សម្រាប់អ្នកម្តាយថ្មោងថ្មីដែលទើបតែមានកូនតូចជាលើកដំបូង ការបំបៅទឹកដោះកូនគឺជារឿងថ្មីមួយដែលត្រូវដឹង ខាងក្រោមនេះគឺជាចំណេះដឹងក្នុងការបំបៅទឹកដោះកូនឱ្យត្រូវតាមពេលវេលា និងដើម្បីឱ្យកូនតូចបានឆ្អែតគ្រប់គ្រាន់ផង។
គួរឱ្យកូនបៅទឹកដោះទៀងពេលវេលាល្អដែរឬទេ?
អ្នកម្តាយអាចឱ្យកូនបៅទឹកដោះបានញឹកញាប់តាមតម្រូវការរបស់កូន អាចនិយាយបានថា ឃ្លានពេលណាក៏ឱ្យបៅពេលនោះតែម្តង តែភាគច្រើនកូនតូចនឹងបៅទឹកដោះប្រមាណ 8 – 12 ដងក្នុងមួយថ្ងៃដែលវាជាការជួយជំរុញឱ្យទឹកដោះចេញលឿន និងចេញបានច្រើនទៀតផង។ ក្នុងសប្តាហ៍ដំបូងៗ បើកូនតូចគេងលក់យូរជាង 3 ម៉ោង អ្នកម្តាយគួរតែដាស់គុនឡើងមកបៅទឹកដោះផងព្រោះកូនអាចបានទទួលទឹកដោះមិនគ្រប់គ្រាន់ ហើយអ្នកម្តាយខ្លួនឯងក៏អាចនឹងមានបញ្ហារឿងស្ទះទឹកដោះ ឬទឹកដោះថយចុះដូចគ្នា។
យ៉ាងណាក៏ដោយ អ្នកម្តាយមិនចាំបាច់ម៉ឺងម៉ាត់ហ្មត់ចត់ជាមួយនឹងការបំបៅទឹកដោះកូនទៀងពេលវេលាពេកក៏បានដែរ ព្រោះក្នុងមួយពេលៗកូនអាចបៅទឹកដោះបានមិនស្មើគ្នាទេ គ្រាន់តែឧស្សាហ៍សង្កេតមើលថា តើកូនត្រូវការយ៉ាងណា និងពេលណាក៏
គ្រប់គ្រាន់ហើយ។ រយៈពេលក្នុងការបៅទឹកដោះម្តងៗ កូនជាអ្នកកំណត់ដោយខ្លួនឯង ក្មេងខ្លះអាចបៅត្រឹមតែ 10 នាទី តែក្មេងខ្លះអាចយូរជាងនេះ ដូច្នេះហើយទើបអ្នកម្តាយមិនបាច់កំណត់ពេលវេលាទេ។
តើត្រូវឱ្យកូនបៅទឹកដោះម្តាយនៅពេលកណ្តាលយប់ទេ?
អំឡុងពេលដែលកូននៅមានអាយុ 1 – 2 ខែដំបូង ចាំបាច់ត្រូវតែឱ្យបៅទឹកដោះនៅពេលកណ្តាលយប់ ដោយសារតែអ័រម៉ូនប្រូលែកទីនដែលជួយជំរុញការផលិតទឹកដោះមានច្រើននៅពេលកណ្តាលយប់។ ការឱ្យកូនបៅទឹកដោះនៅពេលយប់យ៉ាងតិច 1 ដងជាពិសេសក្នុងអំឡុង 2 – 3 សប្តាហ៍ដំបូង នឹងជួយឱ្យអ័រម៉ូនប្រូលែកទីននៅក្នុងឈាមខ្ពស់គ្រប់ពេលវេលា និងជួយឱ្យការផលិតទឹកដោះដំណើរការទៅយ៉ាងល្អ កូននឹងបានទទួលទឹកដោះយ៉ាងគ្រប់គ្រាន់ និងថែមទាំងជួយការពារការស្ទះទឹកដោះទៀតផង ហើយដើម្បីឱ្យអ្នកម្តាយបានសម្រាកខណៈពេលបំបៅទឹកដោះកូននៅពេលយប់ផងនោះ ឡារ៉ែនសូមណែនាំឱ្យអ្នកម្តាយបំបៅទឹកដោះកូនក្នុងឥរិយាបថគេងផ្អៀង។
នៅពេលកូនអាយុបាន 4 – 5 ខែហើយនោះ ក្រពះរបស់កូននឹងរីកធំឡើង បៅទឹកដោះម្តាយបានកាន់តែច្រើនឡើង និងរយៈពេលនៃការបៅម្តងៗក៏កាន់តែឆ្ងាយពីគ្នា រួមទាំងគេងក៏កាន់តែបានយូរជាងមុនឡើងដែរ(គេងជាប់ៗគ្នា 4 – 5 ម៉ោងដោយមិនងើបមកបៅទឹកដោះឡើយ) ដូច្នេះហើយទើបទារកក្នុងវ័យនេះមិនចាំបាច់ដាស់គេឱ្យងើបមកបៅទឹកដោះពេលយប់ទេ៕