ឪពុកម្ដាយគួរស្វែងយល់៖ កុមារ និងការគេងមមើ

0
191

វេជ្ជបណ្ឌិតជំនាញៗបានបញ្ជាក់ថា «ការគេងមមើ» បានជះផលអាក្រក់ជាច្រើន ព្រោះវាមិនបានធ្វើការសំរាករបស់អ្នកស្ថិតនៅក្នុងភាពស្ងប់ ហើយអាការគេងមមើនេះ ភាគច្រើនគឺកើតមានឡើងនៅលើក្មេងៗ ច្រើនជាងមនុស្សពេញវ័យ។ នៅថ្ងៃនេះផងដែរ គេហទំព័រ មាតា និងទារក (Baby and Mom) នឹងបង្ហាញឲ្យយល់ច្បាស់អំពី​ការ​គេងមមើរបស់កុមារ មកជំរាបជូន។

ហេតុម្ដេចបានកូន «គេងមមើ»?
អាការមមើរបស់កុមារ អាចបង្ហាញឡើងត្រឹមតែរយៈពេលខ្លីៗប៉ុណ្ណោះ តែក៏ធ្វើឲ្យឪពុកម្តាយកើតក្តីកង្វល់បានដែរ ព្រោះកុមារម្នាក់ៗតែងមានអាការមមើខុសផ្លែកពីគ្នា ធ្វើឲ្យឪពុកម្តាយមិនអាចដឹងបានថា តើកើតមានភាពខុសប្រក្រតីអ្វីឡើងក្នុងពេលដែលកូនតូចកំពុងគេងលក់ និងថែមទាំងមូលហេតុរបស់ការគេងមមើនោះមិនបានបញ្ជាក់ច្បាស់លាស់ថា វាកើតឡើងដោយសារមូលហេតុអ្វីឡើយ ។ តែមានភាពអាចទៅរួចមួយចំនួន ដែលបញ្ជាក់ថាវាអាចកើតឡើងដោយសារភាពជំរុញទាំងខាងក្នុង និងខាងក្រៅរាងកាយដែលកុមារបានទទួល ដូចជា កូនមើលឃើញរូបភាពគួរឲ្យខ្លាច ឬក៏ធ្វើកិច្ចការណាមួយដែលរំភើបខ្លាំងពេក ធ្វើឲ្យចាំជាប់នៅក្នុងចិត្ត រួចយកទៅនឹកនៅក្នុងអំឡុងពេលគេង និងមានចំណុចមួយទៀតនោះគឺ ការវិវឌ្ឍន៍របស់ប្រព័ន្ធប្រសាទ ដែលអាចកើតចំពោះតែលើក្មេងមួយចំនួន ដែលប្រព័ន្ធប្រសាទរីកចំរើនមិនបានពេញទំហឹង ធ្វើឲ្យកើតអាការមមើនៅពេលយប់ ។

កូន «មមើ» ខុសប្រក្រតី?
ការគេងមមើរបស់កុមារគឺជាអាការដែលបង្ហាញឡើងនៅក្នុងពេលគេងលក់ ដោយមិនបានដឹងខ្លួនឡើយ និងអាចគេងមមើបានញឹកញាប់ដូចមនុស្សធំដែរ ។ មិនមែនជាទង្វើដែលមានគ្រោះថ្នាក់ ឬខុសប្រក្រតីអ្វីឡើយ លើកលែងតែក្នុងករណីខ្លះ ដូចជាមមើដើរ អាចធ្វើឲ្យកើតមានឧប្បត្តិហេតុបានឬការគេងលក់មិនបានស្រួល គេងបានតិច អាចធ្វើឲ្យមានផលមិនល្អដល់រឿងសុខភាព គឺ សំរាកមិនបានគ្រប់គ្រាន់ នឹងហុចផលដល់រឿងសមាធិក្នុងការរៀនរបស់កូន ។ ដូច្នេះបើកូនមមើញឹកញាប់ តិចៗមមើ តិចៗមមើ ឬជួនបាត់ ជួនមមើនោះ អ្នកម្តាយគួរទៅប្រឹក្សាជាមួយលោកគ្រូពេទ្យ ព្រោះលទ្ធផលនៃការមមើញឹកញាប់នេះ នឹងប៉ះពាល់ដល់រឿងសុខភាព ។ វិធីដែលល្អគឺ គួរការពារ ឬកែសំរួលទង្វើនេះដោយមានលោកឪពុកអ្នកម្តាយនៅចាំមើលថែទាំ។

បែបណាទៅដែលហៅថា «មមើ»?
មមើស្រែក៖ អាចយំផង ញញឹមផង សើចផង ឬអាចស្រែកយ៉ាងគ្រលួចពីរបីនាទី ឬយូរជាងនេះ ហើយក៏ឈប់ដោយខ្លួនឯង ។
មមើនិយាយ៖ បញ្ចេញសំឡេងស្រែកតិចៗ និយាយរអ៊ូសៗនៅក្នុងបំពង់កឬដល់ថ្នាក់និយាយជារឿងជារ៉ាវ រួចក៏ឈប់ដោយខ្លួនឯង ។
មមើដើរ៖ ច្រើនតែកើតចំពោះក្មេងធំ កូនអាចនឹងដើរជុំវិញក្នុងបន្ទប់ ឬដើរទៅខាងក្រៅបន្ទប់ទាំងមិនដឹងខ្លួន ហើយនៅពេលភ្ញាក់ឡើង មិនចាំអ្វីទាំងអស់ អាចនិយាយបានថាជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះអាចនឹងធ្វើឲ្យកើតឧប្បត្តិហេតុបាន។

