តើប្រិយមិត្តអ្នកអានធ្លាប់នឹកឆ្ងល់ដែរទេថា តើទារកដែលទើបនឹងកើតអាចសម្លឹងមើលបានឆ្ងាយប៉ុនណា? និងតើទារកចូលចិត្តសម្លឹងមើលអ្វីជាពិសេសដែរឬទេ? ថ្ងៃនេះ មានលទ្ធផលនៃការស្រាវជ្រាវវិភាគមួយដែលអាចបញ្ជាក់ប្រាប់យើងបានអំពីចម្ងល់ទាំងអស់ខាងលើនេះ ៖
បន្ទាប់ពីទារកបានប្រសូតចេញមកហើយ ជាប្រក្រតីទារកអាចសម្លឹងឃើញវត្ថុផ្សេងៗបានក្នុងចម្ងាយ 1 ហ្វ៊ុត និងអាចសម្លឹងមើលមួយកន្លែងបានយូរប្រមាណជា 4 – 10 វិនាទី ហើយការវិវឌ្ឍន៏ទៅមុខនៃការមើលឃើញរបស់ទារកនោះអាចអាចរៀបរៀងជាតំណាក់កាលបានដូចតទៅ ៖
– ទារកទើបនឹងកើតអាចចំណាំមុខឪពុកម្តាយបានក្រោយពេលកើត 4 ថ្ងៃ ។
– លុះអាយុបាន 1ខែ ទារកអាចមើលឃើញរបស់របរផ្សេងៗបានក្នុងចម្ងាយ 15 អ៊ីញ ហើយដៃចាប់ផ្តើមឈោងទៅប៉ះវត្ថុដែលខ្លួនមើលឃើញនោះ ។
– ពេលទារកអាយុបាន 3 ខែ ចាប់ផ្តើមចេះបែងចែករយះចម្ងាយ ឆ្ងាយ ជិតបាន ហើយពេលអាយុ 4 ខែ ទារកអាចសំរួលការមើលឃើញរបស់ខ្លួនបានយ៉ាងពេញលេញ ។
សំនួរដែលជួបប្រទះញឹកញាប់ ៖ តើទារកចូលចិត្តសម្លឹងមើលអ្វីខ្លាំងបំផុត?
មានលទ្ធផលនៃការស្រាវជ្រាវវិភាគរបស់ Dr. Robert Fantz អ្នកស្រាវជ្រាវផ្នែកការប្រព្រឹត្តរបស់ទារកដែលបានសឹក្សារឿងតើទារកចូលចិត្តសម្លឹងមើលអ្វី និងបានធ្វើការសាកល្បងរហូតទទួលបានលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ដូចតទៅ ៖
1 . ទារក ចូលចិត្តសម្លឹងផ្ទៃមុខរបស់ឪពុកម្តាយដែលបង្ហាញនូវសេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ព្រោះពេលដែលទារកសម្លឹងមើលនោះ ទារកនឹងសម្លឹងត្រង់ចំកែវភ្នែករបស់ឪពុក និងម្តាយ ព្រោះស្នាមញញឹម និងខ្សែភ្នែកដ៏ស្រទន់របស់ឪពុកម្តាយបានបង្កើតនូវភាពកក់ក្តៅដល់ទារក ។
2 . ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានចលនាច្រើនជាងវត្ថុដែលនៅស្ងៀម ។
3 . ទារកចូលចិត្តសម្លឹងមើលវត្ថុដែលមានពណ៌ផ្ទុយគ្នាយ៉ាងច្បាស់ៗ ដូចជា ពណ៌សផ្ទុយគ្នានឹងពណ៌ខ្មៅ…ល…។
តើយើងអាចជួយជំរុញការវិវឌ្ឍន៏ប្រព័ន្ធការមើលឃើញរបស់កូនតូចបានតាមរបៀបណា?
ទិចនិកងាយៗដែលឪពុកម្តាយអាចជួយជំរុញការវិវឌ្ឍន៏របស់កូនបានមានដូចខាងក្រោម ៖
1 . ព្យាយាមមើលមុខកូនឲ្យបានញឹកញាប់ ព្រោះកែវភ្នែករបស់មនុស្សមានរាងមូល និងមានភាពផ្ទុយគ្នាយ៉ាងច្បាស់រវាងភ្នែកពណ៌សនិងប្រស្រីភ្នែកពណ៌ខ្មៅ ហើយដែលសំខាន់បំផុតគឺ កែវភ្នែកអាចរំកឹលទៅឆ្វេងស្តាំលើក្រោមបានទៀតផង ។
2 . ផ្លាស់ផ្តូរឥរិយាបទតំណេករបស់កូន ដើម្បីឲ្យទារកបានមើលឃើញសភាពជុំវិញខ្លួនដែលមានការប្រែប្រួល ។
3 . រករូបថតមុខឪពុកម្តាយមកដាក់ក្បែរៗកន្លែងគេងរបស់កូន ដើម្បីឲ្យកូនបានឃើញ និងចំណាំមុខបានកាន់តែឆាប់ឡើង ។
4 . ព្យួររបស់ផ្សេងៗដូចជា រូបបក្សីក្រដាស់ ជាដើមក្នុងចំណុចដែលទារកអាចមើលឃើញ និងលូកដៃចាប់ប៉ះបាន
5 . ព្យយាមលេងជាមួយកូនឲ្យបានញឹកញាប់ ដូចជាឲ្យកូនមើលរូបខ្លួនឯងនៅក្នុងកញ្ចក់ព្រមទាំងនិយាយលេង
ជាមួយកូនផង ។
ហ្វឹកហាត់ការមើលដល់កូនតាំងពីកំណើតបែបនេះ ដល់ពេលធំឡើងនឹងក្លាយជាមនុស្សដែលមានខ្សែភ្នែកមុតស្រួចមិនខាន ៕