នៅសល់ 1 ខែទៀតមុនឆ្លងទន្លេ គឺជាអំឡុងពេលនៃការទន្ទឹងរង់ចាំរបស់អ្នកម្តាយមានគភ៌គ្រប់ៗគ្នា ព្រោះទាំងរំភើបចិត្តផង ទាំងត្រេកអរផង ដែលជិតបានឃើញមុខកូនសម្លាញ់ ខណះពេលជាមួយគ្នាក៏មានអារម្មណ៍នឹកខ្លាចចំពោះក្តីឈឺចាប់ដែលនឹងកើតមានឡើង ហើយនិងរឿងផ្សេងៗជាច្រើនទៀត ។ យើងមានតំបូន្មានល្អៗពីលោកគ្រូពេទ្យជំនាញមកជំរាបអ្នកម្តាយថ្មោងថ្មី ដែលនៅមិនទាន់មានបទពិសោធន៍ក្នុងរឿងនេះថា តើត្រូវត្រៀមខ្លួនយ៉ាងណាខ្លះមុនពេលប្រសូត ដូចតទៅ ៖
ឈានចូលដល់ខែទី 9
ក្នុងរយ:ពេលនេះ លោកគ្រូពេទ្យនឹងណាត់ឲ្យទៅពិនិត្យគភ៌កាន់តែញឹកញាប់ឡើងរៀងរាល់សប្តាហ៍ ដើម្បីពិនឹត្យមើលភាពត្រៀមខ្លួនជាស្រេច និងអាការផ្សេងៗដែលកើតមានឡើងថា តើប្រក្រតី ឬក៏អត់? ។ ក្នុងអំឡុងពេលនេះ អ្នកម្តាយនឹងមានអាការឈឺរាងធ្ងន់ៗនៅម្តុំក្រោមភ្ជឹតនៅពេលដើរ ជើងនឹងហើម មានអារម្មណ៍ឈឺផ្សាៗនៅត្រង់ចុងដង្ហើមដោយសារតែអាស៊ីតរំលាយអាហារហូរបញ្រ្ចាស់ឡើង ព្រោះទំហំក្បាលពោះដែលធំឡើង ធ្វើឲ្យក្រពះត្រូវបានរុញឡើងមកលើ អាហារមិនសូវរំលាយ ឆ្អល់ណែនពោះ និងជួនកាលអាចត្រូវភ្ញាក់ឡើងកណ្តាលយប់ព្រោះតែប្រគ្រីវកាច់ជើង រហូតដល់ត្រូវដាស់លោកប្តីឲ្យជួយរឺតជើងឲ្យទៀតផង ។
ត្រៀមខ្លួនជាស្រេច…មុនពេលឆ្លងទន្លេ
ការត្រៀមជាស្រេចទាំងរាងកាយ ផ្លូវចិត្ត និងរបស់របរប្រើប្រាស់ផ្សេងៗ នឹងជួយឲ្យអ្នកម្តាយទៅប្រសូត
បុត្របានយ៉ាងជឿជាក់ក្នុងចិត្ត និងមានអារម្មណ៍ធូរស្រាល តែ…តើត្រូវត្រៀមរឿងអ្វីខ្លះនោះ សូមតាមដានជាបន្ត ។
1 . មន្ទីពេទ្យ
- ប្រឹក្សាជាមួយលោកគ្រូពេទ្យជានិច្ច បើសឹនមានបញ្ហាអ្វីគួរសង្ស័យពាក់ព័ន្ធនឹងគភ៌ ។
- អាចនឹងត្រូវសាកល្បងជិះរថយន្តដើម្បីប៉ាន់ស្មានរយ:ពេលធ្វើតំណើរពីផ្ទះទៅមន្ទីពេទ្យ ឬរកមើលផ្លូវ
ណាផ្សេងដែលងាយស្រួល និងលឿនជាង ទុកបំរុងនៅថ្ងៃឈឺពោះប្រសូតជាស្រេច ។
2 . ត្រៀមរាងកាយ
