កត្តា​ប្រឈម នៃ​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល! Hémorragie du post-partum

0
1

១) អ្វី​ទៅជា​ការ​ធ្លាក់ឈាម​ក្រោយ​សម្រាល?
រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ឡើងទៅ​នោះគេ​ហៅថា​ការធ្លាក់​ឈាម​ក្រោយ​សម្រាល។
ហើយ​បើ​ការ បាត់បង់​ឈាម​ចាប់ពី ១០០០ml នោះគេ​ហៅថា​ការធ្លាក់​ឈាម​កំរិត​ធ្ងន់ធ្ងរ។
ការធ្លាក់​ឈាម​ក្រោយ​សម្រាល​គេ​បែង​ចែកជា ២ប្រភេទ៖
– ការធ្លាក់​ឈាម​ក្រោយ​សម្រាលភ្លាមៗ (Hémorragie du post-partum immédiate): រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ឡើងទៅ​ក្នុងកំឡុងពេល ២៤ម៉ោង​ក្រោយ​សម្រាល។
– ការធ្លាក់​ឈាម​ក្រោយ​សម្រាល​អូសបន្លាយ (Hémorragie du post partum tardive): រាល់​ការបាត់បង់​ឈាម​ដែលមាន​បរិមាណ​ចាប់ពី ៥០០ml ក្នុង​រយៈពេល​លើសពី ២៤ម៉ោង​រហូត ដល់ ៦សប្តាហ៍។

 

ចំណាំ៖ ចំពោះ​ស្ត្រី​ដែលមាន​ភាពស្លេកស្លាំង​នៅពេល​មាន​ផ្ទៃពោះ​គ្រប់​ខែ ទោះជា​ការបាត់បង់​ឈាម​តិចជាង ៥០០ml ក៏​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ផង​ដែល​មិនចាំបាច់​ដល់​តែ​លើសពី ៥០០ml ទេ។

២) មូលហេតុ​នៃ​ការធ្លាក់​ឈាម​ក្រោយ​សម្រាល?
– ស្បូន​ទន់ ឫ​ខ្សោយ​នៅ​ការ​កន្ត្រាក់​រួម​មកវិញ​ក្រោយ​សម្រាល (Atonie utérine 70%)
– ការ​ដាច់​រហែ​កនៅ​តំបន់​ទ្វារមាស តំបន់​មាត់ស្បូន ឫ​តំបន់​ប៉េ​រី​ណេ (Déchirure des filières génitales 20%)
– ការ​នៅសល់​សុក ឫ​កំទេច​សុក​នៅក្នុង​ស្បូន (Rétention placentaire ou débris placentaires 10%)
– វិ​បិ​ត្ត​កំនក​ឈាម (Trouble de coagulation ១%)

 

៣) កត្តា​ប្រឈម (Facteur de risques) ៖
– កត្តា​បណ្តាលមកពី​ស្បូន​រីក​ធំ​ក្នុងកំឡុងពេល​មាន​ផ្ទៃពោះ ដូចជា​ករណី:
• កូន​ថ្លោ​ក (Gros foetus)
• កូនភ្លោះ (Grossesse multiple)
• ទឹកភ្លោះ​ច្រើន (Hydramnios)
– ស្ត្រី​ធ្លាប់​សម្រាលកូន​ច្រើនដង (Multiparité)
– ស្ត្រី​ដែល​ធាត់​ពេក​ពេល​មាន​ផ្ទៃពោះ (Obésité)
– ស្ត្រី​ដែល​ធ្លាប់មាន​ប្រវត្តិ​ដូចជា៖ឈឺពោះ​យូរ, សម្រាល​បុត្រ​លឿន​ពេក,ស្ត្រី​ធ្លាប់​មានការ​ធ្លាក់ឈាម​ក្រោយ​សម្រាល
– ស្ត្រី​ដែលមាន សុក​ពាំង​មាត់ស្បូន (Placenta prévia) មាន​ដុំ​ឈាមកក​នៅ​ពីក្រោយ​សុក (Hématome rétro-placentaire) មាន​ដុំ​សាច់​នៅ​នឹង​ស្បូន (Myome utérin)។
– ស្ត្រី​ដែលមាន​ភាពស្លេកស្លាំង​ក្នុងពេល​មាន​ផ្ទៃពោះ (Anémie maternal)។
– កត្តា​ប្រឈម​មកពី​ការប្រើប្រាស់​ថ្នាំ​មួយចំនួន​Inhibiteur calcique, Bêta-mimétique , Anticoagulants…
– កត្តា​ប្រឈម​មកពី​វិបត្តិ​កំនក​ឈាម​ពី​កំណើត (Trouble de constitutionnel de l’Hémostase congénitale)

