ជំងឺគ្រុនផ្តាសាយ មិនត្រឹមតែកើតមានចំពោះកុមារនោះទេ សូម្បីតមនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ ក៏ប្រឈមដូចគ្នាដែរ។
ជំងឺគ្រុនផ្តាសាយ ងាយនឹងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស តាមរយៈផ្លូវដង្ហើម ហើយរោគសញ្ញានឹងបង្ហាញបន្ទាប់ពីការឆ្លង ២ ទៅ ៣ថ្ងៃ ដែលធ្វើឲ្យកុមារហៀរសំបោរ រមាស់ កណ្តោស់ ក្តៅខ្លួន ឈឺក្បាល ក្អក និងរលាកផ្លូវដង្ហើម។
ប្រសិនបើវាកើតឡើងចំពោះស្ត្រីមានផ្ទៃពោះ អាចគំរាមកំហែងដល់សុខភាព ក៏ដូចជាអាយុជីវិតកូននៅក្នុងផ្ទៃផងដែរ ហេតុនេះ ទើបអ្នកជំនាញផ្តល់អនុសាសន៍ឲ្យស្ត្រីមានផ្ទៃពោះទាំងឡាយមានការប្រុងប្រយ័ត្នជានិច្ច។
តើគួរធ្វើដូចម្តេច ដើម្បីទប់ស្តាត់ជំងឺផ្តាសាយកុមារឲ្យមានប្រសិទ្ធភាព?
បើយោងតាមអ្នកឯកទេសផ្នែកសុខភាពបានបង្ហាញថា វិធីល្អបំផុតដើម្បីទប់ស្តាត់ជំងឺគ្រុនផ្តាសាយ អ្នកគួរតែរក្សាអនាម័យរបស់នៅរបស់កុមារឲ្យបានល្អ និងចាក់ថ្នាំបង្ការឲ្យបានត្រឹមត្រូវ។
ក្នុងករណីដែលកុមារ មានសកម្មភាពខុសធម្មតាដូចជា មិនសូវលេងច្រើន មិនសូវញ៉ាំ ឬក្តៅខ្លួនស្ទីងៗ គួរប្រញាប់នាំពួកគេទៅពេទ្យភ្លាមៗ កុំទុកយូរនាំតែពិបាកព្យាបាល៕
វិធីមើលថែទាំទារកទើបនឹងកើត ដំបូន្មានល្អៗដែលអ្នកម្តាយគួរដឹង
បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបថែមនៅក្នុងគ្រួសារហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជាជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃមិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលយើង ជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុងចិត្តមិនតិចក៏ច្រើន ដែរ ព្រោះមិនដឹងថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះ យើងសូមនាំយកវិធីមើលថែទាំកូនតូចទើបនឹងកើតយ៉ាងត្រឹមត្រូវមកជម្រាបជូន ដើម្បីជាប្រយោជន៍សម្រាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម៖
. ងូតទឹកឲ្យកូនតូច
អ្នកគួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ2ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សម្រាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួនកន្សែងជូតខ្លួន និងចានដែកងូតទឹកដែលមានបន្ទះសំណាញ់ការពាររអិល។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មមមិនត្រជាក់ពេក មិនក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសម្រួលខ្លួនជាមុនសិន រួចហើយទើបកក់សក់កូនតូចមុនគេបង្អស់។ សម្រាប់ការងូតទឹកសម្អាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសម្អាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ (គន្លាក់ក្រោមជង្គង់) ក្លៀក និងរន្ធគូទជាដើម។ ចំពោះការងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិនសូវជឿជាក់លើខ្លួនឯងទេនោះ អាចប្រើវិធីងូតទឹក ដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមកជូតសម្អាតខ្លួនកូនតូចក៏បានដែរ។
. ជូតសម្អាតយ៉ាងថ្នមៗ និងទន់ភ្លន់
គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសម្អាតម្តុំផ្ចិត និងអវយវ:ភេទដែលច្រើនកើតមានភាពសើមផ្អាប់ ដូច្នេះគួរធ្វើការជូតសម្អាត ដោយអាល់កុល70% រៀងរាល់លើក ក្រោយពេលងូតទឹករួច រហូតទាល់តែគល់ផ្ចិតជ្រុះ និងផ្ចិតឡើងស្ងួត។ ហាមប្រើម្សៅរោយពីលើផ្ចិតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យឆ្លងមេរោគបាន។ ចំណែកអវយវ:ភេទនិងគូទក៏មិនគួរមើលរំលងដែរ នៅពេលកូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសម្អាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: (ទឹកនោម) និងឧច្ចារ: (លាមក) ដែលប្រឡាក់លើខ្លួន
កូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខដេញទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតផ្តិតឲ្យស្ងួតល្អ បន្ទាប់ពីនោះទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យកូនជាការស្រេច។
. ខោអាវរបស់កូនតូច
គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស សាច់ទន់ដែលខ្យល់អាចចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយជាដើម។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែ ដើម្បីងាយស្រួលក្នុងការស្លៀក និងដោះចេញ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតសម្លៀកបំពាក់ណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច។
. ហាត់សង្កេតសំឡេងយំ និងអាការរបស់កូនតូច
ការបញ្ចេញសំឡេងផ្សេងៗ ទាំងការស្រែកបែបប្រឹង ស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើសម្រាប់ទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ដើម្បីឲ្យអ្នកម្តាយដឹងថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ និងមិនសប្បាយចិត្ត ដោយសារឈឺថ្កាត់ជាដើម។ ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យអ្នកដឹង។
. ទឹកដោះម្តាយសំខាន់បំផុត
ដូចបានដឹងច្បាស់គ្រប់គ្នាហើយថាទឹកដោះម្តាយ គឺជាប្រភពនៃសារជាតិអាហារចម្បងៗរបស់ទារកពេញរយ:ពេល1ឆ្នាំដំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជាភោជនាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជាពិសេសទារកដែលអាយុបាន6សប្តាហ៍ នឹងចាប់ផ្តើមរីកចម្រើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូន សម្លាញ់បានមឹមដោះឲ្យបានច្រើនជាងមុនផងដែរ។
. ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្និទ្ធ
ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធភាពរវាងម្តាយ និងកូនឲ្យកាន់តែ កើនច្រើនឡើង មិនថាតែការកម្រើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យកូនស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធភាពឲ្យកូនញញឹម និងមានសេចក្តីសុខទាំងអស់។
ទោះនៅក្នុងរយ:ពេលដំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសម្របសម្រួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀមខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំង រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសម្រាកគ្រប់គ្រាន់ក៏ដោយ តែការប្រែប្រួលរបស់កូនដែលរីកចម្រើនធំធាត់ជាបណ្តើរៗរៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមដែលបង្ហាញឡើងនៅលើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ ហើយបន្ថែមមកវិញនូវសេចក្តីសុខដល់ក្រុមគ្រួសាររបស់លោកអ្នកជាក់ជាមិនខានឡើយ៕