៣ដំណាក់កាល​ក្នុងការ​ប្រសូត​បុត្រ​ដែល​ស្ត្រី​មានគភ៌​គួរ​ចាំ​ឱ្យ​ជាប់​ក្នុង​ចិត្ត​

0

ការតាំង​គភ៌​គឺជា​បទពិសោធ​ដ៏​គួរឱ្យ​អស្ចារ្យ​ម្យ៉ាង​សម្រាប់​អ្នក​ម្តាយ​គ្រប់រូប ទំរាំ​តែ​ពពោះ ថែទាំ​បំប៉ន​គភ៌​មក​យ៉ាង​ល្អ​ដល់​ទៅ9ខែ លុះ​ដល់ពេល​ប្រសូត តើ​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ​នោះ ស្ត្រី​មានគភ៌​គួរតែ​សិក្សា និង​ត្រៀមខ្លួន​ទប់ទល់​នឹង​រឿង​ការ​ប្រសូត3ដំណាក់កាល​នេះ​ឱ្យ​ជាប់​ក្នុង​ចិត្ត។

1       ការពង្រីក​ខ្លួន​របស់​មាត់ស្បូន និង​រង់ចាំ​មាត់ស្បូន​បើក​ឱ្យ​ពេញទំហឹង​សិន 

អំឡុង​ពេលនេះ​អ្នក​ត្រូវ​រង់ចាំ​សិន ពេលវេលា​អាច​នឹង​កន្លងទៅ​យឺត​ខ្លាំងណាស់​សម្រាប់​អ្នក តែ​អ្នក​ក៏​ត្រូវតែ​រង់ចាំ​ឱ្យ​មាត់ស្បូន​បើក​ឱ្យដល់10សង្ទីម៉ែត្រ​សិន​ដែរ។ ការបើក​របស់​មាត់ស្បូន​នឹង​បែង​ចែកជា3រយៈពេល​ដូចតទៅ​នេះ ៖

ចាប់ផ្តើម​ដំបូង​មាត់ស្បូន​នឹង​បើក​ត្រឹមតែ0-4សង្ទីម៉ែត្រ​ប៉ុណ្ណោះ​ហើយ​មាត់ស្បូន​នឹង​បើកជារឿយៗទៅទៀត​ប្រមាណ​ជា1សង់ទីម៉ែត្រ​ក្នុង1ម៉ោង។ ស្ត្រី​មានគភ៌​ខ្លះ​អាច​ត្រូវ​រង់ចាំ​ឱ្យ​មាត់ស្បូន​បើក​ពេញទំហឹង​ប្រមាណ​ជា6-10ម៉ោង ទំរាំ​នឹង​ប្រសូត​បាន អ្នកខ្លះ​ត្រូវ​រង់ចាំ​យូរ​ជាង​នោះ​ទៅទៀត អាស្រ័យ​លើ​បទពិសោធ និង​សភាព​រាងកាយ ហើយ​ពេលនោះ​ក៏​នឹងមាន​អាការ​ឈឺពោះ​ខ្លាំង​ឡើងជារឿយៗ អ្នក​ម្តាយ​ខ្លះ​ទឹកភ្លោះ​អាច​នឹង​បែក​តាំងពី​ពេលនេះ​បាត់ទៅហើយ។

អំឡុងពេល​បន្ទាប់មក​ទៀត មាត់ស្បូន​របស់​អ្នកនឹង​បើក​ចេញ​ប្រមាណ​ជា3-7សង្ទីម៉ែត្រ ហើយ​ការរង់ចាំ​ប្រសូត​បុត្រ​នឹង​នៅសល់​ប្រមាណ​ជា3-6ម៉ោង​ទៀត​ប៉ុណ្ណោះ អាស្រ័យ​លើ​បទ​ពិ-សោធ​របស់​ស្ត្រី​មានគភ៌ម្នាក់ៗ តែ​អ្វីដែល​ប្រាកដ​ច្បាស់​នោះ​គឺ ស្បូន​កំពុងតែ​ច្របាច់​ខ្លួន​យ៉ាងខ្លាំង និង​ញឹកញាប់​ឡើង អាច​នឹង​រៀងរាល់3-5នាទី ហើយ​ស្ត្រី​មានគភ៌​ខ្លះ​អាច​នឹងមាន​ទឹក​រំ​អឹ​ល​លាយ​ឈាម​ពណ៌ផ្កាឈូកៗហូរ​ចេញមក​ទៀតផង។

