មានសំនួរជាច្រើនជុំវិញបញ្ហាអាការចាញ់កូន ដែលអ្នកស្ត្រីកំពុងតាំងគភ៌មានមន្ទិលសង្ស័យជាច្រើន ដោយឡែកថ្ងៃនេះ គេហទំព័រ មាតា និង ទារក ឬ Baby and Mom សូមលើកយកបញ្ហានេះមកបកស្រាយជូនទៅតាមសំណូមពរបស់អ្នកម្ដាយទាំងអស់គ្នា។
អ្នកម្ដាយមួយរូបបានឆ្លើយថា ការចាប់ផ្ដើមតាំងគភ៌នៅ 2 ខែ ដំបូងមានអាការចាញ់ខ្លាំងមែនទែន ឃើញអាហារអ្វីក៏ដោយ ឬ សូម្បីតដុសធ្មេញក៏ក្អួតរាល់ថ្ងៃ ។ រហូតដល់សូម្បីតែ ញ៉ាំផ្លែប៉ោម ក៏មានអាការៈស្អុយក្លិន មិនចង់ទទួលទានតែម្ដង ទោះបីដឹងថា មានផលប្រយោជន៍ចំពោះសុខភាពក៏ដោយ ។ តើធ្វើដូចម្ដេចទៅ បើអាការចាញ់ខ្លាំង ឬមិនសូវចាញ់ ណាមួយល្អជាង?
អ្នកម្ដាយម្នាក់ទៀត បានចោទសួរថា នៅពេលបានមានផ្ទៃពោះបាន ១០ សប្ដាហ៍ហើយ គ្មានអាការៈចាញ់កូនសោះ ក៏ប៉ុន្ដែតាំងគភ៌ ១ ខែដំបូង ក៏នៅតែឆ្ងល់ថា ហេតុអ្វីក៏មិនទាន់ចាញ់កូន តើមានអាការខុសប្រក្រតីឬទេ? ការទទួលទានវិញបានគ្រប់យ៉ាង មិនចាញ់ក្លិន មានអារម្មណ៍ថា មិនដូចស្ត្រីទូទៅដែលគេកំពុងមានកូនឡើយ ។
រាល់ចម្ងល់ទាំងអស់ត្រូវតែមានចម្លើយ ដូច្នោះហើយទើបអ្នកជំនាញបានពោលថា អាការចាញ់កូនខ្លាំង ឬមិនសូវចាញ់កូន គឺបណ្ដាលមកពីកត្តាជាច្រើន តែអ្វីដែលសំខាន់ជាងគេនោះគឺ បម្រែបម្រួលរបស់អ័រម៉ូនរបស់ស្ត្រី ដែលមានច្រើន ឬតិច ទៅតាមស្ត្រីជាម្ដាយ ដែលមានរបបជីវិត អ័រមូនផ្សេងៗគ្នា ។ ចំពោះស្ត្រីដែលចាញ់កូនខ្លាំង និងមានបម្រែបម្រួលរាងកាយច្រើន នោះបញ្ជាក់ថា សុខភាពកូនរបស់អ្នកម្ដាយល្អ និងមានភាពឆ្លាតវ៉ៃ ក៏ប៉ុន្ដែ ស្ត្រីដែលមិនសូវមានអាការចាញ់កូន ឬគ្មានតែម្ដង នោះក៏មិនមែនបញ្ជាក់ថា កូនអ្នកមិនឆ្លាតឬ សុខភាពមិនល្អនេះទេ ពោលគឺ កូនមានភាពសម្បូរ និងសម្របតាមសុខភាពម្ដាយទៅវិញទេ ដូច្នោះអ្នកជាម្ដាយត្រូវទទួលទានអាហារដែលមានគុណប្រយោជន៍ និងវីតាមីនឱ្យបានច្រើន ដើម្បីចម្រើនដល់វឌ្ឍានាការលូតលាស់របស់កូនផងដែរ។ ដូច្នោះស្ត្រីតាំងគភ៌ទាំងឡាយ អាចពិចារណាបានហើយថា ករណីណាមួយដែលអ្នកកំពុងស្ថិតនៅក្នុង ហើយគ្មានក្ដីព្រួយបារម្ភ តែទោះបីយ៉ាងណាប្រសិនបើអ្នកម្តាយចាញ់ខ្លាំងរហូតដល់មិនអាចញុំាអ្វីបានទាល់តែសោះ សូមទៅពិគ្រោះជាមួយពេទ្យជំនាញជាបន្ទាន់៕