- ត្រៀមរឿងអាហារហុបចុក គួរបរិភោគអាហារណាដែលមានប្រូតេអ៊ីនច្រើន តែបន្ថយអាហារដែលមានរសជាតិខ្លាំងៗ ដូចជា ប្រៃខ្លាំង ជូរខ្លាំង ជាពិសេស ហិរ ព្រោះវានឹងធ្វើឲ្យអ្នកម្តាយហើម ។ គួរទទួលបន្លែផ្លែឈើរួមជាមួយផង ដើម្បីកាត់បន្ថយអាការណែនឆ្អល់ពោះ ។
- គួរញ៉ាំថ្នាំបំប៉នតាមដែលលោកគ្រូពេទ្យឲ្យមកឲ្យគ្រប់ ដូចជា ថ្នាំបំប៉នលោហិត វិតាមីនរួម និងកាល់ស្យូម ព្រោះក្នុងអំឡុងពេលប្រសូត អ្នកម្តាយត្រូវបាត់បង់ឈាមច្រើន ហើយការញ៉ាំថ្នាំបំប៉ននឹងជួយធ្វើឲ្យអ្នកម្តាយឆាប់ស្រួលខ្លួនឡើងវិញផង ។
- រកទិញរបស់របរប្រើប្រាស់ចាំបាច់ៗ ទាំងរបស់អ្នកម្តាយ និងរបស់កូនតូចទុកជាស្រេច ព្រោះក្រោយពេលប្រសូតរួច អ្នកម្តាយមិនអាចមានពេលទៅដើររកទិញទេ ។
3 . ត្រៀមប្រសូត
ក្នុងករណីដែលអ្នកម្តាយមិនមានលក្ខណះខុសប្រក្រតីខាងរាងកាយ ឬខាងវេជ្ជសាស្រ្តណាដែលតំរូវឲ្យប្រសូតដោយការវះកាត់ទេនោះ អ្នកម្តាយគួរតែប្រសូតតាមវិធីធម្មជាតិ ។ កំណត់ផែនការក្រោយពេលប្រសូត ថាតើត្រូវពន្យាកំណើត(គ្រាវ) ឬយ៉ាងណា បើត្រូវពន្យាកំណើត (គ្រាវ) គួរតែប្រាប់លោកគ្រូពេទ្យឲ្យបានដឹងជាមុន ដើម្បីភាពងាយស្រួលក្នុងការត្រៀមខ្លួនរបស់លោកគ្រូពេទ្យ ។
4 . ត្រៀមចិត្ត ត្រៀមថ្លើម
អ្នកម្តាយត្រូវត្រៀមខ្លួនទប់ទល់នឹងសភាវសោកសៅក្នុងចិត្តដែលអាចកើតឡើងក្រោយពេលប្រសូតរួច ដែលមានដូចជា យំខ្សឹកខ្សួលពេញមួយថ្ងៃ ភ័យខ្លាចប្តីលែងស្រឡាញ់ និងត្រូវបោះបង់ចោល ខ្លាចខ្លួនលែងស្អាតដូចកាលពីពេលមុន ជាដើម និងកុំភ្លេចសួរពីវិធីកែបញ្ហានេះជាមួយលោកគ្រូពេទ្យដើម្បីទុកប្រត្តិបត្តិតាមផង ។
អាការប្រាប់ឲ្យដឹងខ្លួន មុនពេលប្រសូត
- ឈឺពោះយ៉ាងខ្លាំងជាប់ជានិច្ច រៀងរាល់ 3 នាទី និងឈឺម្តងៗប្រហែលជា 40 វិនាទី ។
- មានឈាមចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវទៅមន្ទីពេទ្យដែរ ។
