ជាធម្មតាក្នុងរយៈពេល៩ខែ នៃការមានផ្ទៃពោះ ស្ត្រីនឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំងទាំងអារម្មណ៍ និងរូបរាងកាយខាងក្រៅ។ ក៏ប៉ុន្តែ មានរោគសញ្ញាប្រែប្រួលខុសប្រក្រតីមួយចំនួន ដែលស្ត្រីមិនត្រូវមិនគួរមើលរំលងឡើយ ព្រោះវាអាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ។
១.ធ្លាក់ឈាមតាមទ្វារមាស
ការហូរឈាមក្នុងអំឡុងពេលមានផ្ទៃពោះតិចតួចមិនមែនជាបញ្ហាអ្វីធំដុំនោះទេ ក៏ប៉ុន្តែប្រសិនបើឈាមហូរមកក្នុងបរិមាណច្រើនខុសប្រក្រតី បង្ហាញថា អ្នកអាចត្រូវប្រឈមនឹងការរលូតកូន ឬមានកូនក្រៅស្បូន។
២.ចុកពោះ
ប្រសិនបើអាការឈឺចុកពោះខ្លាំង ហើយមានទីតាំងស្ថិតនៅក្រោមពោះបង្អស់ ក៏អាចជាសញ្ញានៃការរលូតកូនដែរ។
៣.ក្តៅខ្លួនខ្លាំង
អាការក្តៅខ្លួនខ្លាំង ជាសញ្ញានៃការឆ្លងមេរោគ ដែលអាចគំរាមកំហែងដល់ទារកកំពុងតែរីកលូលាស់។
៤.ហូរទឹករំអិលតាមទ្វារមាស
បញ្ហាហូរទឹករំអិលសៗតាមទ្វារមាស ជារោគសញ្ញានៃការឆ្លងមេរោគផ្សិត ឬបាក់តេរី ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនក្នុងផ្ទៃ។
អាស្រ័យហេតុនេះ ប្រសិនបើអ្នកសង្កេតឃើញកើតមានរោគសញ្ញាមួយចំនួនដូចដែលបានរៀបរាប់នៅខាងលើ សូមប្រញាប់ទៅពិភាក្សាជាមួយពេទ្យជំនាញជាបន្ទាន់៕