណ្តោលឲ្យហូរឈាមខ្លាំង។ លើសពីនេះ អ្នកគួរតែគេងផ្អៀងទៅខាងឆ្វេងរៀងរាល់២ទៅ៣ម៉ោងម្តង ឬអង្គុយ ១៥នាទីត្រូវងើបម្តង ដើម្បីកាត់បន្ថយសម្ពាធ។

៦.ធ្វើលំហាត់ប្រាណ

ការធ្វើលំហាត់ប្រាណបានទៀងទាត់ ដូចជាដើរ ឬហែលទឹក ជារៀងរាល់ថ្ងៃ អាចជួយឲ្យប្រព័ន្ធផ្សេងៗនៃរាងកាយ រួមទាំងប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបញ្ចេញចោលដំណើរការបានល្អ។

ការថែទាំប្រព័ន្ធរំលាយអាហារ គឺជារឿងមួយទៀតដែលគួរតែយកចិត្តទុកដាក់ ដើម្បីកុំឲ្យមានជំងឺឬសដូងបាត។ ហើយវិធីសាស្ត្រមួយនេះក៏ត្រូវបានប្រើរហូតដល់ក្រោយពេលសម្រាលកូនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here