- មានទឹកភ្លោះហូរចេញមកតាមរន្ធស្បូន អាការនេះទោះមិនឈឺពោះក៏ដោយ ក៏ត្រូវប្រញាប់ទៅមន្ទីពេទ្យដែរ ព្រោះថង់ទឹកភ្លោះអាចបែកទៅហើយ បើទុកចោលយូរអាចនឹងធ្វើឲ្យឆ្លងមេរោគបាន ។
សភាវជ្រៀតជ្រែកដែលអាចកើតឡើង
- មានធ្លាក់ឈាម ជាសភាវដែលសុកធ្លាក់ចុះមកទាប ដោយសុកនឹងរំកឹលមកតោងនៅម្តុំមាត់ស្បូន ឬផ្នែកក្រោមរបស់មាត់ស្បូន ធ្វើឲ្យមាត់ស្បូនដាច់រហែក ហើយមានឈាមហូរជ្រាបចេញមក ។
- សម្ពាធឈាមឡើងខ្ពស់ ជាដើមហេតុរបស់សភាវគភ៌មានជាតិពុល នឹងធ្វើឲ្យអ្នកម្តាយហើមជើងហើមមុខ អ្នកខ្លះមានឈឺក្បាលទៀតផង ដែលជាហេតុអាចធ្វើឲ្យអ្នកម្តាយប្រកាច់ ឬសរសៃឈាមក្នុងខួរក្បាលបែកបាន ។
- ទារកលែងសូវរើ ដែលអាចមានមូលហេតុមកពី សុកចាប់ផ្តើមធ្វើការខ្សោយ ឬខ្សែទងសុករុំ-ក ដែលជាគ្រោះថ្នាក់ចំពោះទារកខ្លាំងណាស់ ពេលអ្នកម្តាយជួបអាការដែលរៀបរាប់មកខាងលើនេះ ចូរប្រញាប់ទៅជួបលោកគ្រូពេទ្យភ្លាមជាបន្ទាន់ ។
នៅពេលរាងកាយត្រៀមរួចរាល់ ចិត្តត្រៀមរួចរាល់…ពេលនេះអ្នកម្តាយអាចទៅប្រសូតបុត្រដោយភាពជឿជាក់បានហើយ ។ ក្តីឈឺចាប់ដែលកើតឡើងក្នុងពេលប្រសូត នឹងរលាយបាត់អស់ នៅពេលដែលអ្នកម្តាយបានឃើញមុខកូនសម្លាញ់ និងក្លាយជាក្តីរំភើបសោមនស្សពេញក្នុងចិត្តវិញមិនខាន ។
ត្រៀមសម្ភារ:ចូលមន្ទីសម្ភព
សម្រាប់អ្នកម្តាយ
- ប័ណ្ណពិនិត្យសុខភាពគភ៌ អត្តសញ្ញាណប័ណ្ណ
- សំឡីអនាម័យ និង អាវក្នុងសំពាក់បំបៅកូន
- សម្លៀកបំពាក់អ្នកម្តាយសំរាប់ស្លៀកពេលចេញពីមន្ទីពេទ្យ
- អាហារ និងភេស្ជជះ (ព្រោះក្រោយពេលឆ្លងទន្លេរួច អ្នកម្តាយនឹងឃ្លានខ្លាំងណាស់)
- កូនកាបូបសំរាប់ដាក់គ្រឿងសម្អាង
- កន្សែងជូតមុខ និងកន្សែងពោះគោសំរាប់ជូតខ្លួន
- កាមេរ៉ាថតរូប ក្នុងករណីដែលខាងមន្ទីពេទ្យអនុញ្ញាតិអាចឲ្យថតរូបបាន
សម្រាប់ទារក
- ក្រណាត់កន្ទប
- ខោអាវកូន (សំរាប់ទារកទើបកើត)
- ទឹកសាប៊ូសំរាប់បោកជំរះផ្សេងៗ
- កូនខ្នើយសំរាប់ទ្រាប់ក្បាលកូនពេលបីបំបៅដោះ
- ក្រណាត់ ឬកន្សែងសំរាប់រុំខ្លួនកូនពេលត្រឡប់ទៅផ្ទះវិញ៕