អំឡុងពេល​ចុងក្រោយ មាត់ស្បូន​បាន​បើក​ដល់10សង្ទីម៉ែត្រ ហើយ​ពេលវេលា​ប្រសូត​បុត្រ​នៅសល់​ត្រឹមតែ20នាទី-2ម៉ោង​ទៀត​ប៉ុណ្ណោះ។ សម្រាប់​ការ​ប្រឹង​ប្រសូត​បុត្រ កូន​នឹង​ចេញមក​លឿន ឬ​យឺត​នោះ​អាស្រ័យ​លើ​ការ​ប្រឹង​របស់​អ្នក​ម្តាយ និង​ចង្វាក់​នៃ​ការ​ប្រឹង។ ក្នុងអំឡុង​ពេលនេះ​ស្បូន​នឹង​ច្របាច់​ខ្លួន​ខ្លាំង​ឡើង និង​ញាប់​ខ្លាំងណាស់ អ្នក​ម្តាយ​ខ្លះ​អាច​នឹង​នឿយហត់ និង​មាន​អាការ​ក្អួតចង្អោរ ឈឺផ្សារ​នៅលើ​មាត់ស្បូន។

2       ខ្យល់​ប្រឹង​ក្នុង​រាងកាយ និង​ការ​ប្រសូត​បុត្រ

ដំណាក់កាល​នេះ​នឹង​ត្រៀម​ជាស្រេច ហើយក៏​ជា​ពេលដែល​មាត់ស្បូន​បើក​ចេញ​យ៉ាង​ពេញទំហឹង​ដែរ។ អ្នក​នឹងមាន​អារម្មណ៍​ដឹង​ពី​ការជំរុញ​យ៉ាងខ្លាំង​ក្លា​ពី​ខាងក្នុង មាន​អារម្មណ៍​ដឹង​ពី​កម្លាំង​រុញច្រាន និង​ដឹង​ពី​ស្បូន​ច្របាច់​ខ្លួន​ខ្លាំងក្លា និង​ញាប់​ឡើង។ ជា​អំឡុង​ពេលដែល​ឈឺចាប់​បំផុត ពេលនេះ​គ្រូពេទ្យ​អាច​នឹង​កាត់​ត្រង់​ប្រឡោះ​មាត់ស្បូន​បន្តិច ដើម្បីឱ្យ​ប្រឡោះ​ស្បូន​បើក​ធំ​ខ្លាំង​ឡើង។ ក្នុងអំឡុង​ពេលដែល​ត្រូវ​ប្រើ​កម្លាំង​ប្រឹង​ប្រសូត​នេះ ពេល​មាន​អារម្មណ៍​ដឹង​ពី​កម្លាំង​រុញច្រាន ឬ​ខ្យល់​ប្រឹង​ក្នុង​រាងកាយ​ហើយ​នោះ ចូរ​អ្នកប្រមូល​កម្លាំង និង​ប្រឹង​ឱ្យ​ពេញទំហឹង​តម្រង់​ចំណុចកណ្តាល​នៃ​ការ​ប្រឹង​ឆ្ពោះ ទៅរក​ទ្វារធំ(រន្ធ​គូទ)។ នៅពេល​មាន​ចង្វាក់​ហើយ ក៏​ប្រឹង​ចេញ​មកឱ្យ​ខ្លាំង​អស់ពី​កម្លាំងកាយ កុំ​ហារ​មាត់ ឬ​បញ្ចេញ​សំឡេង​ស្រែក ព្រោះ​កម្លាំង​ប្រឹង​នឹង​រុញ​ទៅ​ខាងលើ​ធ្វើឱ្យ​ពិបាក​ប្រសូត ហើយ​ត្រូវ​ប្រើពេល​វេលា​យូរ។ ពេល​អ្នក​ប្រឹង​ដើម្បី​ប្រសូត​នឹងមាន​អារម្មណ៍​ថា ផ្នែក​ក្បាល​របស់​កូន​ចេញ​មកហើយ អ្នក​នឹងមាន​អារម្មណ៍​ថា ធូរស្រាល​ឡើង​បន្តិច ដូច្នេះ​ចូរ​រង់ចាំ​គ្រូពេទ្យ​ឱ្យ​សញ្ញា​ម្តងទៀត ដើម្បី​ចាប់ផ្តើម​ប្រឹង​ប្រសូត​ខ្លួន​កូន​ចេញមក​ម្តងទៀត ពេលនោះ​ខ្លួន​របស់​កូន​នឹងរ​អឹ​ល​ចេញមក​ដោយ​ស្រួល និង​មាន​សុវត្ថិភាព។