កូន «មមើ» ប៉ាម៉ាក់អាចជួយបាន
០១) បើកូនមានអាការមមើក្នុងរយៈពេលខ្លីៗ គ្មានអាការអ្វីផ្សេងលាយឡំជាមួយនោះ គឺមិនបណ្តាលឲ្យមានគ្រោះថ្នាក់អ្វីទេ ការលួងលោម ឬអោប ដើម្បីផ្តល់នូវភាពកក់ក្តៅ និងបំបាត់ក្តីកង្វល់ អាចជួយកូនបានដែរ ។

០២) កាត់បន្ថយការគេងពេលថ្ងៃ ដើម្បីឲ្យកូនបានគេងពេលយប់បានយូរ ព្រោះការគេងពេលថ្ងៃច្រើនពេក ច្រើនតែធ្វើឲ្យកូនមិនព្រមគេង និងក្រោកមកអង្គុយលេង ។

០៣) ចៀសវាងការលេងអាក្រក់ៗ ខ្លាំងៗ នៅពេលថ្ងៃ ជាពិសេសមុនពេលចូលគេង ព្រោះជាការជំរុញអារម្មណ៍កូនជ្រុលពេក ហុចផលឲ្យកូនមានអាការភ្ញាក់ផ្អើល និងគេងមមើនៅពេលយប់ ។

០៤) រកកិច្ចការងារណាសប្បាយៗ សក្តិសមនឹងវ័យរបស់កូនដូចជា និយាយរឿងនិទាន ស្តាប់ចម្រៀង ដើម្បីកាត់បន្ថយភាពភ្ញាក់ផ្អើល បន្ធូរអារម្មណ៍ និងខួរក្បាលមុនពេលចូលគេង ។

០៥) ការធ្វើម៉ាស្សាតាមដងខ្លួន និងកន្លែងផ្សេងៗនៅលើរាងកាយកូន ដើម្បីជាការសំរួល និងបន្ធូរសាច់ដុំ ដែលជាការជួយកាត់បន្ថយអាការតឺងតែងក្នុងអារម្មណ៍បានខ្លះដែរ ។

ទិចនិកងាយៗដោយការរៀបចំបន្ទប់គេងក្នុងបរិយាកាសស្ងប់ស្ងាត់ ស្រឡះ សប្បាយ ដើម្បីឲ្យកូនបានគេងលក់ស្រួល និងស្កប់ស្កល់៖
ការឲ្យកូនតូចគេងសំរាកបានគ្រប់គ្រាន់ និងគេងលក់យ៉ាងមានសេចក្តីសុខនោះ អាចធ្វើបាន ដោយគ្រាន់តែលោកឪពុកអ្នកម្តាយសាងសុខនិស្ស័យការគេងដ៏ល្អដល់កូន ដូចជាការចូលគេង និងភ្ញាក់ពីគេងឲ្យទៀងទាត់ពេលវេលាជានិច្ច ។ កុំបង្ហាត់កូនឲ្យមានទម្លាប់ផឹកទឹកដោះគោកណ្តាលយប់ និងប្រយ័ត្នប្រយ៉ែងចំពោះសុវត្ថិភាពរបស់កូន កែសំរួលសភាពជុំវិញខ្លួនដើម្បីឲ្យមានអំណោយផលល្អដល់ការគេង និងការពារគ្រោះថ្នាក់ដល់កូន ដូចជា បើកូនមមើដើរ គួររៀបចំបន្ទប់ឲ្យបានស្រឡះ ការពារការដើរទៅបុកនឹងវត្ថុផ្សេងៗ ទ្វាបង្អួចត្រូវបិទដាក់គន្លឹះឲ្យជាប់មាំ ដើម្បីកុំឲ្យកូនមមើដើរចេញទៅខាងក្រៅបាន ចៀសវាងការប្រើគ្រែពីរជាន់ និងកុំឲ្យកូនគេងតែម្នាក់ឯងជាដើម ។

ជាពិសេសការសង្កេតមើលភាពខុសប្រក្រតីដែលមានដូចជា កូនគេងមមើញឹកញាប់ គេងញាក់ៗ ឬកន្ត្រាក់ៗ បើឃើញមានអាការបែបនេះ លោកឪពុកអ្នកម្តាយមិនគួរមើលរំលងឡើយ ត្រូវប្រញាប់នាំកូនទៅជួបលោកគ្រូពេទ្យ ដើម្បីពិនិត្យរកមើលមូលហេតុ និងកែបញ្ហានោះជាបន្ទាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here