ការផ្លាស់ប្តូរអ័រម៉ូនអំឡុងពេលមានផ្ទៃពោះ បានធ្វើឲ្យសរីរាង្គផ្សេងៗនៃរាងកាយមានការប្រែប្រួល សូម្បីតែមាត់ និងធ្មេញក៏ដូចគ្នាដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាបានត្រឹមត្រូវ ស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែស្វែងយល់រឿងទាំងអស់នេះជាមុនសិន។
រោគសញ្ញានៃបញ្ហាមាត់ធ្មេញ
អញ្ចាញធ្មេញហើម៖ កម្រិតអ័រម៉ូន progesterone បានកើនឡើង បណ្តោលឲ្យមានការផ្លាស់ប្តូរសរសៃឈាមតូចៗនៃអញ្ចាញធ្មេញ ហើយទីបំផុតអញ្ចាញធ្មេញនឹងហើម ឬឡើងក្រហម។ ប៉ុន្តែការហើមមិនមានគ្រោះថ្នាក់ទេ បញ្ហានេះអាចបាត់ទៅវិញដោយខ្លួនឯងក្រោយពេលសម្រាលហើយ។
ឈឺធ្មេញ៖ អាស៊ីតពីអាហារដែលអ្នកម្តាយបានញ៉ាំនឹងជាប់នៅតាមចន្លោះធ្មេញ បើអ្នកម្តាយមិនបានធ្វើការសម្អាតក្រោយពេលញ៉ាំ ២០នាទីទេនោះ។ ដូច្នេះប្រសិនបើអ្នកមិនអាចសម្អាតធ្មេញឲ្យហ្មត់ចត់អាចបណ្តោលឲ្យពុកធ្មេញ និងរលាកអញ្ចាញធ្មេញ ជាពិសេសការញ៉ាំអាហារញឹកញាប់ បរិមាណអាស៊ីតនឹងតោងជាប់ធ្មេញកាន់តែច្រើន។
ហូរឈាម៖ ស្នាមប្រឡាក់ដូចជាម្សៅ និងស្ករ នឹងជំរុញឲ្យបាក់តេរីលូតលាស់ជាប់នៅចន្លោះធ្មេញយ៉ាងងាយ ហើយធ្វើឲ្យកំណក់កំបោរកើតមានតាមជើងធ្មេញដែរ។ ការបណ្តែតបណ្តោយយូរទៅ នឹងធ្វើឲ្យមានការរលាកអញ្ចាញធ្មេញ និងហូរឈាមតាមជើងធ្មេញកើតឡើង ហេតុនេះអ្នកម្តាយគួរតែសម្អាតឲ្យបានហ្មត់ចត់ក្រោយពេលញ៉ាំអាហាររួច។
អ្វីដែលអ្នកម្តាយគួរធ្វើនៅពេលមានបញ្ហាធ្មេញកើតឡើង
ទោះបីជាអ្នកមានផ្ទៃពោះក៏ដោយ អ្នកអាចធ្វើការព្យាបាលធ្មេញបានធម្មតា ព្រោះការទុកយូរអាចមានការឈឺចាប់កាន់តែខ្លាំង និងពិបាកថែទាំ។ អ្វីដែលសំខាន់នោះគឺ វាអាចបង្កមេរោគដែលអាចឆ្លងទៅក្នុងចរន្តឈាម និងរាងកាយដល់ទារកបាន។
ពេលវេលាដែលអ្នកម្តាយមិនគួរធ្វើការព្យាបាលធ្មេញ
ក្នុងរយៈពេល៣ខែដំបូង អ្នកម្តាយអាចមានការចាញ់កូន និងក្អួតញឹកញាប់។ ដូច្នេះហើយ អ្នកម្តាយមិនគួរធ្វើធ្មេញនោះទេ ព្រោះវាអាចមានប្រតិកម្មអាឡែកស៊ី ឬក្អួតកាន់តែខ្លាំងជាងមុន។ ម្យ៉ាងវិញទៀតក្នុងរយៈពេល ៣ខែចុងក្រោយ ក៏អ្នកម្តាយមិនគួរធ្វើធ្មេញដូចគ្នា។
ក្នុងករណីដែលអ្នកម្តាយត្រូវដកធ្មេញក៏គួរតែផ្អាកសិនដែរ ព្រោះការដកធ្មេញអាចបណ្តលឲ្យបាត់បង់ឈាមច្រើន ឬប្រើពេលយូរក្នុងការព្យាបាល។ ពេលវេលាល្អបំផុត គឺត្រូវរងចាំការសម្រាលកូនហើយសិនទៅទើបមានសុវត្ថិភាព។
វិធីថែទាំងសុខភាពមាត់ធ្មេញ
១.ទៅជួបគ្រូពេទ្យយ៉ាងហោចណាស់ម្តង ដើម្បីពិនិត្យសុខភាពមាត់ធ្មេញក្នុងអំឡុងពេលមានផ្ទៃពោះ។
២.សម្អាតមាត់ ធ្មេញរបស់អ្នកឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយការឈឺធ្មេញ និងការរលាកអញ្ចាញធ្មេញ។
៣.ដុសសម្អាតធ្មេញរបស់អ្នក បន្ទាប់ពីញ៉ាំអាហារគ្រប់ពេល និងប្រើទឹកថ្នាំខ្ពុរមាត់ជាប្រចាំ។
៤.ជៀសវាងអាហារផ្អែម ព្រោះវាបង្កើនឱកាសនៃការពុកធ្មេញ។
៥.ជៀសវាងការទទួទានអាហារដែលងាយស្អិតជាប់នឹងធ្មេញ ព្រោះវាមិនងាយសម្អាតនោះទេ ហើយអាចក្លាយទៅជាកន្លែងបង្កាត់ពូជរបស់មេរោគថែមទៀត។
៦.បន្ថែមពីនេះ អ្នកម្តាយត្រូវព្យាយាមទទួលទានអាហារដែលមានប្រូតេអ៊ីន កាល់ស្យូម និងផូស្វ័រ ដូចជាទឹកដោះគោជាដើម។ ឬបង្កើនភាពស៊ាំជាមួយនឹងវីតាមីនC ពីបន្លែផ្លែឈើ ដើម្បីការពារបញ្ហារាក់ស៊ីធ្មេញ៕