3       នៅពេល​អ្នក​ប្រសូត​បុត្រ​ចេញមក​ដល់ដៃ​គ្រូពេទ្យ​ហើយ

​គ្រូពេទ្យ​នឹងធ្វើ​ការ​កាត់​ខ្សែ​ទង​ផ្ជឹ​ត​ចេញ និង​ធ្វើការ​សម្អាត​ខ្លួនប្រាណ​ឱ្យ​កូន អ្នក​នឹងមាន​អារម្មណ៍​ដឹង​ពី​កម្លាំង​ប្រឹង​ម្តងទៀត មិនមែន​ព្រោះ​អ្នក​ប្រសូត​កូនភ្លោះ​នោះទេ តែ​អ្នក​ត្រូវ​ប្រសូត​ដុំ​សុក​ចេញមក​ផងដែរ ជា​វិធី​ខាង​ធម្មជាតិ​នៅពេល​ប្រសូត​បុត្រ ហើយក៏​ត្រូវតែ​ប្រសូត​ដុំ​សុក​ចេញមក​ដែរ។ នៅពេល​ប្រសូត​ដុំ​សុក​ចេញមក​ហើយ អ្នក​អាច​នឹងមាន​អារម្មណ៍​ថា មាន​អាការ​រងា​ញ័រ ដែល​វា​ជា​រឿង​ប្រក្រតី ហើយ​បើ​អ្នក​មិនមាន​អារម្មណ៍​ថា​នឿយហត់​ជ្រុល​ពេក​ទេនោះ អ្នក​គួរតែ​សុំឱ្យ​គ្រូពេទ្យ​យក​កូន​មក​ដាក់​នៅលើ​ដើមទ្រូង​របស់​អ្នក និង​ឱ្យ​កូន​ចាប់ផ្តើម​បៅដោះ ដើម្បី​ជំរុញ​ទឹកដោះ​បាន​ភ្លាម​តែម្តង។

អ្នក​ម្តាយ​ខ្លះ​នឹងមាន​បទពិសោធ​ក្នុងការ​ប្រសូត​មិន​ដូចគ្នា​ទេ អ្នកខ្លះ​ក៏​ជួបនឹង​សភាវ​ជ្រៀតជ្រែកផ្សេងៗក្នុងអំឡុងពេល​រង់ចាំ​ប្រសូត​ជាច្រើន​យ៉ាង រហូត​មិនអាច​ប្រសូត​ដោយ​ខ្លួនឯងបាន ត្រូវតែ​ធ្វើការ​វះ​ប្រសូត ដើម្បី​សុវត្ថិភាព​របស់ខ្លួន​អ្នក​ម្តាយ និង​ទារក ដែល​គ្រប់យ៉ាង​ស្ថិតនៅលើ​ការពិចារណា​របស់​គ្រូពេទ្យ​ដោយ​ត្រង់​តែម្តង៕