 

 

៤) ផលវិបាក​ដែល​ស្ត្រី​អាច​ជួប (Complications)៖
– វិបត្តិ​កំនក​ឈាម​ដែល​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជីវិត
– វិបត្តិ​ផ្លូវ​តម្រងនោម(ខូច​តំរងនោម)
– វិបត្តិ​គ្មាន​កូន

 

៥) ការព្យាបាល (Traitements)៖
– ការព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ជាមួយ និង​ការ​សង្កត់​សរសៃឈាម​អាក់​អក (Aorte)
– ការស្វែងរក​នៅ​កន្លែង​ដែល​រហែ​ករួច ដេរ​ឡើងវិញ
– ការព្យាបាល​ដោយ​ចង​សរសៃឈាម (Ligature vasculaire) និង ចង​ស្បូន​ផ្អិ​ប​ជាប់​គ្នា (Plicature utérine)។
– ការព្យាបាល​ដោយ​កាត់​ស្បូន (Hystérectomie)
– ការព្យាបាល​ដោយ​បាញ់​ផ្ចិត​សរសៃឈាម​អាកទែរ (Embolisation artérielle)។

 

៦) អនុ​សាស្ត្រ​របស់​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត៖
– ស្ត្រី​គួរ​មក​ពិនិត្យ​ផ្ទៃពោះ​អោយបាន​ទៀងទាត់​តាម​ការ​ណាត់​របស់​គ្រូពេទ្យ​ដើម្បីអោយ​គ្រូពេទ្យ​ស្វែងរក​នៅ​កត្តា
ប្រឈម​មួយចំនួន​ដែល​ស្ត្រី​មាននៅ​កំឡុងពេល​មាន​ផ្ទៃពោះ
– ស្ត្រី​គួរ​ញ៉ាំ​ជាតិ​ដែក​អោយបាន​តិច​បំផុត ៩០គ្រាប់ ចំពោះ​ស្ត្រី​ដែល​គ្មាន​ភាពស្លេកស្លាំង​ពីមុន
– ស្ត្រី​មិនត្រូវ​អោយ​ឡើង​ទំងន់​ខ្លួន​ខ្លាំងពេក​ទេ​នៅពេល​មាន​ផ្ទៃពោះ​រហូតដល់​ពេល​គ្រប់​ខែ។ ជាធម្មតា​ស្ត្រី​គួរតែ​ឡើង​ទំងន់​ត្រឹម ១២គីឡូក្រាម នៅពេល​គ្រប់​ខែ។
– ស្ត្រី​គួរ​មក​សម្រាល​បុត្រ​នៅ​កន្លែង​ណា​ដែលមាន​គ្រប់​ជំនាញ និង​សំភារៈ​ចំពោះ​ស្ត្រី​ដែល​គ្រូពេទ្យ​រកឃើញថា​គាត់​មាន​កត្តា​ប្រឈម​នៅពេល​មាន​ផ្ទៃពោះ។

 

ប្រភព៖ Calmette Hospital

 

LEAVE A REPLY

Please enter your comment!
Please enter your name here