មិនថាអាការនេះនឹងកើតឡើងចំពោះកូនតូច ឬកូនធំនោះទេ លោកឪពុកអ្នកម្តាយត្រូវចេះសង្កេតមើលថា តើខុសប្រក្រតីដែរឬទេ? និងអាការបែបណាដែលត្រូវនាំកូនទៅមន្ទីពេទ្យភ្លាមតែម្តង។ តើអាការគ្រោះថ្នាក់ទាំងនោះមានអ្វីខ្លះ សូមលោកឪពុកអ្នកម្តាយតាមដានជាបន្ត។
1 – ក្តៅខ្លួនលើស 38,5 អង្សាសេលសៀស(អង្សា C ) ៈ បើកូនក្តៅខ្លួនតិចៗ ចូរឱ្យញ៉ាំថ្នាំបញ្ចុះកំដៅ ឬយកក្រណាត់សើមជូតខ្លួនឱ្យត្រជាក់ និងឱ្យញ៉ាំទឹកឱ្យច្រើនដើម្បីសម្រាលអាការ តែបើកូនចាប់ផ្តើមឡើងកម្តៅខ្ពស់ ញ៉ាំអាហារមិនបាន ក្តៅខ្លួនយូរថ្ងៃ ធ្វើយ៉ាងណាក៏កម្តៅមិនថយចុះដែរនោះ ចាំបាច់ត្រូវតែនាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យអាការគ្រុនផ្តាសាយធំ និងអាការជំងឺគ្រុនឈាមភ្លាម។
2 – អាការឈឺចាប់បែបខ្លាំងៗ ៈ ដូចជា ចុកពោះ ឈឺក្បាល បើមានអាការចុកពោះបែបចុកឡើងកោងខ្លួន ក្តាប់ដៃណែនប្រឹងបាតជើងឡើងក្រញ៉ង់ មិនញ៉ាំអាហារ បន្ទោបង់ខុសប្រក្រតី ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការរលាកពោះវៀន ឬរលាកខ្នែងពោះវៀន តែបើមានអាការឈឺក្បាល អាចសង្កេតមើលអាការតាមរយៈ នៅស្ងៀមស្រងូតស្រងាត់ មិនស្រស់ស្រាយ ញ៉ាំអាហារមិនបាន និយាយមិនច្បាស់ ដើរមិនប្រក្រតី អាការបែបនេះអាចធ្ងន់ធ្ងរដល់ថ្នាក់រលាកស្រោមខួរបាន។
3 – ក្អួតចង្អោរ ៈ បើកូនមានអាការក្អួតចង្អោរញឹកញាប់ និងច្រើនឡើងរឿយៗនោះ អាចធ្វើឱ្យខ្វះជាតិទឹកបាន បេះដូងនឹងលោតញាប់ និងមានសម្ពាធធ្លាក់ចុះទាប អាចធ្វើឱ្យគាំងក្រលៀនដែលជារឿងមួយគ្រោះថ្នាក់ណាស់ ហើយបើកូនមានអាការរួមផ្សេងទៀតដូចជា ឈឺក្បាល កម្តៅខ្លួនឡើងខ្ពស់ ប្រកាច់ អាការបែបនេះកូនអាចមានឆ្លងមេរោគក្នុងខួរក្បាល ឬរលាកស្រោមខួរបាន។
4 – ដកដង្ហើមខុសប្រក្រតី ៈ បើកូនមានអាការក្អកដូចមានស្លេស្ម ដកដង្ហើមខុសចង្វាក់ ដកដង្ហើមលឿន ដើមទ្រូងផត បេះដូងលោតញាប់ ខ្លួនឡើងពណ៌ស្វាយ នៅស្ងៀម អាការបែបនេះកូនអាចមានសភាវគាំងប្រព័ន្ធដកដង្ហើម ដែលធ្វើឱ្យស្លាប់បាន។
5 – បន្ទាលត្រអាក ៈ បើជាបន្ទាលត្រអាកទូទៅនឹងកើតតិចៗ និងបំបែកខ្លួន តែបើជាបន្ទាលត្រអាកដែលឡើងក្រាស់ៗ កើត2 – 3 ថ្ងៃហើយក៏នៅតែមិនបាត់ និងថែមទាំងមានអាការរួមផ្សេងទៀតដូចជា ក្តៅខ្លួន ហើម ដកដង្ហើមមិនស្រួល ក្អួត អាការបែបនេះត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យ ព្រោះអាចឆ្លងមេរោគនៅក្នុងឈាម។
អាការទាំង 5 ដែលបានរៀបរាប់មកនេះគឺជាអាការដែលហាក់ដូចជាធ្ងន់ធ្ងរ ក្រែងលោបើឪពុកម្តាយសង្កេតឃើញថាកូនមានអាការបែបនេះ ត្រូវប្រញាប់នាំកូនទៅមន្ទីពេទ្យជាបន្ទាន់កុំបង្អង់យូរ៕